បងប្អូនអ្នកនាំចូលសូមស្មោះត្រង់ កុំបន្លែបន្លំទំនិញមកពីណាដាក់មកពីនឹងទៅ !

មួយរយៈនេះ មានអ្នករកស៊ីមិនសុចរិតជាច្រើនបានបន្លែបន្លំគ្រប់យ៉ាងតាំងពីគុណភាព ស្លាកយីហោ កែកាលបរិច្ឆេទ ហើយថ្មីៗនេះស្របពេលដែលមាននិន្នាការមិនប្រើប្រាស់ផលិតនាំចូលពីថៃក៏មានអ្នកដែលបន្លែបន្លំនាំចូលមកជាបន្តបន្ទាប់។
សូមស្មោះត្រង់អស់លោក/លោកស្រីប្រភពផលិតផលមកពីណាដាក់ប្រភពដាក់អក្សរឲ្យគេឲ្យច្បាស់ៗទៅ។ បើទំនិញ ឬផលិតផលនោះមកពីថៃគឺឲ្យដឹងថៃទៅ បើវារបស់វៀតណាមគឺឲ្យដឹងវៀតណាម ហើយបើចិនគឺឲ្យដឹងថាជាផលិតផលចិន។ នៅក្នុងករណីវាគឺជាផលិតផលនៅក្នុងស្រុកផលិតដោយពលរដ្ឋកម្ពុជាយើងដាក់ឲ្យគេដឹងទៅ កុំបន្លែកុំបន្លំ។
សព្វថ្ងៃនេះមានទំនិញជាច្រើនត្រូវបានគេលើកឡើងនឹងចែកចាយព្រោងព្រាតថា មានការលួចកែបាកូតបញ្ជាក់ប្រភពដើមទំនិញ ហើយមិនតែប៉ុណ្ណោះ ផលិតផលខ្លះដាក់សុទ្ធតែអក្សរខ្មែរ ប៉ុន្តែដល់អានលំអិតទៅបានដឹងថា ផលិតនៅថៃ។
មកដល់ពេលនេះក្រៅពីប្រេងឥន្ធនៈ និងបន្លែក៏ដូចជាផ្លែឈើដែលកម្ពុជាចេញបម្រាមនាំពីថៃ ក្រៅពីនោះអាជ្ញាធរកម្ពុជាមិនបានហាមឃាត់ទេ គ្រាន់តែមានចលនាជាតិនិយមមិនប្រើប្រាស់ផលិតផលថៃ ក្រោយពេលដែលថៃបានប្រពឹត្តអំពើឈ្លានពានលើអធិបតេយ្យភាពកម្ពុជាត្រង់ៗ សូម្បីតែកន្លែងខ្លះ ពលរដ្ឋកម្ពុជានៅពេញក៏ពួកគេមកយកបន្លាលួសព័ទ្ធយកដីយកផ្ទះពលរដ្ឋខ្មែរដែលពួកគេកំពុងតែរស់នៅ ផងដែរ។
ដោយសារតែសកម្មភាពនេះហើយទើបមានចលនាជាតិនិយមដោយនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញ ឬផលិតផលថៃ។
តាមច្បាប់ពាណិជ្ជកម្ម យើងអាចមិនមានសិទ្ធិហាមឃាត់មិនអោយគេយកទំនិញយើងចូលនោះទេ ប៉ុន្តែយើងមានជម្រើសនៅក្នុងការសម្រេចចិត្តទិញ ឬមិនទិញ ហើយប្រើប្រាស់ ឬមិនប្រើប្រាស់។ ប៉ុន្តែអ្វីដែលខុសគឺក្រុមអ្នកដែលរកស៊ីមិនស្របច្បាប់ ទៅកែប្រែបាកូដ កែប្រែប្រភពទំនិញ កែប្រែឈ្មោះផលិតផល ដោយថាមកពីប្រទេសនេះប្រទេសនោះ បំបាំងប្រភពដើមនៃផលិតផល។
សកម្មភាពក្លែងបន្លំនេះហើយដែលខុសច្បាប់ធ្ងន់ធ្ងរតែម្តង គឺទីមួយក្លែងបន្លំទំនិញគេ ទីពីរបោកប្រាស់អ្នកប្រើប្រាស់ ហើយក៏អាចនឹងប្រឈមមុខនឹងការរកស៊ីមិនត្រឹមត្រូវ ដែលត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់។
សូមបញ្ឈប់ទៅហើយរកស៊ីដោយស្មោះត្រង់ របស់ពីណាដាក់មកពីទីនោះទៅ ពលរដ្ឋប្រើប្រាស់ ឬអត់ទុកឲ្យប្រជាពលរដ្ឋគាត់សម្រេចចិត្ត។ នៅក្នុងករណីយើងក្លែងបន្លំគឺយើងបោកប្រាស់ខ្លួនឯង បោកប្រាស់អតិថិជន និងប្រជាជនខ្លួនឯង។ អ្នកដែលក្លែងបន្លំបែបនេះគួរតែផ្តន្ទាទោស ដោយមិនលើកលែង៕
Daily Program
