ទ្រូងផ្លូវគ្រប់គ្នាស្មើភាពគ្នា ! លើកលែងតែបុគ្គលដែលមានអភ័យឯកសិទ្ធិការពារដោយច្បាប់
សមភាពនៅលើទ្រូងផ្លូវនានានៅក្នុងប្រទេសកម្ពុជាគួរតែពង្រឹងនិងលុបបំបាត់សកម្មភាពរំលោភបំពាននានា ដោយបុគ្គលដែលមានអំណាច មានលុយ និង មានឥទ្ធិពល។
វិសមភាពនៃនៅលើទ្រូវផ្លូវនេះបានលេចរូបរាងនៅក្នុងសង្គមកម្ពុជាយូរមកហើយ ប៉ុន្តែប្រត្យក្សភាពត្រូវបានមើលឃើញ និងត្រូវបានគេចែករំលែកជាបន្តបន្ទាប់នៅលើបណ្តាញសង្គម នៅក្នុងករណីដែលបុគ្គលមួយក្រុមដែលជាបុគ្គលសាមញ្ញគ្រាន់តែមានលុយ អាចប្រើរហូតដល់រថយន្តសឺរ៉ែនបើកផ្លូវ ព្រោះតែខ្លួនប្រញាប់ទៅចូលរួមពិធីរៀបការសោះនោះ។
រឿងវិសមភាពនិងភាពអសកម្មនៅលើទ្រូងផ្លូវនេះ ត្រូវបានគេចែករំលែកពេញបណ្តាញសង្គមទាំងហ្វេសបុក និង តិកតក់ ក៏ដូចជាតេឡេក្រាម កាលពីសប្តាហ៍មុន។ ក្រៅពីការប្រើប្រាស់រថយន្តសឺរ៉ែនបើកផ្លូវនេះ កន្លងមកក៏មានក្រុមក្បួនរថយន្តខ្លះមិនដឹងថានៈទេ ក៏ឧស្សាហ៍បង្កបាតុភាពនៅលើទ្រូងផ្លូវសាធារណៈនេះដែរ។
ក្រុមបុគ្គលទាំងនេះ មានក្បួនរថយន្ត៣ទៅ៤គ្រឿង ឬ អាចលើសពីនេះ ពួកគេបើកបរហើយចូលចិត្តស៊ីផ្លេតេតតតៗឮៗ។ ក្បួនរថយន្តទាំងនេះមិនដឹងថា ពួកគេគឺជាអ្នកមាន ឬជាមន្រ្តីធំកម្រិតណាទេ គឺឲ្យតែមកដល់ សូម្បីតែភ្លើងស្តុបក្រហមក៏ដោយក៏ពួកគេមិនឈប់ដែរ ដោយមិនរវល់ថា សកម្មភាពពួកគេបែបនេះ បង្កការកកស្ទះចរាចរណ៍ប៉ុណ្ណាឡើយ។ ជួនកាលទៀត ក្រុមអ្នកប្រើប្រាស់ផ្លូវរបៀបនេះ ក៏មានមន្រ្តីមានសមត្ថកិច្ច ពេលខ្លះជាប៉ូលីស ពេលខ្លះជាប៉េអ៊ីម ពេលខ្លះក៏ជា មន្រ្តីស៊ីវិល ជិះមកស្ទាក់ផ្លូវគេឯង ដោយមិនមានច្បាប់ទម្លាប់ដែរ។
ក្រៅពីនោះក៏មានអ្នកប្រើប្រាស់ទ្រូងផ្លូវខ្លះទៀត មិនមានក្បួនច្រើនទេ គឺមានតែមួយគ្រឿងទេ ប៉ុន្តែមានម៉ូតូបិទគូទ ហើយម៉ូតូនោះអត់ខ្វល់គឺធ្វើដំណើរនៅក្នុងស្ថានភាពសំញែងនូវឫទ្ធានុភាព បន្លាចគេនៅលើទ្រូងផ្លូវតែម្តង។
សកម្មភាពបែបនេះគួរតែលុបបំបាត់ទៅ ពីព្រោះសង្គមកម្ពុជាដូចជាមិនមានច្បាប់ឯណាឲ្យពួកគេប្រើប្រាស់ទ្រូងផ្លូវដោយសកម្មភាពច្រងេងច្រងាងបែបនេះទេ។ នៅលើទ្រូងផ្លូវអ្នកដែលមានអាទិភាពប្រើប្រាស់បែបនេះបាន គឺមានមិនច្រើនទេ ហើយគឺជាថ្នាក់ដឹកនាំ ជាក់ស្តែងដូចជាក្បួនគណៈប្រតិភូបរទេស ក្បូនទីនាំងរបស់ព្រះមហាក្សត្រ ក្បូនថ្នាក់ដឹកនាំដែលមាននាយករដ្ឋមន្រ្តី និង ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភាតែប៉ុណ្ណោះ។ ក្រៅពីនោះទៀត យានយន្តដែលមានអាទិភាពផ្សេងទៀតគឺអាចមានជារថយន្តសង្រ្គោះដែលយើងហៅថា ឡានពេទ្យ និង រថយន្តពន្លត់អគ្គីភ័យ ដែលគេហៅថា ឡានទឹកតែប៉ុណ្ណោះ ក្រៅពីនោះគឺស្មើភាពគ្នាទាំងអស់។