ត្រឹមព្យុះទី២០ទឹកជំនន់ ចាប់ផ្តើមកើតមានខ្លះៗហើយ !

ត្រឹមព្យុះទី២០ដែលមានឈ្មោះថា ប៊ូឡុយ ផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជាខេត្តរតនគិរី មណ្ឌលគិរី សៀមរាបជាដើម គឺចាប់ផ្តើមកើតមានគ្រោះទឹកជំនន់មកខ្លះៗហើយស្របពេលដែលកម្រិតទឹកនៅតាម ស្ថានីយវាស់កម្រិតទឹកនៅតាមដៃទន្លេសំខាន់ៗមួយចំនួនឃើញថា កម្រិតកម្ពស់ទឹកគឺលើសពីកម្រិតប្រកាសអាសន្នហើយនៅពេលនេះ។
ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ថា កម្រិតកំពស់ទឹកនៅតាមស្ថានីយមួយចំនួន នៅក្រៅប្រព័ន្ធទន្លេមេគង្គ គឺលើសកម្រិត ប្រកាសឲ្យប្រុងប្រយ័ត្នហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋតាមបណ្តោយប្រភពទឹក ជាស្ទឹង ជាដៃទន្លេ ជាព្រែក សូមលើកកំពស់ការប្រុងប្រយ័ត្ន។
ប្រភពដដែលបានឲ្យដឹងថា កម្រិតកម្ពស់ទឹកនៅស្ថានីយស្រែពក នៅខាងស្រុកលំផាត់ខេត្តរតនគិរីកម្រិតកម្ពស់ទឹកបានឡើងដល់ ១៣,៣៨ ម៉ែត្រ ខណៈដែលកម្រិតប្រកាសអាសន្នគឺមានត្រឹម១២,៥០ ម៉ែត្រ។ ដោយឡែកនៅស្ថានីយសេសាន នៅក្នុងភូមិសាស្រ្តបានកំភួននៅក្នុងខេត្តដដែល ទឹកមានសម្ពស់ដល់ទៅ ១០,៧៦ ម៉ែត្រ ខណៈដែលកម្រិតប្រកាសអាសន្នគឺមាននត្រឹម ៩,៩០ ម៉ែត្រ។ រីឯកម្រិតកំពស់នៅស្ថានីយស្ទឹងសែន ខេត្តកំពង់ធំវិញ ទឹកឡើងដល់កម្រិត១៣,៨៨ ម៉ែត្រ ខណៈដែលកម្រិតប្រកាសអាសន្នគឺត្រឹម ១៣,៥០ ម៉ែត្រ។ ក្រៅពីនោះកម្រិតកំពស់ទឹកនៅស្ទឹងជីក្រែង នៅកំពង់ក្តី ខេត្តសៀមរាប ទឹកឡើងដល់កម្រិត ៨,២២ ម៉ែត្រ ខណៈដែលកម្រិតប្រកាសអាសន្នគឺត្រឹម ៨ ម៉ែត្រ។ កម្រិតនេះអាចនឹងឡើងចុះប្រែប្រួលខ្លាំងជាប្រចាំអាស្រ័យដោយកម្រិតទឹកភ្លៀងដែលបង្អុរចុះមក ហើយក៏អាចដោយសារតែគម្រោងអភិវឌ្ឈន៍ទំនប់វារីអគ្គិសនីនៅផ្នែកខ្លះនៃដៃទន្លេទាំងនោះ។
សូមកុំភ្លេចថា ក្រៅពីព្យុះទី២០នេះ កម្ពុជានៅសេសសល់ព្យុះប្រមាណជា ពី ៤ទៅ៥ថែមទៀត ហើយជាទូទៅព្យុះនៅចុងរដូវនេះច្រើនតែបង្កឲ្យមានបាតុភូតភ្លៀង ផ្គររន្ទះ និង ខ្យល់កន្រ្តាក់ច្រើននៅកម្ពុជានិង នៅអាងទន្លេមេគង្គ ដូច្នេះកម្រិតកម្ពស់ទឹកអាចនឹងប្រែប្រួលឡើងថែមទៀត។ ចាប់ពីពេលនេះទៅបងប្អូនប្រជាពលរដ្ឋតាមប្រភពទឹកគួរតែតាមដានព័ត៌មានអំពីការព្យាករណ៍អាកាសធាតុ កម្រិតកម្ពស់ទឹក។
ការតាមដាននោះមិនមែនតាមដានតែនៅកម្ពុជានោះទេ គឺគួរតែតាមដានព័ត៌មាននៅក្នុងប្រទេសឡាវ ថៃ ផង ពីព្រោះប្រភពទឹកជំនន់ទន្លេមេគង្គគឺអាចមានពាក់ព័ន្ធនឹងបញ្ហាភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសទាំងនេះដែរ ។ ប្រទេសឡាវ និង ថៃ គឺជាប្រទេសដែលស្ថិតនៅភាគខាងលើនៃប្រភពទឹកទន្លេមេគង្គ ហើយផ្ទៃអាងធំ គួរសម។ ក្រៅពីនោះគឺគួរតែតាមដានព័ត៌មាននៅឡាវ និង វៀតណាម ជាពិសេសគឺតំបន់ទន្លេសាសាន ស្រែពក និងសេកុង។ ទឹកជំនន់បណ្តាលមកពីទន្លេទាំងបីនេះ ឧស្សាហ៍កើតមាន។
សរុបទៅ សូមលើកកំពស់ការប្រុងប្រយ័ត្ននិងត្រៀមខ្លួនឲ្យរួចជាស្រេចនៅក្នុងករណីមានគ្រោះកើតមានឡើង។ បងប្អូននៅជិតប្រភពទឹកគឺគួរតែលៃលកមើលទីទួលសុវត្ថិភាព ទុកឲ្យហើយ ដើម្បីកុំអោយទឹកមកដល់មិនដឹងជាទៅទីណា។ ក្រៅពីនោះក៏ត្រូវត្រៀមហើយយកចិត្តទុកដាក់ប្រយ័ត្នក្មេងៗតូវៗលេងទឹក និង ពពួកសត្វអសិរពិស ពីព្រោះពួកវាក៏ព្យាយាមរកកន្លែងទីទួលសុវត្ថិភាពគេចពីទឹកជំនន់ដែរនៅពេលដែលមានគ្រោះធម្មជាតិលិចដែនជម្រករបស់ពួកវា៕
Daily Program
