បុណ្យនៃក្តីស្រលាញ់៖ មិនមែនមានន័យត្រឹមផ្កា១ទងនិងសូកូឡា១ប្រអប់ឡើយ

បុណ្យនៃក្តីស្រលាញ់ថ្ងៃទី១៤ខែកុម្ភៈនឹងមកដល់នៅចុងសប្តាហ៍នេះហើយ ដូច្នេះយុវវ័យសូមកុំជ្រួលជ្រើមខូចអនាគតព្រោះតែផ្កាកូលាបមួយទងនិងសូកូឡូមួយប្រអប់នោះ។ ថ្ងៃនោះវាគឺជាថ្ងៃដែលរំលេចពីក្តី ស្រលាញ់ដែលមានទទួលខុសត្រូវ​ ហើយលើកទឹកចិត្តឲ្យយើងករុណា មេត្តា និង ភាតរភាពរវាងគ្នានិងគ្នា ប្រកបដោយសេចក្តីថ្លៃថ្នូរ។​

នៅក្នុងសង្គមសម័យទំនើបនាពេលបច្ចុប្បន្ននេះ បុណ្យនៃក្តីស្រលាញ់ ឬ Valentine’s Day តែងត្រូវយុវវ័យយល់ថា ជាថ្ងៃនៃការប្រគល់សេចក្តីស្រលាញ់និងការលះបង់នឹងសេចក្តីស្នេហាក្រោយទទួលផ្កាកុលាបមួយទង សូកូឡាមួយដុំ កាដូ និងពាក្យសារភាពស្នេហា ប៉ុន្តែតាមពិតទៅ ​អត្ថន័យពិតប្រាកដនៃបុណ្យ​គេឲ្យតម្លៃលើសេចក្តីស្រលាញ់ រវាងគ្នានិងគ្នា ចេះជួយយកអាសារនិងជួយគ្នាទៅវិញទៅមកនៅពេលមានទុកលំបាក។

តាមជំនឿរបស់ព្រះសហគមន៍កាតូលិក មនុស្សជាតិត្រូវបានលើកទឹកចិត្តឲ្យចេះបង្ហាញនូវក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ តាមព្រះគម្ពីរ ព្រះជាម្ចាស់គឺជាប្រភពនៃសេចក្តីស្រលាញ់ ហើយទ្រង់ស្រលាញ់មនុស្សជាតិជាប្រជារាស្រ្តរបស់ទ្រង់គ្រប់ៗគ្នាដោយស្មើភាព ហើយទ្រង់ក៏បានលើកទឹកចិត្តឲ្យមនុស្សជាតិជាពិសេសគ្រិស្តបរិស័ទដែលជាប្រជារាស្រ្តរបស់ទ្រង់ត្រូវនេះបង្ហាញនិងចែករំលែក សេចក្តីស្រលាញ់ចំពោះគ្នាផងដែរ។

សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិគឺធំធេងណាស់ ដូច្នេះហើយព្រះយេស៊ូ ទ្រង់សុខចិត្តរងទុក្ខលំបាកនៅលើឈើឆ្កាង គឺដើម្បីរំដោះបាបដល់ប្រជារាស្រ្តជាទីស្រលាញ់របស់ទ្រង់ទំាងអស់​។​ ព្រោះតែក្តីស្រលាញ់ដោយស្មើភាព ហើយឈានទៅបង្រៀនឱ្យមនុស្សយើងចេះស្រឡាញ់ដោយអត់ធ្មត់ ស្រឡាញ់ដោយការអភ័យទោស និងស្រឡាញ់ដោយការស្មោះត្រង់ ទោះបីជាមានការលំបាកក៏ដោយ។

សេចក្តីស្រលាញ់តាមបំណងរបស់ព្រះជាម្ចាស់ជាចំណងនៃទំនាក់ទំនង ការប្រាស្រ័យទាក់ទងគ្នា និង ការអោយតម្លៃលើការជួយគ្នា លើទំនាក់ទំនងភារតភាព មិនមែនចាំបាច់តែសេចក្តីស្នេហាប្រុស និង ស្រីនោះទេ ប៉ុន្តែជាសេចក្តីស្រលាញ់និងការគោរពនៅក្នុងនាមជាមនុស្សជាតិ ជាបងប្អូន ជាមនុស្សនៅក្នុងសហគមន៍តែមួយ។

ចំពោះសេចក្តីស្រលាញ់រវាងបុរសនិងស្រ្តី វាក៏អាចដែរ តែជាសេចក្តីស្រលាញ់ពិតប្រាកដមិនមែនជាសេចក្តីស្រលាញ់ភ្លើងចំបើងដែលអាចដោះដូរបានត្រឹមតែសម្បត្តិផ្កាកូលាប១ទង់ សូកូឡាមួយប្រអប់និង​អំណោយបន្តិចបន្តួចនោះទេ។ វាគួរតែជាឱកាស ឆ្លុះបញ្ចាំងពីស្នេហាពិតប្រាកដ ដែលមានឫសគល់នៅក្នុងការលះបង់ ការអភ័យទោស និងការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

រូបមន្តនៃស្នេហាដ៏ល្អឥតខ្ចោះមួយគឺមិនមែនវាស់នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នោះទេ​ ប៉ុន្តែវាគួរជាគណនាយ៉ាងច្បាស់តាមរយៈការលះបង់និងការប្តេជ្ញាចិត្តរួមគ្នា គោរពគ្នាអោយតម្លៃគ្នាទៅវិញទៅមក ។​

ជីវិតគ្រួសារ និងអាពាហ៍ពិពាហ៍ ដែលព្រះសហគមន៍កាតូលិកចាត់ទុកថាជាអគ្គសញ្ញាដ៏បរិសុទ្ធ សេចក្តីស្រលាញ់មិនត្រឹមតែជាពាក្យសន្យានៅថ្ងៃរៀបការ ប៉ុន្តែជាការប្តេជ្ញាចិត្តរៀងរាល់ថ្ងៃ ក្នុងការថែរក្សា ការគាំទ្រ និងការរួមទុក្ខរួមសុខហើយរស់នៅជាមួយគ្នាជាមួយពាក្យសច្ចារហូតដល់អស់ជីវិតរៀងៗខ្លួន។

តាមទស្សនៈព្រះសហគមន៍កាតូលិក សេចក្តីស្រលាញ់ពិត គឺស្នេហាដែលធ្វើឱ្យមនុស្សក្លាយជាមនុស្សល្អប្រសើរឡើង និងនាំសង្គមទៅរកសន្តិភាព និងសេចក្តីថ្លៃថ្នូរ មិនមែនជាសេចក្តីស្រលាញ់ដែលផ្ញើវាសនាលើផ្កា សូកូឡា និង កាដូនោះឡើយ៕

Daily Program

Livesteam thumbnail