បងប្អូនពលករពេលបរិយាកាសការងារមិនទម្លាប់សូមស៊ូទ្រាំបន្តិច !

ជាមួយនឹងគម្រោងវិនិយោគថ្មីៗដែលកម្ពុជាទទួលបានជាបន្តបន្ទាប់តាំងពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ គឺឃើញថា មានឱកាសច្រើនដែរដើម្បីផ្តល់ការងារជូនពលករនិងពលការនីយើងដែលបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវិញក្រោយវិបត្តិនៃព្រំដែនមិនទាន់ដោះស្រាយ។
តាមសេចក្តីរាយការណ៍នានា ពលករខ្មែរដែលបានធ្វើការនៅថៃហើយបានចាកចេញមកមាតុប្រទេសវិញគឺអាចមានលើពី៣០ ទៅ៤០ ម៉ឺននាក់ ដែលចំនួននេះគឺវាប្រហាក់ប្រហែលជាត្រូវគ្នានឹងបរិមាណការងារដែល កម្ពុជាអាចបង្កើតបានពីគម្រោងវិនិយោគនានាដែលកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងថា ជាមួយនឹងតួរលេខដែលប្រកាសសម្រាប់រយៈពេល ៧ខែដើមឆ្នាំ ដែលកម្ពុជាអាចទាក់ទាញគម្រោងវិនិយោគសរុប៤៤០ គម្រោងក្រោមទុនវិនិយោគជាង៦,៧ ពាន់លានដុល្លារ និង គម្រោងថ្មីដែលកំពុងទទួលភ្លើងខៀវនៅខែសីហា ១៣គម្រោងមានទឹកប្រាក់ ជាង ៩៩ លានដុល្លារ គឺអាចបង្កើតការងារធ្វើជូនពលរដ្ឋសរុបប្រមាណជាជិត៣២ ម៉ឺននាក់ហើយ។
ជាមួយនឹងគម្រោងទាំងនេះ គឺអាចនឹងផ្តល់ការងារធ្វើដល់ពលករចំណាកស្រុកយើងបានមួយចំនួនធំ បូកផ្សំនិងកម្លាំងការងារដែលនៅទំនេរខ្លះ គឺពិតជាអាចផ្តល់ការងារធ្វើបាន ប៉ុន្តែអ្វីដែលបារម្ភគឺវាអាចពាក់ព័ន្ធនឹងរឿងប្រាក់ខែ លក្ខខណ្ឌក៏ដូចជាបរិយាកាសការងារ ជាពិសេសគឺទម្លាប់ការងារ។
ជាទូទៅកម្រិតប្រាក់ខែនៅក្នុងស្រុកវាអាចទាបជាងនៅថៃ ហើយបរិយាកាសវាអាចខុសពីកន្លែងការងារចាស់របស់បងប្អូនដែលធ្លាប់ធ្វើពីមុន ប៉ុន្តែយើងខ្ញុំសូមគិតថា បងប្អូនគួរតែអត់ធ្មត់ហើយខិតខំស្វ័យដកបទពិសោធន និងរៀនទម្លាប់ ការងារដែលមាន។
បងប្អូនមានការងារធ្វើគឺប្រសើរជាងអត់ការងារ ពីព្រោះតែពេលអត់ការងារធ្វើគឺវិបាកផ្នែកជីវភាពមួយ ដែលគួរតែយកចិត្តទុកដាក់។ បងប្អូនយើងដែលវិលមកវិញ សម្រាប់អ្នកដែលធ្វើការនៅរោងចក្រឧស្សាហកម្ម សង្ឃឹមថា មិនសូវខុសគ្នាទេ ប៉ុន្តែសម្រាប់បងប្អូនដែលធ្វើការនៅការដ្ឋានសំណង់ ជាកម្មករតាមចំការ ជាអ្នកបម្រើការលក់រាយ អាចលំបាកបន្តិច។
ប៉ុន្តែសូមតស៊ូអត់ធ្មត់ហើយខិតខំប្រឹងប្រែងបន្សាំនឹងបរិយាកាសការងារថ្មី ដើម្បីទទួលបានបទពិសោធន៍ថ្មី។ បងប្អូនសូមអំណត់និងប្រឹងប្រែង ពីព្រោះមានតែការអំណត់ តស៊ូប្រឹងប្រែងទេ ដែលអាចឲ្យបងប្អូន អាចបន្តចូលរួមកសាងសង្គមជីវភាពគ្រួសារបងប្អូនបន្តទៀតបាន។
នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ឲ្យតែមានការងារធ្វើមានប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិតទោះជាការងារនោះលំបាកប៉ុណ្ណាសូមសូទ្រាំ ហើយអត់ធ្នត់ធ្វើសិនចាំបានថ្មីចាំផ្លាស់ប្តូរ។ សូមកុំបោះបង់ឱកាស ឫមើលស្រាលការងារដែលខ្លួនទទួល។ ការងារនៅក្នុងស្រុកក៏ប្រសើពីព្រោះខុសឫត្រូវគឺអាចនិយាយគ្នាបានដោយសារតែភាសារ ខ្មែរដូចគ្នា៕
Daily Program
