បទល្មើសព្រហ្មទណ្ឌថយចុះមានអារម្មណ៍យ៉ាងណាដែរ?

ចំនួនបទល្មើសព្រហ្មទណ្ឌដែលបានកត់ត្រាដោយសមត្ថកិច្ចកម្ពុជា បានថយចុះគួរឲ្យកត់សម្គាល់ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយនៃបញ្ហាសន្តិសុខនិងសុវត្ថិភាពនៅក្នុងសង្គមទូទៅនៅក្នុងប្រទេសកម្ពុជា។

តាមអត្ថបទសារព័ត៌មានដែលបានដកស្រង់សម្ដី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឃើញថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។

លោកបានអះអាងថា ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក ដែល​ឆ្នាំ២០២៤មានចំនួន ១.១៥២លើក។

តាមការអះអាង ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ បង្ហាញថា បទល្មើសឧក្រិដ្ឋបានថយចុះ ចំនួន២៩លើក ហើយបទល្មើសមជ្ឈិមបានថយចុះចំនួន២៣៧លើក។

បទល្មើសថយចុះទាំងនោះ មានជាអាទិ៍ដូចជាករណីលួចមានស្ថានទម្ងន់ រំលោភសេពសន្ថវៈ បង្ខាំងមនុស្សជម្រិតទារប្រាក់ លួច ឆក់ មនុស្សឃាតដោយអចេតនា អំពើហិង្សាក្នុងគ្រួសារ ឆបោក រំលោភលើទំនុកចិត្ត និងប្រើអាវុធខុសច្បាប់ជាដើម។

សូមចូលរួមអបអរចំពោះសមិទ្ធផលនេះ ហើយក៏សង្ឃឹមថា សមត្ថកិច្ចនឹងមិនបន្ថយដៃ​បង្រ្កាបបទល្មើសនានានៅក្នុងប្រទេសឡើយ ដើម្បី​លើកកំពស់សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសគឺការគ្រប់គ្រងអាវុធ។

កម្ពុជាបានសន្តិភាពមកជិត៣០ឆ្នាំហើយ បញ្ហាសន្តិសុខនិងសុវត្ថិភាពគួរតែ​លែងជាកង្វល់របស់ប្រជាពលរដ្ឋ​ ប៉ុន្តែទោះបីជាយ៉ាងណា វានៅតែ​ជា​កង្វល់​ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋម្នាក់ៗនៅឡើយ។  

នៅពេលចេញពីផ្ទះ ពលរដ្ឋតែងតែមានអារម្មណ៍រឿងគេគាស់ផ្ទះ ហើយពេលធ្វើដំណើរនិងរក្សាទុកយានយន្តខ្លាចចោរកម្មលួចនេះលួចនោះ ហើយធ្វើដំណើរយប់ព្រលប់នៅតែមានអារម្មណ៍ខ្លាចរអានឹងក្រុមបងតូចបងធំគៀបប្លន់យកសំភារៈ។ល។

ប្រសិនបើស្ថានភាពសុវត្ថិភាពនិងសន្តិសុខកាន់តែធានាបានដោយសមត្ថកិច្ចពីមួយឆ្នាំទៅមួយឆ្នាំដូចជាតួលេខបានបង្ហាញ នោះ​វា​នឹង​ប្រសើរឡើង សម្រាប់​សុវត្ថិភាព​សង្គម និង​កិត្តិនាម​ក្នុងតំបន់។

សរុបទៅយើងខ្ញុំពិតជាសង្ឃឹមថា បញ្ហាសន្តិសុខនិងសុវត្ថិភាពដែលកើតមានឡើងដោយបញ្ហាឧក្រិដ្ឋកម្មនានាដែលរៀបរាប់ខាងលើ នឹងត្រូវកាត់បន្ថយចេញពីសង្គមកម្ពុជាឲ្យនៅសល់កម្រិតតិចតួចបំផុត។​ សូមខិតខំបន្តទៅទៀតដើម្បីវឌ្ឈនភាពសង្គមរបស់យើងទាំងអស់គ្នា៕

 

Daily Program

Livesteam thumbnail