បណ្តាញសង្គមសំបូររឿងAIច្រើន! សូមយកចិត្តទុកដាក់និងប្រុងប្រយ័ត្នផង

នៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះសំបូររឿងវ៉ាងប្លែកៗជាច្រើន ទាំងបានការនិងមិនបានការ រឿងកំប្លែង កើតទុក្ខ ដោយរួមទាំងរឿងគ្រោះថ្នាក់ផងដែរ ហើយចំណុចមួយដែលយើងគួរតែប្រុងប្រយ័ត្នដែរនោះ គឺវត្តមាននៃរឿងវ៉ាវដែលប្រឌិតឡើងដោយបញ្ញាសិប្បនិម្មិតឬ AI។

ឥឡូវនេះសំបូរណាស់រឿងរ៉ាវដែលត្រូវបានមនុស្សប្រើប្រាស់ AI ប្រឌិតហើយកាឡៃឡើងរួចផ្សព្វផ្សាយ នៅលើបណ្តាញសង្គមយ៉ាងទូលំទូលាយរហូតដល់យើងពិបាកនៅក្នុងការកំណត់និងវិនិច្ឆ័យថា រឿង​នោះគឺជារឿងប្រឌិតឬក៏ជារឿងពិត។

សម័យនេះ ពិតនិងមិនពិត ក្លែងក្លាយឬជាក់ស្តែងគឺពិបាកបែងចែកណាស់ ជាពិសេសកម្មវិធីដំណើរការដោយAI តាមកម្មវិធីមួយចំនួនដែលគេបានបង្កើតឡើង ហើយដាក់ឲ្យមនុស្សនានាប្រើប្រាស់វាឡើង។

នៅសម័យនេះ មនុស្សជាច្រើនចេះប្រើប្រាស់ AI ទាំងមនុស្សខូចដែលគិតតែផលប្រយោជន៍បង្កើតនេះបង្កើតនោះក្រោមចេតនាអារម្មណ៍ណាមួយ ដើម្បីបំពេញតាមមហិច្ឆិតា ឬ ក៏គោលបំណងដែលពួកគេចង់បាន  និង ទាំងមនុស្សដែលមានតួនាទី ហើយរិះគិតនៅក្នុងការទប់ស្កាត់ ឬកាត់បន្ថយ ផលប៉ះពាល់នានា ដែលកើតមានឡើង។

នៅពេលនេះមិនអាចលេងសើចបានទេ រូបថតមួយសន្លឹក ពេលគេប្រើកម្មវិធី AI គេអាចទាញឲ្យរូបនោះឲ្យសើចគឺសើចបាន យំគឺយំ ញាក់ភ្នែកគឺញាក់បានតាមការដែលគេចង់បាន ហើយការប្រើប្រាស់នេះងាយស្រួលបំផុតសំខាន់ឲ្យតែស្គាល់កម្មវិធីនឹងស្វែងយល់របៀបប្រើប្រាស់តែបន្តិច។

នៅក្នុងស្ថានភាពបែបនេះ​រាល់ការទទួលបានព័ត៌មាននានានៅលើបណ្តាញសង្គមសូមប្រុងប្រយ័ត្ន និង ធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ប្រយ័ត្នមានបញ្ហាឬគ្រោះថ្នាក់ព្រោះតែការផ្សព្វផ្សាយទាំងអស់នោះ។

នៅលើពិភពលោកដែលកំពុងតែមានបញ្ហារញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់ ប្រទេសធំវាយប្រហារប្រទេសតូចតាច មនុស្សចាប់ផ្តើមប្រើប្រាស់ច្បាប់ព្រៃនិងច្បាប់ធម្មជាតិយកមក ដោះស្រាយបញ្ហា វារឹតតែតម្រូវឲ្យយើងលើកកំពស់ការប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំងមួយកម្រិតថែមទៀត ជាពិសេសរាល់សកម្មភាពនានា ដោយសារតែគេអាចប្រើប្រាស់ AI ទៅបន្លែបន្លំបោកប្រាស់ ដើម្បីហេតុផលដូចដែលបានលើកឡើងខាងលើ។​

សរុបទៅដើម្បីបញ្ចៀសគ្រោះថ្នាក់ នៅក្នុងសម័យដែល AI កំពុងតែអុកឡុកខ្លាំងនាពេលបច្ចុប្បន្ននេះ នៅពេលដែលទទួលបានព័ត៌មានពីបណ្តាញសង្គមហើយ មុននឹងជឿជាក់ សូមធ្វើព្យាយាមស្វែងរកប្រភព ដែលទុកចិត្ត ដែលមានជារបស់រដ្ឋាភិបាល ឬ អាជ្ញាធរផ្លូវការបញ្ជាក់ផង។ ការទទួលបានហើយជឿជាក់ព័ត៌មានដែលខ្វះការផ្ទៀតផ្ទាត់វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដល់ខ្លួនយើង និង សង្គមទាំងមូល៕

 

Daily Program

Livesteam thumbnail