ថ្ងៃ២៣ខែឧសភា អាចជាថ្ងៃជាប់កំណត់ត្រានៃគ្រោះថ្នាក់ដ៏រន្ធត់ប្រចាំឆ្នាំហើយ !

ថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៦ គឺជាថ្ងៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលយើងអាចចាត់ទុកថ្ងៃនេះថា ជាថ្ងៃកំណត់ត្រាខ្មៅបំផុតប្រចាំឆ្នាំហើយមើលទៅ ។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៣ ខែឧសភា កើតឡើងចំនួន១១លើក ពោលគឺមិនច្រើនហើយក៏មិនតិចដែរ ហើយកន្លងមកក៏គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅក្នុងរយៈពេលមួយថ្ងៃៗគឺនៅក្នុងរង្វង់ប៉ុណ្ណឹងមែន ប៉ុន្តែសម្រាប់អ្នកស្លាប់គឺមានរហូតដល់ ១៧នាក់ ហើយរិតតែធ្ងន់ធ្ងរន៉គឺថា គ្រោះថ្នាក់នេះវាបានបង្កររបួសធ្ងន់ស្រាល ដល់មនុស្សរហូតដល់១១២នាក់។

ករណីដែលធ្ងន់ធ្ងរជាងគេបំផុតនោះ គឺករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្ត ដឹកទំនិញ បុករះជាមួយរថយន្តដឹកកម្មកររោងចក្រ។ ហេតុការណ៍នេះ បានកើតឡើង នៅត្រង់ចំណុចមុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមួយករណីទៀតដែឡបានកើតមានឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ហេតុការណ៍ខាងលើទាំងពីរនេះ បានបណ្តាលឱ្យបងប្អូនកម្មករនិយោជិត រងគ្រោះសរុបចំនួន ៩៣នាក់ ក្នុងនោះស្លាប់ចំនួន ១៤នាក់ របួសធ្ងន់ចំនួន ១៥នាក់និងរបួសស្រាលចំនួន ៦៤នាក់។

តាមរបាយការណ៍របស់សមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នៅក្នុងថ្ងៃនេះ គឺបណ្តាលមកពីករណី ល្មើសល្បឿន, មិនគោរពសិទ្ឋិគ្នាពេលបើកបរ, មិនប្រកាន់ស្តាំ, ប្រជែង និងបត់គ្រោះថ្នាក់។​

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា បញ្ហាសុវត្ថិភាពចរាចរណ៍នៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភខ្លាំង។ ទោះបីជាចំនួនករណីគ្រោះថ្នាក់មានត្រឹម១១លើក ដែលស្ថិតក្នុងកម្រិតធម្មតាប្រចាំថ្ងៃក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់រហូតដល់១៧នាក់ និងអ្នករងរបួស១១២នាក់ បានធ្វើឲ្យថ្ងៃនេះក្លាយជាថ្ងៃដ៏រន្ធត់ និងអាចចាត់ទុកថាជា “កំណត់ត្រាខ្មៅ” មួយសម្រាប់ឆ្នាំ២០២៦។​ ហើយចំពោះករណីគ្រោះថ្នាក់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលរថយន្តដឹកទំនិញបុករះរថយន្តដឹកកម្មករ បានបង្កឲ្យមានការបាត់បង់ជីវិត និងរបួសជាច្រើននាក់ បង្ហាញពីភាពធ្វេសប្រហែស និងការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ។ មូលហេតុសំខាន់ៗដូចជា បើកបរលើសល្បឿន មិនគោរពសិទ្ធិគ្នា មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ និងបត់មិនប្រុងប្រយ័ត្ន គឺជាកត្តាចម្បងដែលនាំឲ្យកើតមានសោកនាដកម្មនេះ។

សរុបទៅ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ គួរតែរួមគ្នាពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្កើនការប្រុងប្រយ័ត្ន និងគោរពវិន័យក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងផ្លូវបន្ថែមទៀតដើម្បីកុំអោយហេតុការណ៍អាក្រក់បែបនេះកើតមានឡើងជាថ្មី ។

 

Daily Program

Livesteam thumbnail