ទំនាក់ទំនងកម្ពុជានិងថៃធ្លាក់ដល់កម្រិតទាបបំផុត

ស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជានិងថៃបានឈានដល់កម្រិតធ្លាក់ចុះទាបបំផុត ក្រោមលេសដែលសាមញ្ញបំផុតគឺយកករណីទាហានខ្លួនរបួសរឿងជាន់មីនធ្វើជាដើមចម។

មកដល់ពេលនេះភាពតានតឹងរវាងប្រទេសទាំងពីរ ថៃតែងតែចាប់ផ្តើមមុនរហូតតាំងពីចូលមកវាយប្រហារយោធិនកម្ពុជាដល់ទីតាំងឈរជើង បិទព្រំដែនឯកតោភាគី ហើយឥឡូវឈានដល់ទម្លាក់កម្រិតនៃទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាបន្ថែមទៀត។​

ហេតុផលដែលនាយករដ្ឋមន្រ្តីស្តីទី គឺលោក ភូមថាំ វីឆាយ៉ាឆៃ យកមកធ្វើជាលេសនោះ គឺសមញ្ញបំផុតគឺករណីទាហានថៃរបួសដោយសារតែមីន។ លោកចោទប្រកាន់កម្ពុជាថា បានដាក់ពង្រាយមីនថ្មី ប៉ុន្តែការពិតមីនទាំងនោះគឺជាចំការមីនចាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិល។ វាគឺជាចំការមីនដែល នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយត្រូវបានទាហានថៃរំលោភដែនអធិបតេយ្យភាពកម្ពុជា ហើយជាន់មីនចាស់មកចោទកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាមីននេះ ស្ថានប័នជំនាញកម្ពុជាគឺស៊ីម៉ាក់ពន្យល់យ៉ាងលំអិតចំពោះករណីមុន ដោយមានទាំងផែនទីបន្ថែមទៀត ហើយក៏បានវិភាគអំពីប្រភេទនៃគ្រាប់មីននោះថែមទៀត។

ជុំវិញស្ថានភាពបែបនេះ ថៃបានកោះហៅឯកអគ្គរាជទូតគេមកស្រុកវិញ ហើយក៏បានបណ្តេញឯកអគ្គរាជទូតកម្ពុជាមកវិញដែរ។

ជាការឆ្លើយតបនឹងការចោទប្រកាន់គ្មានភស្តុតាងនេះ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជានិងថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ។

នេះគឺជាការវិវត្តន៍ថ្មីដែលបានកើតមានឡើង ដូច្នេះមើលទៅស្ថានភាពនៃភាពតានតឹងបានវិវត្តន៍និងរីករាលដាលកាន់តែធំហើយ ដោយចេញពីការប៉ះទង្គិចនៅព្រំដែន មកជាភាពតានតានដោយកម្លាំង រីកដល់ពាណិជ្ជកម្ម ហើយឥឡូវឈានដល់ ការទូតថែមទៀត។

ផ្អែកតាមស្ថានភាពនិងសេណារីយូនយោបាយកំពុងតែកើតមាន សភាពការណ៍និងបញ្ហាព្រំដែនរវាង ប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ ដូច្នេះបងប្អូនដែលបានធ្វើដំណើរទៅថៃ ដោយសារតែបញ្ហាសុខភាព និស្សិត អ្នករកស៊ី បងប្អូនកម្មករ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ហើយសូមបន្តតាមដានស្ថានការណ៍ឲ្យបានជាប់លាប់ពីប្រភពផ្លូវការនានា។

បងប្អូននៅថៃសូមយកចិត្តទុកដាក់រឿងសុវត្ថិភាពផ្ទាល់ខ្លួន ហើយកុំជជែកឫនិយាយគ្នាអំពីបញ្ហាព្រំដែន រក្សាចិត្តឲ្យធ្ងន់នៅពេលដែលមានការរើសអើង ហើយគួរតែប្រញាប់ប្រញាល់វិលចូលមាតុប្រទេសវើញដើម្បីសុវត្ថិភាព៕

 

 

Daily Program

Livesteam thumbnail