ទំនិញថៃមកពេញធ្នើតាមហាងទំនើបនានាវិញហើយ

ទំនិញថៃមួយចំនួនដែលពីមុនបាត់ពីលើធ្នើនៅតាមហាងនិងផ្សារទំនើបមួយចំនួននៅរាជធានីនៅពេលនេះឃើញ វិលមកវិញជាមួយនឹងសំបកវេចខ្ចប់ថ្មី ប៉ុន្តែនៅតែមានអត្តសញ្ញាណជាទំនិញថៃ ដូច្នេះសំខាន់ទិញ ឬមិនទិញគឺនៅលើទឹកចិត្តរបស់យើងទាំងអស់គ្នា។
នៅក្នុងសង្គមស៊ីវិល័យ ដែលមានច្បាប់ជាធំ យើងមិនអាចទៅធ្វើអ្វីផ្តេសផ្តាសលើទំនិញគេបានឡើយ ហើយមកដល់ពេលនេះប្រទេសជាតិរបស់យើងក៏មិនបានហាមឃាត់ការនាំចូលទំនិញពីប្រទេសនេះមកដែរ។ អ្វីដែលយើងបិទគឺបិទតែព្រំដែន និង ការចរាចរណ៍ទំនិញតាមច្រកព្រំដែនគោកដែលមាន១៧ច្រកនៅក្នុងខេត្តទាំងអស់៧ខេត្តប៉ុណ្ណោះ ប៉ុន្តែបើគេមកតាមច្រកផ្សេងដូចជាសមុទ្រ ឬច្រកព្រំដែនឡាវ ឬតាមអាកាសគឺគេនៅតែមានសិទ្ធិនាំចូលដោយស្របច្បាប់ ប៉ុន្តែសំខាន់ប្រសិនបើយើងជាអ្នកជាតិនិយមពិតប្រាកដគួរតែធ្វើពហិការបន្តទៀត។
នៅពេលឃើញទំនិញទាំងនេះនៅតាមផ្សារទំនើបយើងគួរតែដើរហូសទៅ ហើយបើយើងទិញគួរតែដើររកទំនិញណាដែលផលិតនៅក្នុងស្រុក។ នៅក្នុងករណីដែលទំនិញនៅក្នុងស្រុកមិនមានគួររកទំនិញពីប្រភពផ្សេងជំនួស។ សូមកុំទៅថាអោយអ្នកលក់ ឬអ្នកនាំចូលដោយស្របច្បាប់ ហើយកុំទៅធ្វើសកម្មភាពជ្រុលនិយមខុសច្បាប់នាំមានបញ្ហា។
ជាការពិតតាមស្ថិតិពីក្រសួងពាណិជ្ជកម្មមកបង្ហាញថា ការនាំចូលទំនិញពីថៃនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ធ្លាក់ចុះ១៩០ លានដុល្លារ ហើយបើគិតជាភាគរយគឺប្រមាណជា ៧,៥៧ ភាគរយ។ ប្រភពដដែលបានអះអាងថា ពីខែមករា ដល់ខែកញ្ញា នៃឆ្នាំ២០២៥ ការនាំចូលពីថៃមានតម្លៃសរុប២.៣៣៣ លានដុល្លារ ខណៈដែលកាលពីរយៈពេលដដែលនៅក្នុងឆ្នាំ២០២៤គឺមានតម្លៃ២.៥២៣លានដុល្លារ។
ឃើញការតួរលេខបែបនេះ គឺកុំអស់សង្ឃឹមហើយកុំទោមនស្សពីព្រោះទំហំនៃទំនិញនាំចូលពីប្រទេសថៃនេះ គឺមានកំណើនខ្លះនៅមុនពេលដែលយើងមានអរិភាព ប៉ុន្តែចាប់តាំងពីមានអរិភាពនៅព្រំដែន ហើយបិទនៅក្នុងរង្វង់ខែមិថុនា មកគឺវាចាប់ផ្តើមថយចុះជាបន្តបន្ទាប់។
សូមឲ្យចលនាជាតិនិយមនិងគាំទ្រផលិតផលនៅក្នុងស្រុកបន្តស្ថិតស្ថេរថែមទៀត កុំអោយភ្លើងចំបើង ហើយកុំជ្រុលនិយម។
ដូចដែលបាននិយាយរួចហើយថា គេមានសិទ្ធិនាំចូល ប៉ុន្តែនៅក្នុងនាមយើងជាអ្នកប្រើប្រាស់ដែលមានលុយមានជម្រើសយើងក៏មានសិទ្ធិមិនទិញ មិនប្រើប្រាស់ផលិតផលទាំងនោះដែរ។ យើងទាំងអស់គ្នាគួរតែបន្តចូលរួមយុទ្ធនាការនេះបន្តទៀត ហើយក៏គួរតែគាំទ្រនិងលើកស្ទួយផលិតផលខ្មែរ។
ជាទូទៅផលិតផលនៅក្នុងស្រុកយើងវាអាចមានគុណភាព ឬរស់ជាតិមិនដល់ផលិតផលគេមែន ហើយតម្លៃក៏អាចថ្លៃជាងដែរ ប៉ុន្តែយើងគួរលះបង់និងគាំទ្រលើកស្ទូយផលិតផលដែលផលិតនៅក្នុងស្រុកដោយអ្នកស្រុក ឬពលរដ្ឋយើង។
សរុបទៅដើម្បីឲ្យជាតិយើងខ្លាំងគឺលុះត្រាតែយើងមានចលនាជាតិនិយមឲ្យខ្លាំងហើយចលនានេះមិនមែនជាចលនាបែបជ្រុលនិយមនោះទេ គឺវាកើតចេញពីទស្សនៈស្រលាញ់ជាតិ អោយតម្លៃជាតិ លើកតម្កើនផលិតផលនិងប្រើប្រាស់ផលិតផលរបស់ជាតិនិងពលរដ្ឋយើងផ្ទាល់៕
Daily Program
