បញ្ហាក្មេងទំនើងកាន់តែសាហាវ គប្បីយកចិត្តទុកដាក់ទាំងអស់គ្នា !

បញ្ហាក្មេងទំនើងដូចជាកាន់តែអាក្រក់និងសាហាវទោះបីជាការបង្រ្កាបត្រូវបានធ្វើជាបន្តបន្ទាប់ដោយសមត្ថកិច្ចក៏ដោយ ប៉ុន្តែសញ្ញានៃការថមថយហាក់មិនទាន់ឃើញនោះទេ ដូច្នេះ​យើងទាំងអស់គ្នាចាំបាច់​ត្រូវតែពង្រឹងនិងយកចិត្តទុកដាក់ទាំងអស់គ្នា។​

តាមសេចក្តីរាយការណ៍​របស់សារព័ត៌មានមួយចំនួនដោយរួមទាំងការចែករំលែកនៅលើបណ្តាញសង្គម មួយករណីដែលកើតឡើងកាលពីវេលាម៉ោង២២ និង ៣០ នាទីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះគឺរឹតតែបញ្ជាក់ពីគ្រោះថ្នាក់នៃបញ្ហានេះ។

តាមអ្វីដែលចុះផ្សាយបានឲ្យដឹងថា ខណៈពេលដែលសមត្ថកិច្ចចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ សមត្ថកិច្ចក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់នឹងផ្លូវជាតិលេខ១ដោយដាច់ក្បាល ហើយមានក្រុមក្មេងស្ទាវចំនួន៤នាក់នៅនឹងកន្លែងកើតហេតុ។ 

សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរ ដោយពួកគេទាំងនោះជាយុវជនក្មេងៗហើយម្នាក់នៅក្នុងចំណោមនោះ បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់១នាក់និងរបួស១នាក់យ៉ាង​ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះ មិនទាន់​ដឹងមូល​ហេតុអ្វីឲ្យពិតប្រាកដនោះទេ ប៉ុន្តែវាគឺជាសក្ខីកម្មមួយដែលឆ្លុះបញ្ចំាងថា បញ្ហាក្មេងទំនើងនេះគឺកាន់តែអាក្រក់ ខណៈដែលសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការក្តៅៗជាបន្តបន្ទាប់។ ត្រង់ចំណុចនេះ វាបញ្ជាក់ថា បញ្ហាក្មេងទំនើងមិនអាចធ្វើតែសមត្ថកិច្ចនោះទេ គឺលុះត្រា​ចូលរួមនិងខិតខំទាំងអស់គ្នា។

បញ្ហានេះជាបញ្ហាសង្គមរួមដែលចាំបាច់​ចូលរួមពីប្រជាពលរដ្ឋ ពីគ្រួសារ ពីសហគមន៍ ពីសាលារៀន ។ ប្រជាពលរដ្ឋគួរ​​យកចិត្តទុកដាក់អប់រំកូននៅតាមគ្រួសារ ហើយសហគមន៍ ក៏គួរតែ​លើកកំពស់បញ្ហានេះ និយាយអប់រំ និង រាយការណ៍អំពីសកម្មភាពមិនប្រក្រតីណាមួយទៅសមត្ថកិច្ច។ 

សរុបទៅបញ្ហានេះជាបញ្ហារបស់យើង ដូច្នេះយើងគួរតែយកចិត្តទុកដាក់លើបញ្ហានេះទាំងអស់គ្នា។ ឪពុកម្តាយដែលជាប្រជាពលរដ្ឋគួរតែយកចិត្តទុកដាក់ចំណាយពេលវេលាអប់រំកូនៗ និងចូលរួមកុំអោយពួកគេលង់ខ្លួន​ក្នុងអំពើដ៏សាហាវ។ សហគមន៍គួរលើកទឹកចិត្តយុវជន យល់អំពីតម្លៃនៃសេចក្តីស្រលាញ់ តម្លៃនៃការរាប់អាន មិនមែនការចងគំនុំនិងការប្រឡងប្រណាំងអំពើពាលាផឹកស៊ីនោះទេ។ សាលារៀនគួរតែផ្តល់ការអប់រំ អំពី​តម្លៃនៃពលរដ្ឋល្អ កូនល្អ មិត្តល្អ ដល់យុវជន ខណៈដែលសមត្ថកិច្ចគួរតែបន្តលើកកំពស់ការបង្រ្កាបនិងចូលរួមពួត​ដៃជាមួយនឹងប្រជាពលរដ្ឋក្នុង​សហគមន៍និងសាលារៀនអប់រំអំពីបញ្ហានេះដល់យុវជន៕

Daily Program

Livesteam thumbnail