បងប្អូនអ្នកលក់ទុរេន សូមរក្សាភាពស្មោះត្រង់ !​ កុំចេះតែយករបស់នេះរបស់នោះមកលក់ឲ្យគេហូប

ខណៈដែលទុរេនដែលជាផ្លែឈើដ៏មានតម្លៃបំផុតលក់ពេញផ្សារនៅរាជធានីភ្នំពេញនៅក្នុងតម្លៃសមរម្យ អ្នកលក់ភាគច្រើនសុទ្ធតែអួតថា ទុរេនរបស់ខ្លួនមកពីនេះមកពីនោះ ស្របពេលដែលប្រភពខ្លះបានលើក ឡើងថា វាអាចជាទុរេនដែលចាល់នៅក្នុងប្រទេសជិតខាងព្រោះនាំចេញមិនចេញដោយសារតែជាប់បម្រាមភូតគាមអនាម័យដែលចិនហាមឃាត់ ។

ពាក់ព័ន្ធនឹងប្រភពទុរេននេះ សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ដែលជាសហគមន៍មានចំការទុរេនច្រើនហើយក៏ល្បីល្បាញថា មានរស់ជាតិឈ្ងុញឆ្ងាញ់ពិសារបានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ តាមរយៈលិខិតចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ​។​

សហគមន៍នេះបានអះអាងថា ដោយសង្កេតឃើញថា នាពេលកន្លងមកមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានីខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថា ជាទុរេនមានប្រភពមកពីបែកអន្លូង ដល់អ្នកបរិភោគ ជាពិសេសនៅតាមបណ្តាញសង្គម​វាពិតជាធ្វើឲ្យប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីបែកអន្លូងនេះទាំងមូល ។​

សហគមន៍នេះបានប្រកាសថា ទុរេនដែលដាំនៅចំការនៅបែកអន្លូងគឺមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេ ចំពោះពូជទុរេនមាន់ថង ហើយករណីទុរេនម៉ាន់ថង ដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុត ដែលមិនអាចដាក់លក់ឫផ្សាយលក់យ៉ាងច្រើនឫដល់បរិមាណរាប់តោននោះបានឡើយ  ។​

សហគមន៍នេះក៏បានដាក់ការសង្ស័យដែរថា ទុរេនដែលគេកំពុងតែដាក់លក់ទាំងនេះអាចជាទុរេនមិនមានប្រភពពិតប្រាកដ ឫអាចជាទុរេននាំចូលមកពីប្រទេសជិតខាងដែលចិនមិនអនុញ្ញាតិឲ្យនាំចូល ដោយសារតែក្តីបារម្ភអំពីផលប៉ះពាល់នៃសុខភាពរបស់អ្នកបរិភោគ ។​

ផ្អែកលើព័ត៌មាននេះយើងខ្ញុំសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងពិនិត្យឲ្យច្បាស់លាស់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ។​

មកដល់ពេលនេះទុរេនជាផ្លែឈើប្រចាំរដូវដែលពលរដ្ឋភាគច្រើននិយមចូលចិត្តបំផុត ទោះជាវាមានតម្លៃថ្លៃក៏ម្នាក់ៗចូលចិត្តដែរ ដូច្នេះនៅក្នុងករណីដែលមានជនខិលខូចបន្លែបន្លំយកផលិតផលទុរេនក្លែងក្លាយមកបែបនេះវាធ្វើឲ្យខូចដល់អ្នកដែលដាំដំណាំនេះ ហើយវាក៏ខូចសុខភាពដល់អ្នកដែលទទួលទានទុរេនផងដែរ ។

ដូចដែលយើងដឹងហើយថា សព្វថ្ងៃនេះមហារីកកើតមានច្រើនណាស់ ហើយហេតុផលចំបងមួយក៏មានដោយសារតែការទទលទានអាហារដែលមានសាធាតុគីមីដែរ ដូច្នេះ​យើងខ្ញុំសង្ឃឹមថា អ្នកដែលលក់គឺត្រូវស្មោះត្រង់ ហើយសមត្ថកិច្ចគួរតែលើកកំពស់ការត្រួតពិនិត្យផងដែរ ដើម្បីចូលរួមទាំងអស់គ្នា ។​​

Daily Program

Livesteam thumbnail