បងប្អូនអ្នកដឹកជញ្ជូនអាហារនិងភេសជ្ជៈតាមអេបសូមគិតពីសុវត្ថិភាពផង !
វាមិនទាំងអស់ទេ ប៉ុន្តែជាទូទៅមានច្រើនណាស់បងប្អូនអ្នកដឹកជញ្ជូនតាមអេប ដែល មិនគោរពច្បាប់ចរាចរណ៍ ហើយមិនតែប៉ុណ្ណោះការបើកបរក៏លឿន ហើយមិនសូវមានការប្រុងប្រយ័ត្នឡើយ ។
ជាទូទៅបងប្អូនអ្នកដឹកជញ្ជូនតាមអេប ពេលខ្លះមិនមើលផ្លូវទេ គឺសម្លឹងមើលទូរស័ព្ទ ខណៈដែលល្បឿនវិញដូចប្លេកបន្ទោរ ឆាបគេឆាបឯង គឺដឹងតែលឿនដើម្បីបំពេញចិត្តអតិថិជន ហើយក៏អាចថា ដើម្បីដឹកជញ្ជូនបានម៉ូយច្រើនផងដែរ ។
ជាការពិតសម្រាប់បងប្អូនដែលដឹកជញ្ជូនពិតជាត្រូវធ្វើយ៉ាងណាឲ្យសេវាកម្មកាន់តែរហ័សកាន់តែទាន់ចិត្តអតិថិជនដែលបានបញ្ជាទំនិញ អាហារក៏ដូចជាភេសជ្ជៈគឺរិតតែពេញចិត្តហើយប៉ុន្តែសូមគិតពី គ្រោះថ្នាក់ចំពោះខ្លួនឯង និង អ្នកដទៃនៅលើផ្លូវ។
គេគោរពច្បាប់គេបើកបរមើលឆ្វេងមើលស្តាំ គេគោរពច្បាប់ចរាចរណ៍គេគោរពគំនូសកាត់ទទឹងផ្លូវ និង ផ្លាសសញ្ញាបញ្ជាចរាចរណ៍ផ្សេងៗ ប៉ុន្តែដល់ប៉ះបងប្អូនអ្នកដឹកគិតតែលឿនគិតតែសេវាកម្ម រហ័សល្មើសចំណុចទាំងនេះ ក្រៅពីផ្តល់ទុក្ខទោសដល់ខ្លួនឯងហើយនោះ គឺនៅផ្តល់ទុក្ខទោសដល់អ្នកដទៃនៅក្នុង ហេតុការណ៍នេះផងដែរ ។
បងប្អូនអាចលឿនបាន ប៉ុន្តែត្រូវមើលមុខមើលក្រោយ មើលឆ្វេងមើលស្តាំ និង មើលផ្លូវ មិនមែនមើលតែនៅលើអេក្រង់ទូរស័ព្ទសម្លឹងផ្លូវនិងគោលដៅដែលអតិថិជនបញ្ជាទិញឡើយ ។ បងប្អូនគួរតែ គោរពច្បាប់ចរាចរណ៍ មើលផ្លូវបញ្ច្រាស គោរពភ្លើងបញ្ជាចរាចរណ៍ ឲ្យបានច្បាស់លាស់ ។ បងប្អូនកុំគិតតែល្បឿន សូមគិតអំពីសុវត្ថិភាពខ្លួនយើងនិងអ្នកដែល អាចរងគ្រោះគឺមានច្រើន ។ សូមកុំមើលស្រាល សុវត្ថិភាព ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង ឬពិការភាព អ្នកដទៃក៏អាចមានដែរ ដូច្នេះគួរតែលៃលកសម្របសម្រួល ហើយលើកកំពស់ពេលបម្រើសេវាកម្មនេះ។
សូមលើកកំពស់ការបើកបរនិងស្មារតីនៃការប្រុងប្រយ័ត្នឲ្យបានច្បាស់លាស់ បើមិនដូច្នេះទេយើងក៏គ្រោះថ្នាក់ អ្នកដទៃក៏មានគ្រោះថ្នាក់ដូច្នេះដើម្បីបញ្ជៀសកុំអោយជីវិតយើងត្រូវមករងនូវិប្បដិសារី អស់មួយជីវិតនោះ ។ លុយ និង សេវាកម្មល្អនណារក៏ចង់បានដែរ ប៉ុន្តែប្រសិនបើយើងប្រហែសមានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យភ្លាមៗ កុំគិតថា លុយដែលយើងខំសន្សំនេះអាចរ៉ាប់រងការចំណាយលើការព្យាបាល និងការខូចខាតទ្រព្យសម្បត្តិគឺអាចធ្ងន់ធ្ងរ ។
សរុបទៅសូមលើកកំពស់សុវត្ថិភាព ហើយបងប្អូនគួរតែប្រើប្រាស់និងគ្រប់គ្រងល្បឿនឲ្យសមស្រប ។ យើងទាំងអស់គ្នាត្រូវតែចងចាំថា គ្មានផ្លូវណាមួយដែលមានសុវត្ថិភាព នៅពេលដែលអ្នកដែលបើកបរ ឬប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ មិនចេះយោគយល់ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ហើយប្រើប្រាស់ទ្រូងផ្លូវដោយច្បាប់ដោយសណ្តាប់ធ្នាប់ត្រឹមត្រូវ វាពិតជាមានអត្ថប្រយោជន៍ណាស់៕