នៅពេលណាស្ថានីយសាកអាគុយមានកាន់តែច្រើន កំណើននៃការប្រើរថយន្តអគ្គិសនីកាន់តែកើន

ស្ថានីយសាកអាគុយរថយន្តអគ្គិសនីនៅពេលនេះមានច្រើនជាងពីមុនមែន ប៉ុន្តែវាមិនច្រើនដូចជាស្ថានីយប្រេងឥន្ធនៈនៅឡើយ ដូច្នេះប្រជាប្រិយភាពនៃរថយន្តនេះ ទោះបីជាមានកំណើនខ្ពស់តែវានៅតែមានកម្រិតនៅឡើយ។

ដោយមើលឃើញនូវសក្តានុពលនិងគុណតម្លៃនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេស កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឲ្យ ក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់។

ជាការពិតដូចដែលប្រមុខរាជរដ្ឋាភិបាលបានលើកឡើងនៅពេលនេះ រថយន្តអគ្គិសនីនៅកម្ពុជាមានកំណើនខ្ពស់មែន ប៉ុន្តែភាគច្រើនគឺនៅតែទីក្រុងទេ ដោយសារតែស្ថានីយសាកអាគុយរបស់រថយន្តទាំងនេះសំបូរតែនៅតាមទីក្រុង ដោយឡែកនៅតាមផ្លូវគឺមិនសូវមាន។​

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចធិបតីដឹងមូលហេតុ ដូច្នេះហើយទើបបានណែនាំឲ្យក្រសួងជំនាញគិតគូរពីការតម្លើងស្ថានីយសាកអាគុយឲ្យបានច្រើន។

ក្រៅពីក្រសួងសម្តេចធិបតី ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនចូលរួមនៅក្នុងការពង្រាយស្ថានីយសាកអាគុយនេះឲ្យបានច្រើនផងដែរ ដើម្បីលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើថាមពលស្អាត មានប្រយោជន៍ដល់ការពារបរិស្ថាននៅក្នុងប្រទេស។

តាមស្ថិតិរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា រថយន្តអគ្គិសនីនៅកម្ពុជាគឺពិតជាមានកំណើនកើនឡើងខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចំនួនរបស់វានៅមានកម្រិតនៅឡើយបើធៀបនឹងរថយន្តប្រើប្រេងឥន្ធនៈ។

គិតត្រឹមឆ្នាំ២០២៤ចំនួនរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាគឺមានត្រឹមតែប្រមាណជា ២.២៥៣ គ្រឿង ប៉ុណ្ណោះ ហើយបើធៀបនឹងឆ្នាំ២០២៣គឺមានកើនឡើងដល់ទៅ ៦២០ភាគរយ ដោយសារតែនៅពេលនោះកម្ពុជាមានរថយន្តអគ្គិសនីសរុបតែ ៣១៣ គ្រឿងប៉ុណ្ណោះ។

មកដល់ពេលបច្ចុប្បន្ននេះ សន្ទុះនៃរថយន្តអគ្គិសនីប្រហែលជាកាន់តែកើនឡើងបន្ថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមិនមានចំនួនច្រើនធៀបនឹងរថយន្តប្រើប្រេងឥន្ធនៈ ដូច្នេះប្រសិនបើចង់លើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តបែបនេះ គឺគួរគិតគូរស្ថានីយសាកអាគុយ ហើយក៏គួរតែគិតគូរការយកចិត្តទុកដាក់ផ្សេងៗដែលពាក់ព័ន្ធ៕

Daily Program

Livesteam thumbnail