តោះ! ប្រមូលអារម្មណ៍បំពេញការងារតាមភារកិច្ច និងការទទួលខុសត្រូវ

ប្រជាជនរៀបចំសង្ក្រាន្ត​នៅរាជធានីភ្នំពេញ ២០២៤_RVAKhmer

ថ្ងៃសម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីបានបញ្ចប់ទៅហើយ ដោយថ្ងៃនេះកន្លែងខ្លះបានចាប់ផ្តើមដំណើរការងារជាប្រក្រតី ហើយកន្លែងខ្លះអាចនឹងដំណើរការនៅថ្ងៃស្អែក។ ដូច្នេះចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទៅសូមមូលអារម្មណ៍បំពេញការងារតាមភារកិច្ច និងការទទួលខុសត្រូវ​រៀងៗខ្លួនដើម្បីខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ។

នាឱកាសឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះភាគច្រើនលើសលុបគឺសប្បាយ ទោះ​ជាស្ថិតនៅក្រោមកំដៅថ្ងៃដ៏ក្តៅហួតហែង ប៉ុន្តែពលរដ្ឋជាពិសេសយុវជននៅសឹងតែគ្រប់កន្លែងគឺមានអារម្មណ៍សប្បាយរីករាយ។​

នៅតាមខេត្ត និងរាជធានីមានកន្លែងកកកុញពេញដោយមនុស្ស តែកន្លែងនោះត្រជាក់ត្រជុំដោ​យក្រុមយុវវ័យជួបជុំគ្នាលេងសប្បាយនឹងការបាញ់ទឹកយ៉ាងត្រជាក់ត្រជុំ ខណៈនៅតាម ផ្ទះ តា​ម​ភូមិក៏មានការបាញ់ទឹករីករាយ ទោះបីជាកន្លែងខ្លះមានបញ្ហាតិចតួចប៉ុន្តែជាទូទៅបរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មីគឺបានប្រពឹត្តិទៅដោយរលូននៅក្រោមម្លប់សន្តិភាពនិងការ អភិវឌ្ឍន៍នា​នា​។​

ជាទូទៅភាពអសកម្មនៅតែមានដូចជាការកកស្ទះចរាចរណ៍ ការតានតឹងផ្លូវអារម្មណ៍ដែលស្ទះ កំដៅព្រះអាទិត្យហួតហែង ការគ្រប់គ្រងសំរាម និងការចូលរួមថែរក្សាបរិស្ថាននៅខ្វះចន្លោះ អំ​ពើហិង្សាបណ្តាលមកពីការលេង ការស្រវឹង ​ជាពិសេសគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានកើតមា​នរហូតដល់មានអ្នកស្លាប់ និងរបួសជាហូរហែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពិធីនេះនៅតែដំណើរការតាមគន្លងនៃប្រពៃណី និងសណ្តាប់ធ្នាប់ដែលមានស្ថានភាពប្រសើរជាងឆ្នាំមុនៗ​។

នៅក្នុងឆ្នាំនេះពលរដ្ឋទៅវត្តអារាម និងទីសក្ការ​បូជានានាគឺមិនសូវច្រើនទេ ប៉ុន្តែក៏នៅតែមានសាសនិកនានាទៅជាបន្តបន្ទាប់​តាមបែបបទ និងជំនឿ​ ខណៈដែលរមណីដ្ឋានវិញគឺទីណាក៏មានមនុស្សដែរ គ្រាន់តែច្រើនជាងគេគឺនៅតំបន់សមុទ្រ ភ្នំ និងកន្លែងដែលមានការបាញ់ទឹកលេងសប្បាយរីករាយ។​​

ក្រោយពិធីនេះបានបញ្ចប់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហាញក្តី​សោម​នស្ស​រីករាយ និងថ្លែងអំណរគុណជ្រាលជ្រៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរបរទេស ដែលបានរួមគ្នាញ៉ាំងឱ្យពិធីបុណ្យចូល​ឆ្នាំថ្មីប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

សរុបទៅការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយ​រីក​រាយ សោភណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រ​កបដោយមោទន​ភាព​ជាតិ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៤ថ្ងៃកន្លងទៅនេះ បាននាំមកនូវភាពសប្បាយរីករាយ​ជា​ខ្លាំងសម្រាប់ប្រជាពលរដ្ឋ តាមរយៈការរៀបចំព្រឹត្តិការណ៍នានារបស់អាជ្ញាធរនៅទូទាំង​ប្រទេ​ស តែពេលនេះវាបញ្ចប់ហើយ សូមកុំអោសក្រឡា ហើយគួរតែវិលមកវិញបំពេញការងារប្រ​ក​បដោយសក្តានុពល​ស្របតាមភារកិច្ច បេសកម្ម និងកាតព្វកិច្ច ប្រកបដោយការទទួលខុសត្រូ​វ​៕

Daily Program

Livesteam thumbnail