បើទៅដល់ទឹកដីខេត្តសៀមរាបហើយគួរឈាងទៅសួនកេសរកូលសុខអាន «ភ្នំគូលែន»
សួនកេសរកូលសុខអាន «ភ្នំគូលែន» គឺជាគម្រោងមួយដែលកំពុងតែគាំទ្រពីរដ្ឋ ប៉ុន្តែដើម្បីអោយទីនោះកាន់តែរីកចម្រើន ក៏ត្រូវការគាំទ្រពីប្រជាពលរដ្ឋជាពិសេសគឺទេសចរនានាផងដែរ ដូច្នេះនៅពេលដែលទៅលេងនៅខេត្តសៀមរាបកុំភ្លេចឈាងទៅសួនកេសរកូលនេះ ។
និយាយអំពីកេសរកូលប្រហែលជាមិនសូវមានអ្នកចាប់អារម្មណ៍ទេ ហើយអាចមិនដឹងថា ស្អី តាមពិតទៅ កេសរកូល នេះគឺជាផ្កាអ័គីដេនេះឯង។ ពាក្យថា អ័គីដេដែលយើងនិយមប្រើ នេះតាមពិតទៅគឺជាឈ្មោះបរទេសទេ ខណៈដែលយើងក៏មានឈ្មោះនៅក្នុងស្រុកយើងផងដែរ។
សួនកេសរកូល នេះតាមពិតទៅគឺមានទីតាំងនៅក្នុងឧទ្យានជាតិ «ភ្នំគូលែន» នៅស្រុកបន្ទាយស្រីនេះឯង ទីនោះនៅពេលនេះគឺជាកន្លែងទេសចរណ៍ធម្មជាតិមួយ ប៉ុន្តែមិនសូវ មានអ្នកចាប់អារម្មណច្រើននៅឡើយ ខណៈដែលនៅទីនោះគឺកំពុងតែមាននូវធនធានដ៏មានតម្លៃជាច្រើន ហើយបើបានចូល អាចដឹងអំពីសក្តានុពល និង កាន់តែស្រលាញ់ធម្មជាតិនៅកម្ពុជា មិនខាន ។
នៅលើផ្ទៃដីដែលមានទីតាំងនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីនោះបានកំពុងតែក្លាយជាសួនកេសរកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសថបុរាណ សួនប្រទាលនិងសួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុងប្រទេសកម្ពុជា។
ការឆ្លៀតចូលទៅលេងនៅទីនោះ យើងនឹងអាចដឹងអំពីសក្តានុពលដែលមិននឹងស្មានថា កម្ពុជាយើងនៅសេសសល់ធនធានធម្មជាតិដ៏មានតម្លៃមហាសាលនេះបាន។ ទីនោះនៅពេលនេះ កំពុងតែមានអ្នកជំនាញដែលបានកំណត់អត្តសញ្ញាណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបានគេប៉ាន់ប្រមាណថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ប្រសិនបើយើងបានទៅនៅក្នុងអំឡុងពេលដែលវារីកវិញនោះ យើងពិតជានឹងឃើញសម្រស់ ដ៏ស្រស់ស្អាតរបស់សម្បត្តិធម្មជាតិទាំងនេះ ហើយនៅក្នុងករណីយើងអាចចូលរួមជាវិភាគទាន បន្ថែមម្នាក់បន្តិចទៀតនោះ សកម្មភាពអភិរក្សនិងការពារ ក៏ដូចជាអភិវឌ្ឍមជ្ឈមណ្ឌលសួនកេសរកូល នេះនឹងកាន់តែទាក់ទាញ ។
សរុបមកវិញនៅសៀមរាបមានធនធានច្រើនណាស់ដែលយើងដឹងមិនអស់ ឬអាចថា បានដឹង ប៉ុន្តែហាក់មិនយកចិត្តទុកដាក់ ដែលនោះហើយគឺជាចំណុចខ្សោយរបស់យើង ។ ដោយសារតែយើងមិនចាប់អារម្មណ៍ ហើយមិនឃើញពីតម្លៃរបស់ធនធានទាំងនេះ ដូច្នេះចាប់ពីពេលនេះទៅ គួរតែនាំគ្នា ចូលរួមគាំទ្រ និងឆ្លៀតពេល ចូលលេងចូលគាំទ្រ ដើម្បីឲ្យទីនោះកាន់តែសកម្ម និងកាន់តែមានអត្ថប្រយោជន៍៕