បុណ្យសម្រាកអុំទូទៅណា ? គួរដើរលេងនៅក្នុងស្រុកយើងវិញ !

នៅចុងខែនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នឹងរៀបចំពីថ្ងៃទី​២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ហើយដោយសារតែជាថ្ងៃឈប់សម្រាក សេវាករទេ​សចរណ៍ទាំងនៅក្នុងស្រុក និងក្រៅស្រុកកំពុងតែជំរុញ និងរៀបចំកម្មវិធីទាក់ទាញនានា។​

ទៅណាទៅណីទៅបងប្អូន ? បើគ្រប់ទីកន្លែងគឺសុទ្ធតែស្អាតៗ តែទាំងអស់ ខណៈដែលនៅស្រុកយើងក៏មានរមណីដ្ឋានជាច្រើន កំពុងតែរៀបចំ ហើយសេវាកម្មក៏កំពុងតែបង្កើននិងកែ​លំអរ ដូច្នេះគួរតែយកលុយចាយនិងដើរលេងនៅក្នុងស្រុកយើងវិញល្អជាង ។

ការយកលុយទៅចាយនៅក្នុងស្រុកវាចំណេញច្រើនណាស់ដល់សេដ្ឋកិច្ច ហើយវាដូចជាយក លុយចែកចាយអោយពលរដ្ឋយើងផងដែរ ពីព្រោះនៅស្រុកយើងទោះយើងចាយទៅណា ក៏ចំណូលនេះវាបានមកពលរដ្ឋខ្មែរ ហើយក៏អាចនឹងធ្លាក់ដល់ដៃយើងនិងបងប្អូនយើងវិញ ពោ​លគឺលុយវាវិលទៅវិលមក នៅក្នុងវ័ណ្ឌនៃការចរាចរណ៍ ហើយវាល្អសម្រាប់សេដ្ឋកិច្ចយើងដែរ ។​

ការដែលបងប្អូនយកលុយយើងទៅចាយនៅបរទេសគឺលុយទាំងអស់សឹងតែ ជាង ៨០ ភាគរយហើយធ្លាក់ទៅលើបរទេស ដោយនៅក្នុងនោះ យើងអាចទទួលបានតែថ្លៃដឹកជញ្ជូនបន្តិចបន្តួច ដោយឡែកថ្លៃចាយវាយប្រចាំថ្ងៃដូចជា ការចំណាយលើការគេងស្នាក់នៅ ហូបចុក និង សេវាកម្មផ្សេងៗ គឺនៅលើគេទាំងអស់​ ប៉ុន្តែប្រសិនបើយើងដើរលេងនៅក្នុងស្រុក ការចំណា​យទាំងនេះមូលនៅលើដៃបងប្អូនជាពលរដ្ឋយើង ។​

តាមការស្ទាបស្ទង់សម្រាប់មួយគ្រួសារដែលមានសមាជិក ពី ៤ទៅ ៦ នាក់ ការដើរលេង យ៉ាងហោចណាស់ក៏ចំណាយ ពី ៣០០ ដុល្លារទៅដល់ ១០០០ ដុល្លារក៏មាន ដូច្នេះប្រសិនបើមួយគ្រួសារចាយអស់ប៉ុណ្ណឹង ហើយតើនៅក្នុងមួយបុណ្យអុំទូកនេះ មានពលរដ្ឋប៉ុន្មានគ្រួសារដើរលេង។ ដូច្នេះប្រសិនបើយើងដើរនៅស្រុកក្រៅ លុយចំណាយទាំងនេះធ្លាក់ដល់ដៃពលរដ្ឋស្រុកគេបាត់ ប៉ុន្តែប្រសិនបើនៅស្រុកខ្មែរយើងគឺវានៅស្រុកខ្មែរយើងនឹង ហើយនៅថ្ងៃណាមួយ ចរន្តនេះអាចវិលមករកយើងវិញមិនខាន ពេលខ្លះសូម្បីតែលុយដែលយើងចាយនេះ ក៏វាអាច​នឹងវិលមករកយើងនៅពេលណាមួយក៏អាចមានដែរ ។

សរុបមកវិញអ្វីដែលយើងខ្ញុំលើកឡើងនេះ គឺគ្រាន់តែជាមតិយោបលមួយជ្រុងទេ តែការសម្រេ​ចចិត្តគឺអាស្រ័យនៅលើបងប្អូន ប៉ុន្តែគ្រាន់តែជម្រាបថា នៅក្នុងស្រុកយើងឥឡូវ ​សំបូរកន្លែងដើរ​លេងស្អាតៗ និងមានសេវាកម្មល្អ ហើយក៏ប្លែកច្រើនដែរ៕

 

Daily Program

Livesteam thumbnail