នារីខ្មែរម្នាក់សាងកេរ្តិ៍ឈ្មោះដ៏មហិមាដល់មុខម្ហូបខ្មែរ
នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣នេះនារីខ្មែរមួយរូប និងក្រុមការងារបានកសាងមោទកភាពជាតិមួយ ដ៏មហិមាដល់វប្បធម៌ និងប្រពៃណីខ្មែរ ជាពិសេសគឺមុខជំនាញធ្វើម្ហូប ដែលជាមែកធាងមួយដ៏សំខាន់នៃអត្តសញ្ញា ណរបស់ពលរដ្ឋខែ្មរ ឬកម្ពុជានៅពេលនេះ។
តាមបណ្តាញសង្គមពលរដ្ឋកម្ពុជានានាកំពុងតែចូលរួមសំដែងការអបអរចំពោះសមិទ្ធផលនេះ ហើយសូ ម្បីតែសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាក៏បានសំដែងនូវការអបអរផងដែរ។
ក្រុមការងារដែលទទួលជោគជ័យដ៏មហិមាជូនជាតិមាតុភូមិនៅលើវិស័យម្ហូបនេះ គឺក្រុមការងារចុងភៅណាក់ ដោយបានអះអាងថា ក្រុមការងារបាន នូវជ័យលាភី «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាមោទកភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ទាំងអស់គ្នា។
ក្រុមការងារនេះបានអះអាងនៅលើបណ្តាញសង្គមថា ក្រុមការងារមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើងឈ្មោះថា «សោយ» ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា «ពានរង្វាន់អូស្ការ» ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ។
ក្រោយពេលដែលក្រុមការងារនេះបានទទួលសមិទ្ធផលដ៏ធំធេងនេះភ្លាមៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារអបអរសាទរ សមិទ្ធផលសៀវភៅធ្វើម្ហូបកម្ពុជា «សោយ» ដែលទទួលបានពានរង្វាន់ GOURMAND AWARD នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
សៀវភៅដែលទទួលជ័យលាភីនេះ គឺជាស្នាដៃមួយ ក្នុងចំណោមស្នាដៃជាច្រើនមកពីប្រទេសជាច្រើន ប៉ុន្តែ ស្នាដៃសៀវភៅដែលមានចំណងជើងថា «សោយ» បានទទួលនូវកិត្តិយស ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលនេះជាសក្ខីភាពមួយ បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា។
មកដល់ពេលនេះ កម្ពុជាដែលគេដឹងថា គឺជាជាតិសាសន៍មួយ ដែលជាម្ចាស់ស្រុកនៃដែនដីសុវណ្ណភូមិ មានម្ហូបអាហារ ដែលបន្សល់ទុកពីដូនដារជាច្រើនមុខ ជាច្រើនប្រភេទ ប៉ុន្តែមិនសូវមាននរណាចាប់អារម្មណ៍ និងចងក្រងបែបនេះឡើយ ដូច្នេះចាប់ពីពេលនេះតទៅ យើងខ្ញុំសង្ឃឹមថា នៅពេលអនាគតជនជាតិយើងនឹងអាចមានមុខម្ហូបពិសេសៗ ដាក់នៅលើ តារាងបញ្ជីម្ហូបពិភពលោក សម្រាប់ភ្ញៀវទេសចរបានភ្លក់ពិតប្រាកដកាន់តែច្រើន៕