ជំងឺផ្លូវចិត្តអាចកំពុងយាយីពលរដ្ឋកម្ពុជាជាពិសេសគឺជនភៀសសឹក!
បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនឹងជំងឺផ្លូវចិត្តអាចនឹងកើតមានច្រើនករណី នៅក្នុងអំឡុងពេលនេះនិងពេលអនាគត ដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់។
អ្នកដែលប្រឈមមុខនឹងបញ្ហានេះអាចជាជនភៀសសឹកដែលគិតត្រឹមរសៀលម៉ោង១ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានកើនឡើងប្រមាណជាជាង៤សែននាក់ ហើយក្រៅពីនោះអាចជាក្រុមគ្រួសារបងប្អូនយុទ្ធជន ហើយសូម្បី អ្នកដែលកំពុងតែខិតខំបំពេញការងារនានាដែលនៅជាប់នឹងប្រជាពលរដ្ឋដែលកំពុងតែរងនូវទុក្ខលំបាក។
បញ្ហាដែលនាំឲ្យពួកគេកើតឡើងនូវជំងឺផ្លូវចិត្តនេះគឺអាចបណ្តាលមកពីការហត់នឿយខ្លាំង ការព្រួយបារម្ភពីបញ្ហានេះបញ្ហានោះជ្រុល ការភ័យខ្លាច ការសម្រាកមិនបានគ្រប់គ្រាន់ ក៏ដូចជាសំពាធនៃបន្ទុកគ្រួសារ និងការងារជាដើម។
នៅក្នុងស្ថានភាពបែបនេះ យើងខ្ញុំជឿជាក់ថា ខាងក្រសួងសុខាភិបាលដែលបានបញ្ជ្រៀបកម្មវិធីសុខភាពផ្លូវចិត្តចូលទៅក្នុងកម្មវិធីនិងប្រព័ន្ធសុខភាពរបស់ជាតិនឹងយកចិត្តទុកដាក់បន្ថែមលើបញ្ហានេះ។
ក្រៅពីនោះ ដើម្បីកុំអោយយើងទាំងអស់គ្នាធ្លាក់ហើយរងគ្រោះពីព្រោះតែជំងឺនេះកាន់តែធ្ងន់ធ្ងរអ្នកដែលប្រឈមមុខនៅក្នុងបញ្ហានេះ គួរចេះលៃលករិះគិតតាមផ្លូវសាសនាតាមជំនឿរៀងៗខ្លួន ហើយក្រៅពីនោះ ក៏អាចសាកល្បងរលៃលកវិធីសាស្រ្តសម្មាធិ។
យើងទាំងអស់គ្នាក៏អាចរៀននិងចែករំលែកគ្នាឫក៏ជជែកគ្នាពីនេះពីនោះដើម្បីធ្វើយ៉ាងណាឲ្យសេចក្តីបារម្ភ ភាពភ័យខ្លាចនេះ វាទម្លាយចេញពីក្នុងខ្លួនយើង។
ការធ្វើបែបនេះវាក៏ជាផ្នែកមួយដែលអាចនឹងជួយរក្សាសតិយើងរឹងមាំ ហើយវាក៏អាចចែករំលែកនិងទម្លាយបញ្ហាចេញពីក្នុងខ្លួន។ ជំងឺផ្លូវចិត្តនេះភាគច្រើនគឺប្រឈមនៅក្នុងចំណោមអ្នកដែលមិនព្រមបញ្ចេញវា ដូច្នេះវាចាំបាច់ណាស់ដែលយើងអាចចែករំលែក វាជាមួយនឹងអ្នកដ៏ទៃ ។
ការនិយាយការពិគ្រោះគ្នាក៏ជាវិធីសាស្រ្តមួយរំដោះការភ័យខ្លាច ការព្រួយបារម្ភ ការសង្ស័យចេញពីក្នុងចិត្ត របស់យើងបានមួយចំណែកផងដែរ។ ម្យ៉ាងវិញទៀតនៅក្នុងករណីដែលយើងសង្ស័យ គឺអាចពិគ្រោះយោបល់ជាមួយនឹងក្រុមការងារឫជាមួយនឹងមន្រ្តី ហើយបើអាចគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហា។
សរុបទៅយើងដឹងថា ស្ថានភាពផ្ទុះការប៉ះទង្គិចតាំងពីឆ្នាំទី០៧ ខែមេសា កន្លងមកនេះ គឺវាធ្ងន់ធ្ងរណាស់ ហើយក៏រន្ធត់ជាងពីមុនដែរ ដូច្នេះបើមានទុក្ខកុំលាក់អី ចែករំលែកជាមួយនឹងក្រុមគ្រួសារមិត្តភក្តិ សាច់ញាតិ ហើយនៅក្នុងពេលនេះកុំមើលបំណាំគ្នា។ សូមជួយគ្នាទៅវិញទៅមក នៅក្នុងស្មារតីជាខ្មែរទាំងអស់គ្នា៕