ទោះអ្នករងគ្រោះដល់ជីវិតនៅដដែល តែកំណត់ត្រាកូវីដ ១៩ថ្មីមានជាបន្តបន្ទាប់

មួយរយៈមកនេះ ទោះបីជាជំងឺកូវីដ១៩នៅមិនទាន់បានសម្លាប់ពលរដ្ឋកម្ពុជាណាម្នាក់ថ្មីក៏ដោយក៏កំណត់ត្រាអ្នកឆ្លងថ្មីត្រូវបានកត់ត្រាជាបន្តបន្ទាប់ ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ននៅក្នុងការបង្ការនិងការពារ មេរោគដែលឆ្លងដ៏សាហាវនេះ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មេរោគកូវីដ ១៩ បានកត់ត្រាថ្មីជាបន្តបន្ទាប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយពេលដែលខកខានមកជាច្រើនឆ្នាំ  រហូតដល់ក្រសួងបានចេញ ប្រកាសលើកកំពស់ការប្រុងប្រយ័ត្នជាថ្មី។

ជាក់ស្តែងរបាយការណ៍ដែលកត់ត្រានៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ករណីឆ្លងថ្មីគឺមានដល់ទៅ ៨ នាក់ ដូច្នេះចំនួនករណីឆ្លងនៅកម្ពុជាគឺបានឡើងដល់១៣៩.៣៧១ នាក់ហើយ នៅក្នុងនោះករណីបាត់បង់ជីវិតគឺនៅតែដដែលទេ គឺ៣.០៥៦ នាក់។

នៅពេលដែលករណីឆ្លងថ្មីត្រូវកត់ត្រាជាបន្តបន្ទាប់បែបនេះ ហើយករណីស្លាប់ថ្មីនៅដដែលគឺជារឿងមួយដ៏ល្អសម្រាប់កម្ពុជាខណៈដែលនៅថៃ គឺមានការរាយការណ៍ករណីស្លាប់ជាបន្តបន្ទាប់ដែរ ខណៈដែលអ្នកដែលឆ្លងនៅក្នុងរលកថ្មីមានរាប់ម៉ឺននាក់ហើយ។

ចាប់ពីពេលនេះតទៅសូមលើកកំពស់ការប្រុងប្រយ័ត្ន និង​បន្តយកចិត្តទុកដាក់លើការការពារឡើងវិញ ជាពិសេសគឺវិធានពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ និងអាកុល។

នៅក្នុងករណីដែលយើងមានជំងឺគួរឲ្យសង្ស័យគួរតែកុំចូលរួមកន្លែងណាដែលមនុស្សច្រើន គឺគួរតែពាក់ម៉ាស់ឲ្យបានជាប់ ហើយប្រសិនបើអាចគួរតែស្វែងរកការចាកវ៉ាក់សាំងការពារដុះជម្រុញ​ ពីព្រោះវ៉ាក់សាំងគឺនៅក្នុងស្តុករបស់ក្រសួងសុខាភិបាលស្រាប់។

ការការពារវាប្រសើរជាងព្យាបាល ហើយសង្ឃឹមថា យើងជាប្រជាពលរដ្ឋទាំងអស់នឹងចូលរួមទាំងអស់គ្នានៅក្នុងការបង្ការនិងការពារខ្លួន ដើម្បីទប់ទល់នឹងការឆ្លងរលកថ្មីដែលកំពុងតែកើតមាននៅក្នុងតំបន់ មាន ដូចជាថៃ សិង្ហបុរី ជាដើម។

មកដល់ពេលនេះប្រទេសនានានៅលើពិភពលោកគឺនៅតែបន្តធ្វើសេចក្តីរាយការណ៍អំពីការឆ្លងរីករាលដាលនៃមេរោគកូវីដ ១៩ នេះដដែល ហើយអង្គការសុខភាពពិភពលោកក៏បន្តកត់ត្រា អត្រាឆ្លងថ្មី និង អត្រាអ្នកស្លាប់ថ្មីជាបន្តបន្ទាប់ដែរ ទោះបីជាមិនទាន់ដាក់ការឆ្លងរលកថ្មីថាជាគ្រោះមហន្តរាយសុខភាពដូចជាកាលពីឆ្នាំ២០១៩ ២០២០ ដល់ ២០២២ ក៏ដោយចុះ។

សរុបទៅនៅពេលនេះរលកឆ្លងនៃមេរោគកូវីដ១៩ថ្មីកំពុងតែកើតមាន ដូច្នេយើងខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងលើកកំពស់វិធានការការពារសុខភាពយើង ដើម្បីធ្វើយ៉ាងណាបន្តយកឈ្នះលើមេរោគនេះឲ្យបាន ដូចដែលយើងបានធ្វើយ៉ាងល្អកាលពីអំឡុងរីករាលដាលខ្លាំងកាលពីឆ្នាំ២០២០ ដល់ ២០២២៕

 

Daily Program

Livesteam thumbnail