តើសេវាកម្មវេជ្ជសាស្រ្តនៅស្រុកយើងនឹងបន្តកែលំអរបន្ថែមទៀតឬទេ?

រដ្ឋមន្រ្តីក្រសួងសុខាភិបាលមួយរយៈពេលនេះ បានលើកឡើងច្រើនអំពីគុណភាពនិងសេវាកម្មរបស់ក្រុមគ្រូពេទ្យ និងស្តង់ដាវេជ្ជសាស្រ្តនៅតាមមន្ទីរពេទ្យនានានៅក្នុងប្រទេសជាច្រើនដង ដូច្នេះសង្ឃឹមថា សេវាកម្មនិងវិស័យវេជ្ជសាស្រ្តនៅស្រុកយើងនឹងកាន់តែកែលំអរបន្ថែមមួយកម្រិតថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងជាថ្មីទៀតហើយ នៅក្នុងកិច្ចប្រជុំកម្រិតក្រសួងដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្រ្តី បានណែនាំដល់មន្ទីរពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពអ្នកជំងឺ ដោយត្រូវពង្រឹងការបម្រើសេវា ទាំងការពិនិត្យពិគ្រោះ និងព្យាបាល នៅពេលមកទទួលសេវាពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយជាពិសេសផ្នែកសម្ភព និងស្រ្តី ទារក កុមារ និងមនុស្សចាស់។
លោករដ្ឋមន្រ្តី បានជំរុញលើសុវត្ថិភាពអ្នកជំងឺ ដោយការពង្រឹងប្រព័ន្ធព័ត៌មាន ការកត់ត្រាទុក បង្កើនការស្រាវជ្រាវនៅតាមអង្គភាព និងរៀបចំផែនការបណ្តុះបណ្តាលទាំង បច្ចេកទេសព្យាបាល និងការគ្រប់គ្រងប្រើប្រាស់ឱសថឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្រ្តីក៏បានណែនាំដល់ថ្នាកដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល ត្រូវពន្លឿន និងជំរុញការងារឯកសាររដ្ឋបាល ឱ្យបានលឿនទាន់ពេលវេលា និងការបម្រើសេវាច្រកចេញចូលជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរដោយឡែក ផ្នែកទំនាក់ទំនងត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍឱ្យបានជាប់លាប់ និងកៀងគរឱ្យមានការចូលរួមពីដៃគូ។
ចំណុចទាំងនេះគឺជាចំណុចដែលសុទ្ធតែជាធាតុចូលដ៏សំខាន់នៅក្នុងការពង្រឹងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ខណៈដែលពេលនេះពលរដ្ឋមួយចំនួនដែលបញ្ឈប់ការស្វែងរកសេវាសុខភាពនៅក្នុងប្រទេសថៃ ដោយសារតែអរិភាពនៅតាមព្រំដែន និង ការរើសអើង សូមងាកមកប្រើសេវាវេជ្ជសាស្រ្តនៅក្នុងស្រុក ហើយមួយចំនួនក៏បង្វិលទៅប្រទេសផ្សេងមានម៉ាឡេស៊ី វៀតណាម ជាដើម។
សម្រាប់អ្នកដែលសម្រេចចិត្តសាកល្បងសេវានេះនៅក្នុងស្រុក វាគឺជាឱកាសមួយ ហើយប្រសិនបើក្រុមគ្រូពេទ្យយើងអាចផ្តល់ទំនុកចិត្តដល់ពួកគាត់បាននៅពេលនេះ ពួកគាត់នឹងបន្តផ្សព្វផ្សាយ ហើយអាចនឹងបន្តទាក់ទាញមិត្តភក្តិ និង សាច់ញាតិបន្ថែមនោះសេវាកម្មសុខាភិបាលនៅក្នុងស្រុកយើងដឹងតែទៅមុខ។
សរុបទៅយើងសង្ឃឹមថា គោលការណ៍សុវត្ថិភាពអ្នកជំងឺ គឺជាចំណុចស្នូលនៃសេវាសុខាភិបាល និងជាវប្បធម៌ទំនើបកម្ម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ អាចនឹងចាក់ទម្លុះបេះដូងពលរដ្ឋយើងបាន។ ចាក់បានសម្រេចយ៉ាងណាគឺជាឱកាសរបស់អស់លោកក្រុមគ្រូពេទ្យយើងហើយ៕
Daily Program
