បណ្តាញសង្គមជាច្រកចេញដ៏សំខាន់របស់អ្នកក្រ និងគ្មានសំឡេង
បណ្តាញសង្គមក្រៅពីជាប្រភពនៃព័ត៌មានដែលបំពុលសង្គមក៏នៅមានព័ត៌មានដែលមានប្រយោជន៍ច្រើន ហើយវាក៏ជាច្រកចេញដ៏សំខាន់របស់អ្នកក្រនិងអ្នកដែលគ្មានឱកាសនានា អាចប្រើប្រាស់ច្នៃចេញជាប្រយោជន៍បាន ។
តាមពិតទៅបណ្តាញសង្គមគឺត្រូវបានបង្កើតឡើងនៅក្នុងហេតុផលដ៏ល្អបំផុតពោលគឺជំរុញការតភ្ជាប់ និងលើកកំពស់ក៏ដូចជំរុញអោយមនុស្សកាន់តែមានឱកាស និងបង្កបរិយាកាសផ្សេងៗដែលវិជ្ជមានដល់សង្គម ប៉ុន្តែអ្នកប្រើប្រាស់ទេដែលប្រើវាទៅតាមគោលដៅដែលខ្លួនចងបាន ហើយពេលខ្លះរហូតដល់ប្រើប្រាស់វាដើម្បីបំពុលសង្គម។
នៅក្នុងករណីដែលយើងប្រើប្រាស់វានៅក្នុងហេតុផលដើម្បីល្អ គឺវាជួយច្រើន ហើយវាក៏មានប្រយោជន៍ច្រើនករណីដូចជាបុរសម្នាក់ដែលគាត់ដាំនិងប្រមូលផលប៉េងប៉ោះបានច្រើន តែឈ្មួញកណ្តាលខូចបន្ទាបតម្លៃរបស់គាត់ គឺគាត់បានយកបញ្ហាមកបង្ហាញនៅលើបណ្តាញសង្គម មានអីត្រឹមតែរយៈពេលប៉ុន្មានថ្ងៃផលនៃប៉េងប៉ោះដែលឈ្មួញកណ្តាលបន្ទាប គឺបានលក់អស់នៅក្នុងតម្លៃមួយសមរម្យ។
ករណីមួយទៀតដូចជាករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តទំនើបបុកកីឡាករលំដាប់អាស៊ានស្លាប់ថ្មីៗនេះក៏ទទួលបានពន្លឺតាមប្រព័ន្ធច្បាប់ ក៏ដោយសារតែបណ្តាញសង្គម។ ហើយក្រៅពីនេះនៅមានករណីផ្សេងៗដែលមានប្រយោជន៍ជាច្រើនទៀតដែលគេបានក្លាយពីមនុស្សដែលបរាជ័យមកជាមនុស្សជោគជ័យម្នាក់ដោយសារតែបណ្តាញសង្គម។
មួយវិញទៀតមនុស្សមួយចំនួនដែលពីមុននៅក្នុងស្ថានភាពមួយផ្សេងដោយសារតែបណ្តាញសង្គម គឺពួកគេបានក្លាយជាអ្នកមានមុខមានមាត់នៅក្នុងសង្គម ក៏ដោយសារតែបណ្តាញ សង្គម ស្របពេលដែលមានបុគ្គលមួយចំនូន ព្រោះតែចង់បាននិងចេះប្រើប្រាស់បណ្តាញសង្គមនេះជ្រុល គឺប្រើប្រាស់វាខុសគោលដៅដោយប្រើប្រាស់វាបង្ហោះនេះបង្ហោះនោះខុសច្បាប់ ហើយបង្ករជាពិរុទ្ធឫក៏មានទុក្ខទោសក៏ដោយសារតែបណ្តាញសង្គមនេះដែរ។
បុគ្គលខ្លះទៀតក៏បានប្រើប្រាស់បណ្តាញសង្គមនេះដើម្បីបរិហារកេរ្តិ៍ខុសពីការពិត ខ្លះបានប្រើប្រាស់វាគឺជាវេទិកាជេគ្នា ដោយប្រើប្រាស់ពាក្យពេជន៍អសុរស ខ្វះសីលធម៌ក៏មានច្រើនផងដែរ ដូច្នេះសូមប្រុងប្រយ័ត្ន។
សរុបមកវិញបណ្តាញសង្គមជាអាវុធមុខពីរ ប៉ុន្តែដើម្បីឲ្យវាមានប្រយោជន៍យើងគួរតែនាំគ្នាយកតែព័ត៌មានណាដែលល្អ ព័ត៌មានណាដែលពិត ព័ត៌មានណាដែលមានអំណះអំណាង ព័ត៌មានណាដែលត្រឹមត្រូវ និង ព័ត៌មានដែលមានផលប្រយោជន៍នោះសង្គមយើងនឹងរីកចម្រើន។
សូមកុំយកបណ្តាញសង្គមជាច្រកបម្រើឆន្ទះនយោបាយនិងក្រឡុកស្ថានការណ៍ សង្គម នោះសង្គមនឹងហ្វឹកហ្វ ដូច្នេះសូមជួយគ្នាមួយដៃមួយជើងដើម្បីសង្គមយើងពោរពេញ ដោយចំណុចវិជ្ជមាន៕