បង្ការរឿងផិតក្បត់ដោយការជជែកគ្នាដោយត្រង់ៗ !
រឿងផិតក្បត់នៅក្នុងសង្គមកម្ពុជាមានកាន់តែច្រើន ហើយបច្ចុប្បន្ននេះដោយសារតែមធ្យោបាយនៃការផ្សព្វផ្សាយកាន់តែទូលំទូលាយនាំឲ្យការនិយាយអំពីបញ្ហានេះគឺកាន់តែបើកចំហរនិងកាន់តែគឃ្លើននៅ លើបណ្តាញសង្គម ដែលជារូបភាពមិនគួរកើតមានទាល់តែសោះ ។
រហូតមកដល់ពេលនេះ ការសម្រេចចិត្តរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធដែលរៀបការដោយស្របច្បាប់ តាមប្រពៃណីគឺសឹងតែគ្មានការបង្ខំរៀបការដូចជាសម័យមុនឡើយ ។ ការសម្រេចចិត្តចាប់ដៃគ្នាបង្កើតគ្រួសារ ភាគច្រើនលើសលុប គឺដោយការស្ម័គ្រចិត្ត និងការស្រលាញ់ ក៏ដូចជាស្ម័គ្រស្មោះទាំងពីរភាគី ប៉ុន្តែហេតុអ្វីបានជាក្រោយពេលដែលរួបរស់ជាមួយគ្នាមួយរយៈ ក៏ចាប់ផ្តើមមានបញ្ហារកាំរកូស មានបញ្ហាទំនាស់ ហើយរហូតដល់មានបញ្ហាផិតក្បត់គ្នា ។
បញ្ហាផឹកក្បត់គ្នានៅពេលនេះគឺកាន់តែទូលំទូលាយ ហើយមិនថា ប្រុស ឬស្រីនោះទេ ឲ្យតែមានបញ្ហាផិត ក្បត់ហើយដៃគូតាមទាន់ គឺរមែងមានការថត មានការផ្សាយបន្តផ្ទាល់ពេញបណ្តាញសង្គម ផ្ទាល់ៗខ្លួន ហើយដល់ពេលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនឃើញក៏យកមកផុសយកមកផលិតជារឿងជារឿយៗ ដែល បញ្ហានេះមិនគួរកើតមាននៅក្នុងសង្គមកម្ពុជាទាល់តែសោះ ។
ជាទូទៅមកដល់ពេលនេះការផិតការក្បត់នេះវាបណ្តាលមកពីបញ្ហាជាច្រើន ។ វាអាចបណ្តាលមកពីការអស់ចិត្ត ហើយវាអាចក៏បណ្តាលមកពីការមិនយល់ចិត្តគ្នា ឬក៏វាអាចបណ្តាលមកពីការខកចិត្តគ្នា ។ បញ្ហានេះវាសម្ងំនៅក្នុងចិត្តងំទៅៗ ក៏ឈានដល់ការផិតក្បិត។ មូលហេតុនៃការផិតក្បត់នេះ វាអាចមាន រួមផ្សំជាច្រើនកត្តា គឺតាំងពីបញ្ហាកត្តាជីវសាស្រ្ត បញ្ហាកត្តាផ្លូវភេទ បញ្ហាកត្តាផ្លូវចិត្ត បញ្ហាកត្តាខ្វះសុភមង្គល ហើយវាក៏អាចបណ្តាមកពីកត្តា ខ្វះការនិយាយខ្វះការពិភាក្សាគ្នា ខ្វះកាត់ពិគ្រោះគ្នាដោយចំហរ។
ទោះបីជាអំពើផិតក្បត់នេះវាកើតមានឡើងដោយកត្តាណាក៏ដោយ ក៏យើងខ្ញុំគិតថា ដើមចមសំខាន់គឺដោយសារតែភាគីទាំងសងខាង គឺទាំងប្រុសនិងស្រីនៅក្នុងភេទសម្ព័ន្ទនៃបញ្ហា គឺដោយសារតែមូលហេតុ គឺខ្វះការអង្គុយនិយាយ ឬពិភាក្សាគ្នា។
ដើម្បីកាត់បន្ថយបញ្ហាទាក់ទងនឹងការផិតក្បត់នេះបន្តកើតមានឡើងតទៅទៀតនៅក្នុងសង្គមកម្ពុជា គូស្វាមីអភិយានានា មិនថាចាស់ មិនថាក្មេក មិនថាអាយុណាទេ គួរតែនិយាយគ្នាដោយចំហរកុំអៀន កុំខ្មាស់។
ការនិយាយបង្ហើបអំពីគោលបំណង ឫការចង់បាន ឬក៏អារម្មណ៍ពិតរវាងគ្នានឹងគ្នា ហើយទាំងបុរសនិងស្រ្តី នៅក្នុងទំនាក់ទំនងគ្រួសារអាចជួយបំពេញបញ្ហានឹងគ្នា ហើយដាក់ការអត់ធ្មត់ជាមួយគ្នា យើងខ្ញុំគិតថា វាគឺជាដំណោះស្រាយមួយដ៏ប្រសើរ ។ សូមជជែកគ្នាដោយស្មោះត្រង់ ពីព្រោះថា កាលណាដែលយើងសម្រេចចិត្តចាប់ដៃគ្នាជាគួរជីវិតហើយ មានន័យថា គូស្វាមីនិងភរិយាសឹងតែមានជីវិតតែមួយ ដូច្នេះ លើសលួសខ្វះខាតគួរតែពិភាក្សាគ្នា និយាយគ្នា រកមូលហេតុ ភាគីទាំងពីរជួយបំពេញអោយគ្នា នោះ អ្វីៗនឹងកាន់តែប្រសើរ៕