ត្រៀមដល់ណាហើយ ! ពេលប្រឡងកាន់តែកៀកហើយ
កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ឆ្នាំសិក្សា២០២២-២០២៣បានកំពុងតែរំកិនមកហើយ តើប្អូនៗ និងបេក្ខជនក៏ដូចជាបេក្ខនារីត្រៀមលក្ខណៈដល់ណាហើយ។
រូបមន្ត មេរៀន ការហាត់ធ្វើលំហាត់អី ចេះចាំប៉ុណ្ណាហើយ ពីព្រោះកាលបរិច្ឆេទនៃការប្រឡងនេះ គឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះតែម្តង។
ខំស្វ័យសិស្សាអោយមែនទែនណា ប៉ុន្តែក៏ត្រូវប្រមាណកម្លាំងនិងសុខភាពដែរ ហើយការខំនេះក៏កុំខំដល់ទៅភ្លេចបាយភ្លេចទឹក គឺខំតាមសម្រួល ទោះបីជាការប្រឡងដូចជានៅសល់ កន្លះខែទៀត ណា ហើយក៏ត្រូវចាំថា សូមកុំប្រពឹត្តកំហុស ពីព្រោះតែប្រពឹត្តកំហុសគឺអាចនឹងមានពិរុទ្ធ និងរងពិន័យ។
តាមការប្រកាសរបស់ ក្រសួងអប់រំយុវជន និង កីឡា បានបញ្ជាក់ប្រាប់ដល់បេក្ខជននិងបេក្ខនារីដែលត្រូវប្រឡងទាំងថ្នាក់វិទ្យាសាស្រ្តសង្គម និង វិទ្យាសាស្រ្តដែលមាន សរុបមានចំនួន ២២៧ មណ្ឌល ត្រូវជា ៥.៦១៥ បន្ទប់ គឺវិន័យនៃការប្រឡងគឺតឹងតែងដូចរាល់ឆ្នាំ ប៉ុន្តែប្រសិនបើចេះគឺជាប់ ហើយមិនចេះគឺធ្លាក់។
ក្រសួងបានបញ្ជាក់ហើយថា វិន័យមានពីរកម្រិត ដោយវិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែងរកផលកម្រៃជាដើម។ ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូចជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ជាការលើកទឹកចិត្តឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។
សម្រាប់អ្នកដែលល្មើសវិន័យនេះ នឹងត្រូវពិន័យតាមច្បាប់ដោយមិនមានការយោគយល់ឡើយ ដូច្នេះសូមឱ្យមានការប្រយ័ត្នប្រយែង និង ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនពិសេសត្រូវចៀសឱ្យឆ្ងាយពីការប្រព្រឹត្តសកម្មភាពវិន័យកម្រិតថ្នាក់ទី២តែម្តង។
សម្រាប់វិន័យកម្រិតថ្នាក់ទី២នេះត្រូវបានគេចាត់ទុកថាធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយស គណៈមេប្រយោគ នឹងត្រូវទទួលវិន័យធ្ងន់ធ្ងរមួយដោយត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង។
សរុបមកវិញសូមបន្តប្រឹងប្រែងរៀនសូត្រ ហើយប្រឡងយកជោគជ័យតាមតម្រិះ និងសមត្ថភាពផ្ទាល់ខ្លួន។ ប្អួនៗត្រូវចាំថា បើប្អូនចេះ ប្អូនជាប់ តែបើប្អូនមិនចេះប្អូនធ្លាក់ ដូច្នេះសូមខំប្រឹងសិក្សា៕