នៅពេលឃើញកូនអ្នកធំឡើងតំណែងធំ ហើយកូនអ្នកមានចេះតែមាន យើងគួរឈប់រៀន?

ទោះជាសង្គមវិវត្តដល់ណា ហើយបញ្ហាបក្សពួក ខ្សែស្រឡាយមានទំហំប៉ុណ្ណាក៏ដោយ ក៏កុំអស់សង្ឃឹមហើយបោះបង់ការសិក្សាឬចេញឆ្ងាយពីការអប់រំឲ្យសោះ។
មិនថាសម័យណាក៏ដូចសម័យណានោះឡើយ អ្នកដែលអាចរំដោះខ្លួនចេញពីស្រទាប់នៃវណ្ណៈសង្គមនីមួយៗគឺបានមកពីការអប់រំ។ បើគ្មានការអប់រំទេ យើងដាច់ខាតគ្មានសតិ ប្រាជ្ញា និង ពុទ្ធិគ្រប់គ្រាន់ដើម្បីរើខ្លួនចេញពីបញ្ហាបានដែរ ដូច្នេះ សូមប្រឹងប្រែងតស៊ូរៀនសូត្រ ឲ្យបានជ្រៅជ្រះ។ ពេលរៀន យើងចេះយើងដឹង យើងអាចស្គាល់អ្វីថាត្រូវឬខុស ហើយមិនខ្លាចរអារ ធ្វើតាមតែគេថា គេចោទប្រកាន់យើងនោះឡើយ។
ជាការពិតសម្រាប់កូនអ្នកក្រីក្រឬកូនអ្នកដែលមានជីវភាពខ្សត់ខ្សោយគឺពិតជាប្រឈមមុខលើបញ្ហាជាច្រើនដើម្បីជំនះនិងប្រឹងប្រែងឲ្យទទួលបាន បានការអប់រំខ្ពស់ក្នុងសង្គម ប៉ុន្តែត្រូវតែពុះពារនិងជំនះឱ្យបាន។
សូមកុំតូចចិត្តនឹងវាសនា ! មនុស្សម្នាក់ៗមិនអាចរើសជាតិកំណើតរបស់ខ្លួនបាននោះទេ ប៉ុន្តែក៏អាចកែប្រែជីវិតរបស់ខ្លួនបាន តាមរយៈការព្យាយាមជំនះឧបសគ្គរបស់ខ្លួន។ ដូច្នេះនៅក្នុងករណីដែលអ្នកដែលចាប់កំណើតមកនៅក្នុងក្រុមគ្រួសារដែលមានធនធាន មានអំណាច មានបុណ្យស័ក្តិ គឺជាព្រេងសំណាង ខំប្រឹងប្រែងរៀនសូត្របន្តទៅទៀត ហើយក៏សូមបណ្តុះទឹកចិត្តគុណធម៌ ស្រឡាញ់ជាតិនិងមនុស្សទូទៅ ដោយមានចិត្តបម្រើ និងមានក្រមសីលធម៌។
សម្រាប់អ្នកដែលមិនមានព្រេងវាសនាកើតមកនៅក្នុងគ្រួសារដែលក្រីក្រលំបាកវាពិតជាពិបាកហើយ ប៉ុន្តែយើងត្រូវតែរស់ដោយសេចក្តីសង្ឃឹម រស់ដោយការខំប្រឹងប្រែង មិនមែនរស់នៅក្នុងសេចក្តីច្រណែន ទោសៈមោហៈនឹងគេនោះទេ។ យើងអាចនឹងហត់ ហើយនឿយជាងគេ ប៉ុន្តែក្តីសង្ឃឹមគឺជាប្រទីប បំភ្លឺផ្លូវឈានទៅរកសមិទ្ធផលល្អៗក្នុងជីវិត។ ដូច្នេះកុំបោះបង់ក្តីសង្ឃឹមនិងក្តីស្រមៃរបស់យើង។ សូមចាំថា កាលណាដង្ហើមយើងនៅតែបន្តដកនោះក្តីសង្ឃឹមរបស់យើងនៅតែបន្តមាន។
នរណាក៏ដោយ ប្រសិនបើមើលស្រាលការអប់រំ មើលស្រាលការតស៊ូ ខ្វះការអំណត់ មិនផ្តល់តម្លៃដល់ការព្យាយាម ទោះកើតមកមានបុណ្យវាសនាយ៉ាងណាក៏នៅថ្ងៃណាមួយគេអាចទាញទម្លាក់យើងឲ្យធ្លាក់ចុះបាន ប៉ុន្តែប្រសិនបើយើងក្រីក្រមែន តែខំប្រឹងប្រែងជំនះគ្រប់ការលំបាក ទោះបីជាដល់គោលដៅយឺតជាងគេក៏យើងគង់នឹងដល់ដូចជាគេ ឲ្យតែខំប្រឹងប្រែង។
មកដល់ពេលនេះគ្មានអ្វីក្រៅពីការខិតខំនិងព្យាយាមសំភី ហើយយកការអប់រំជាស្ពានប៉ុណ្ណោះ។ ប្រសិនបើយើងមិនឲ្យតម្លៃលើការអប់រំ មិនលះបង់ហើយសំភីនៅក្នុងការសិក្សាអប់រំទេនោះ យើងនៅតែដដែលហើយអាចនឹងធ្លាក់ចុះជ្រៅថែមទៀតផង។
សរុបមក សូមខិតខំហើយកុំបោះបង់ការសិក្សាអប់រំ ។ ការសិក្សាអប់រំនេះ គឺជាស្ពានដ៏ចំបងនៅក្នុងការរំដោះខ្លួនចេញពីអ្វីដែលពិបាក អ្វីដែលវេទនា ហើយជាប្រទីបបំភ្លឺផ្លូវឆ្ពោះទៅរកវិថីនៃភាពជោគជ័យនៅក្នុងពេលអនាគត៕
Daily Program
