បាញ់ទឹកប៉ាតម្សៅជាទីគំនួចរបស់យុវជននៅបុណ្យចូលឆ្នាំខាងមុខ តែសូមកុំបង្កហានិភ័យ!

 

ប្រជាប្រិយភាពនៃសកម្មភាពបាញ់ទឹកនិងប៉ាតម្សៅនៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ គឺទំនងជានឹងកាន់តែផុលផុស ប៉ុន្តែយើងខ្ញុំសូមចិត្តម្យ៉ាងគឺកុំប្រើនិងលេងរបស់ណាដែលមានហានិភ័យដល់គេ ។​

នៅពេលនេះនៅក្នុងស្រទាប់យុវវ័យហាក់កំពុងតែមានការផុលផុសនឹងការបញ្ជាទិញកាំភ្លើងបាញ់ទឹក​និងវត្ថុផ្សេងៗសម្រាប់លេងសប្បាយនៅពេលខាងមុខនេះ ដោយកាំភ្លើងបាញ់ទឹកខ្លះគឺមានតម្លៃរាប់សិបដុល្លារ ហើយគេក៏ល្បីថា កាំភ្លើងនោះមានអនុភាពបាញ់បានខ្លាំង ។

ឃើញសកម្មភាពបែបនេះ យើងខ្ញុំសូមចូលរួមជាយោបល់ខ្លះថា រឿងចូលរួមលេងបាញ់ទឹកនិងប៉ាតម្សៅនេះ លេងក៏លេងចុះ ដើម្បីសប្បាយហើយជាព្រឹត្តិការណ៍មួយឆ្នាំមានម្តង ប៉ុន្តែទោះបីជាយ៉ាងណា​ក៏ដោយ យុវជននិងយុវនារីគួរគប្បីកុំប្រើរបស់ណាដែលមានហានិភ័យដល់អ្នកដ៏ទៃ ។

ប្រភេទកាំភ្លើងដែលថ្លៃដែលយុវជននិងយុវនារីមួយចំនួនកំពុងតែចាប់អារម្មណ៍នេះគឺវាអាចគ្រោះថ្នាក់នៅពេលដែលបាញ់ចំមុខ​ ចំភ្នែក ចំត្រចៀក ពោលគឺវាអាចងងឹតមុខពេលបាញចំគេ ហើយក៏អាចនឹងប៉ះពាល់ដល់ភ្នែក ឫក៏ត្រចៀកផងដែរ ដូច្នេះគួរគប្បីកុំអី ។ របស់ដែលយើងគួរលេងគឺត្រឹមតែកាំភ្លើងធម្មតាៗដើម្បីតែសប្បាយទៅបានហើយ កុំចង់ឈ្នះកុំចង់ចាញ់​ កុំចង់ឲ្យគេមានបញ្ហាទៅបានហើយ ។​

ការលេងបាញ់ទឹកប៉ាតម្សៅនេះ ប្រសិនបើត្រឹមតែប្រើផ្តិលជះ ហើយសុំគេស្រួលបួលប៉ាតមិនអីទេ ប៉ុន្តែប្រសិនបើយើងលេងច្រកថង់គប់ ហើយស្រោចឫក៏ចាក់ម្សៅ ឫក៏ប្រើប្រាស់ឧបរកណ៍ដូចជាកាំភ្លើងដែលថ្លៃៗបាញ់បែបនេះគឺគ្រោះថ្នាក់ណាស់ ។

ចូលឆ្នាំយើងលេងគឺដើម្បីសប្បាយប៉ុន្តែប្រសិនបើយើងលេងហើយគេមានទុក្ខគេមានភ័យតើយើងលេងបានប្រយោជន៍អី  ។ ការលេងបែបនោះអាចឲ្យគេមានទុក្ខលំបាក ហើយយើងក៏អាចមានទោសផងដែរ ដូច្នេះគួតែជៀសវាង ។

ដោយឡែកអាជ្ញាធរក៏គួរតែមានវិធានការណ៍លើកកំពស់ឫក៏រិតបន្តឹងក្រុមឈ្មួញដែលនាំចូលរបស់ដែលមានហានិភ័យដល់គេនានានៅក្នុងឱកាសនោះផងដែរ ។​ ឧបករណ៍ណាដែលលេងៅសប្បាយមិនមានផលប៉ះពាល់អីវាមិនអីទេ តែឧបករណ៍ដែលមានពិរុទ្ធគួរតែលើកកំពស់និងទប់ស្កាត់នៅក្នុងគោលបំណងបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដោយប្រការណាមួយ ។

សរុបមកវិញលេងគឺដើម្បីសប្បាយ លេងដើម្បីមិត្តភាព លេងដើម្បីប្រយោជន៍ ប៉ុន្តែបើលេងទៅមានទុក្ខកុំអីល្អជាង ។​ ដើម្បីឲ្យចូលឆ្នាំខាងមុខនេះមានបរិយាកាសប្បាយទាំងអស់គ្នាគួរតែលេងនូវអ្វីដែលមានអំណោយទាន លេងដោយការទទួលខុសត្រូវ ។

Daily Program

Livesteam thumbnail