ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកយើងទាំងអស់គ្នាសូមកុំបំពានផ្លូវនេះ !

ផ្លូវដែកតាមពិតទៅជាផ្លូវអទិភាពមួយដែលមិនអាចធ្វេសប្រហែសបានទេ ប៉ុន្តែដោយសារតែរថភ្លើងស្រុកយើងដែលរត់នៅលើផ្លូវដែកនេះវាមិនសូវលឿន ហើយគួបផ្សំយើងទុកវាចោលយូរមិនសូវមានការប្រើប្រាស់ ទើបបានជាយើងចេះតែមានអ្នកបំពាន ។

តាមពិតទៅផ្លូវដែកគឺជា ផ្លូវដែលមានសិទ្ធិអទិភាពដាច់ខាត លើគ្រប់យានយន្តទាំងអស់ ដោយសាររថភ្លើងមិនអាចឈប់ភ្លាមៗ ឬកាច់ចង្កូតគេចគ្រោះថ្នាក់ដែលអ្នកបើកបរបានឃើញបានឡើយ ដូចនេះ យានយន្តគ្រប់ប្រភេទរួមទាំងប្រជាពលរដ្ឋយើងត្រូវតែផ្តល់ផ្លូវឲ្យរថភ្លើងទៅមុនជានិច្ចនៅពេលដែល រថភ្លើងមកដល់ ។ 

មកដល់ពេលនេះគ្រោះថ្នាក់នៅលើកំណាត់ផ្លូវរត់ភ្លើងមានជាច្រើនយ៉ាងតាំងពីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកម៉ូតូ បុករថយន្តតូចធំ រថភ្លើងក្រឡាប់ រហូតដល់រថភ្លើងកិនមនុស្សស្លាប់ ឫរបួសជាដើម ។​

តាមពិតទៅផ្លូវដែកនៅក្នុងស្រុកយើងមិនច្រើនទេ ហើយក៏មិនស្មុគស្មាញដែរ។ ម្យ៉ាងវិញទៀតល្បឿនរថយន្តភ្លើងសុ្រកយើងក៏មិនលឿនដែរ ពោលគឺអាចរត់លឿនបំផុតគឺ៦០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ប៉ុន្តែផ្លូវដែកស្រុកយើងឧស្សាហ៍មានសេចក្តីរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរណ៍និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗជាញឹកញាប់ ។

ហេតុនិងផលសំខាន់ដែលផ្លូវដែកស្រុកយើងឧស្សាហ៍ជួបបញ្ហាបែបនេះ គឺវាអាចដោយសារតែកត្តាយើងទាំងអស់គ្នាចូលចិត្តមើលស្រាល និង​មើលងាយ ហើយធ្វេសប្រហែស​។

ដោយសារតែវាជាផ្លូវចាស់ ល្បឿនក៏យឺត អ្នកខ្លះយកផ្លូវដែកជាកន្លែងជួបជុំគ្នាផឹកស៊ី សប្បាយ ខ្លះក៏ច្នៃប្រើប្រាស់ដឹកជញ្ជូនផ្សេងៗ ហើយខ្លះគិតថា វាយឺត មិនសូវមើលវែងឆ្ងាយទេ ហើយពេលខ្លះ ព្រហឺនដោយគិតថា វាជាយានមានល្បឿនយឺត ទោះជាដឹងទោះជាឃើញ ហើយពេលខ្លះគេបិទរបងហាមទៀតក៏នៅតែឆ្លៀតរុល ដោយគិតថាគេចផុត ។​

អ្នកខ្លះក្រោយពេលផឹកស្រវឹង ក៏លក់មួយស្របក់នៅលើកំណត់ផ្លូវនេះ ហើយគិតថា វាមិនអី ចាំរថភ្លើងមកចាំរត់ចេញ ប៉ុន្តែអំណាចនៃភាពងងុយ ហើយមើលស្រាលគ្រោះថ្នាក់បែបនេះទើបចេះតែធ្វើឲ្យវិស័យផ្លូវដែកនៅក្នុងស្រុកយើងចេះតែត្រូវមើលរំលង ។

សរុបទៅ ផ្លូវដែកមិនមែនជាផ្លូវធម្មតាដូចផ្លូវគោកផ្សេងៗនោះទេ ប៉ុន្តែជាផ្លូវដែលរថភ្លើងមានសិទ្ធិអាទិភាពដាច់ខាត ហើយគ្រប់អ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពជានិច្ច។ ទោះបីរថភ្លើងនៅកម្ពុជាមានល្បឿនមិនលឿនក៏ដោយ វាមិនអាចឈប់ភ្លាមៗ ឬបត់គេចឧបសគ្គបានទេ ដូច្នេះការមើលស្រាល ការបំពានរបាំងសុវត្ថិភាព ការប្រញាប់ប្រញាល់ ឬការប្រើប្រាស់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន គឺជាមូលហេតុសំខាន់ដែលនាំឱ្យកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់។ ដូច្នេះ ការកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែក មិនអាស្រ័យតែលើអាជ្ញាធរ ឬក្រុមហ៊ុនផ្លូវដែកប៉ុណ្ណោះទេ ប៉ុន្តែពឹងផ្អែកលើស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ការគោរពសញ្ញាចរាចរណ៍ មិនបំពានរបាំងបិទផ្លូវ មិនដើរ ឬអង្គុយលើផ្លូវដែក និងត្រូវឈប់រង់ចាំនៅពេលមានរថភ្លើងឆ្លងកាត់ គឺជាវិធានការសាមញ្ញ ប៉ុន្តែអាចការពារអាយុជីវិត និងទ្រព្យសម្បត្តិបានយ៉ាងមានប្រសិទ្ធភាព។ ការគោរពផ្លូវដែក គឺជាការគោរពសុវត្ថិភាពរបស់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមទាំងមូល។

 

Daily Program

Livesteam thumbnail