បន្ទាប់ពីសម្រាកភ្ជុំបិណ្ឌសូមកុំភ្លេចបន្តតាមដានអាកាសធាតុ

អំឡុងពេលភ្ជុំបិណ្ឌដោយសារតែព្យុះទី១៧ បានធ្វើឲ្យកន្លែងខ្លះភ្លៀងធ្លាក់ខ្លាំងកន្លែងខ្លះផ្ទៃមេឃស្រទុំ ស្រួលលេងកំសាន្តឬធ្វើបុណ្យធ្វើទានជួបជុំបងប្អូន ប៉ុន្តែពេលចូលមកវិញ អាកាសធាតុអាចបន្តចោទជាបញ្ហាពីព្រោះតែឥទ្ធិពលព្យុះថ្មីៗបន្ថែមទៀត។
ក្រសួងធនធានទឹកនិងឧតុនិយមបានអះអាងថា ពីថ្ងៃទី ២៦ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា អាកាសធាតុនៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ បាតុភូតផ្គរន្ទះ និងខ្យល់កន្រ្តាក់ពី ៧០ទៅ៨០ ភាគរយ ហើយអាចនឹងប្រែប្រួលថែមទៀត ស្របពេលដែលស្ថានភាពទឹកជំនន់ក៏កំពុងតែមានស្ថានភាគគួរឲ្យយកចិត្តទុកដាក់ផងដែរ។
យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាសម្ពាធទាបដែលកើតនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ នឹងដើរចូលសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា។ ដោយឡែក ព្យុះទី១៩ ឈ្មោះ នេហ្គោរី កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ព្យុះទាំងនេះ ពិសេសព្យុះទី១៨ និងព្យុះទី២០ នឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពល ខ្លាំងមកលើកម្ពុជានោះទេ ប៉ុន្តែកុំភ្លេចឲ្យសោះគឺវា អាចបង្ករឲ្យមានភ្លៀងធ្លាក់ បាតុភូតផ្គរន្ទះ និងខ្យល់កន្រ្តាក់ពី ៧០ទៅ៨០ ភាគរយ ហើយទឹករលកសមុទ្រគឺអាចឡើងដល់ ២,៥០ ម៉ែត្រ។
នៅថ្ងៃទី២៧ខែកញ្ញា តាមការព្យាករណ៍កម្រិតកម្ពស់ទឹកនៅស្ថានីយទន្លេមេគង្គនៅស្ទឹងត្រែងទឹកអាចមានកម្ពស់៨,៣២ ម៉ែត្រ នៅក្រចេះអាចឡើងដល់ ១៨,៧៥ ម៉ែត្រ កំពង់ចាមគឺអាចឡើងដល់១២,៥០ ម៉ែត្រ។ នៅទន្លេបាសាក់ ចតុមុខគឺមានកម្រិតទឹក៨,៤៦ ម៉ែត្រ កោះខែលគឺមានកម្ពស់៧,៤០ ម៉ែត្រ ហើយនៅទន្លេមេគង្គអ្នកលឿង គឺទឹកមានកម្ពស់៥,៩៧ ម៉ែត្រ និងនៅទន្លេសាបព្រែកក្តាម គឺ៧,៦១ ម៉ែត្រ។
កម្រិតទឹកជំនន់នៅតាមស្ថានីយទាំង៧នេះនៅកម្ពុជា គឺនៅក្រោមកម្រិតប្រកាសអាសន្តរង្វង់កន្លះម៉ែត្រទៅ២ម៉ែត្រនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រែប្រួលគឺលឿន។ ក្រៅពីនៅស្ថានីយទាំង៧នេះ កម្ពុជាជាពិសេសពលរដ្ឋនៅតាមព្រំដែនជាប់ឡាវ និង វៀតណាម គឺត្រូវតាមដានកម្រិតទឹកនៅតាមដៃទន្លេបីនៅភូមិភាគឥសាន្តដែលមានដូចជាទន្លេសេសាន សេកុង និង ស្រែពក ដែលជារឿយតែងតែមានគ្រោះមហន្តរាយទឹកជំនន់នេះជាប្រចាំដែរ។
សរុបទៅសូមបន្តលើកកំពស់និងយកចិត្តទុកដាក់លើអាកាសធាតុ ពីព្រោះរហូតដល់ខែវិច្ឆិកាខាងមុខនេះ កម្ពុជាអាចនឹងបន្តរងគ្រោះនឹងការគំរាមកំហែងដោយទឹកជំនន់ ខ្យល់កន្រ្តាក់ និង ផ្គរន្ទះ នៅឡើយទេ។ ការស្វែងយល់នូវព័ត៌មានទាំងនេះអាចនាំដល់ការបង្ការនិងការពារគ្រោះមហន្តរាយធំៗបាន៕
Daily Program
