បណ្តុះទស្សនៈបែងចែកវណ្ណៈ នាំ​គ្រោះថ្នាក់ដល់សង្គម

អស់ពីបញ្ហាមួយចូលដល់បញ្ហាមួយ​ហើយសង្គមនឹងរងនូវគ្រោះថ្នាក់ប្រសិនបើគ្រប់គ្នាបណ្តុះនូវទស្សនៈមួយដែលនាំដល់ការបែងចែកវណ្ណៈ​។​

រឿងព្រែកជីកហ្វូណនតេជោ ជារឿងមួយ រឿងគម្រោងអភិវឌ្ឈន៍តំបន់ត្រីកោណនៅកម្ពុជា វៀតណាម ឡាវ ដែលគេហៅថា​ CLV ទើបបន្ថយកំដៅនៅប៉ុន្មានថ្ងៃនេះ ក៏ជារឿងមួយ។ បញ្ហាទាំងនេះមិនសូវជាធ្ងន់ធ្ងរឡើយ ដោយសារតែវាគឺជាព្រឹត្តិការណ៍ ហើយពលរដ្ឋនឹងសាបរលាបគំនិតសង្ស័យបន្តិចៗម្តងនៅពេលដែល ឃើញនូវវឌ្ឈនភាពនៃគម្រោងទាំងនេះ។​

រឿងគម្រោងក្តៅទាំងពីរនេះ រាជរដ្ឋាភិបាលនិងមន្រ្តីសមត្ថកិច្ចជំនាញបានខិតខំណាស់នៅក្នុងការពន្យលពលរដ្ឋនៅក្នុងប្រទេសដើម្បីឲ្យយល់។ ដោយគម្រោងកសាងព្រែកជីកហ្វូណនតេជោ រាជរដ្ឋាភិបាលសុំឲ្យពលរដ្ឋចាំមើសមិទ្ធផលនៅប្រមាណជា ៥ឆ្នាំខាងមុខ ខណៈដែល CLV គឺបានខិតខំបង្ហាញនូវសក្ខីកម្ម និង សកម្មភាព ព្រមទាំងសមិទ្ធកម្មជាក់ស្តែងតាំងពីផ្លូវថ្នល់ និង គម្រោងអភិវឌ្ឈន៍នានា ការកែលំអរជីវភាពពលរដ្ឋផងដែរ។​

គម្រោងនេះនិងគម្រោងដែលបញ្ឆេះតាមព្រឹតិ្តការណ៍គឺអាចនឹងងាយស្រួលនៅក្នុងការដោះស្រាយ ប៉ុន្តែឥឡូវនេះ សង្គមកម្ពុជាទំនងជាអាចនឹងឈានដល់របត់ថ្មីមួយទៀត គឺការបណ្តុះទស្សនៈនៃការបែងចែកវណ្ណៈ។

ការយកសង្គមមកលេងសើចឫធ្វើសកម្មភាពនយោបាយដែលបង្កប់នូវការបែងចែកអំណាចវណ្ណៈ បណ្តុះគំនិតឲ្យស្អប់ កំហឹង ការវែកញែកសង្គមដាច់ចេញពីគ្នាគឺពិតជាគ្រោះថ្នាក់ណាស់

ពាក់ព័ន្ធនឹងបញ្ហានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអតីតអ្នកវិភាគអន្តរជាតិនៅវិទ្យុបារាំងអន្តរជាតិ ក៏បានបង្ហាញនូវការព្រួយបារម្ភ។

សូមកុំលេងសើចនឹងពាក្យនិងទស្សនៈនៃការបែងចែកវណ្ណៈ។ នៅក្នុងប្រវត្តិសាស្រ្តពលរដ្ឋកម្ពុជាជាង៣លាននាក់បានស្លាប់ ហើយប្រទេសធ្លាក់ដល់ក្រោមសូន្យដោយសារតែពាក្យបែកចែកវណ្ណៈនេះ។

ការយកការបែងចែកវណ្ណៈនេះមកដុតសង្គមវាអាចនឹងនាំមកដល់នូវការបែងចែកសមាសភាពនៅក្នុងសង្គមជាផ្នែកៗ ខណៈដែលនៅពេលនេះ គ្រប់គ្នាបានកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាក៏ដោយកាត់បន្ថយគម្លាតសង្គម ដោយព្យាយាមបង្រួមភាពក្រីក្រ បង្កើនសកម្មភាពអភិវឌ្ឈន៍ បង្ខិតនិងពង្រីកសេវាទាំងសង្គមកិច្ច​និងសុខាភិបាលសម្រាប់ជាប្រយោជន៍ទាំងអស់គ្នា។

សរុបមកវិញ សូមកុំលេងសើចនឹងពាក្យបែកចែកវណ្ណៈនេះ ហើយទាំងអ្នកស្របនិងអ្នកប្រឆាំងប្រសិនបើអាចចៀសបានគួរតែចៀសទៅបញ្ហានេះ។ ពាក្យនេះពិតជារសើប ហើយវានឹងកាន់តែរសើបនៅពេលដែលចេះតែនាំគ្នាទៅប៉ះកន្លែងដែលរសើបនេះ ជាបន្តបន្ទាប់។

Daily Program

Livesteam thumbnail