ជោគវាសនាជនភៀសសឹកជាង៣០ម៉ឺននាក់នៅព្រំដែនគួរជារបៀបវារៈ១សម្រាប់ប្រជុំ GBC នៅថ្ងៃច័ន្ទ !

ប្រមុខក្រសួងការពារជាតិកម្ពុជានិងថៃតាមគម្រោងនឹងជួបគ្នានៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៥ខាងមុខ តាមកម្មវិធីដែលបានគ្រោងទុកដូចមានចែងនៅក្នុងសេចក្តីប្រកាសរួមដែលអានដោយលោក អានវ៉ា អ៊ីប្រាហ៊ីម នៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជានិងថៃកាលពីដើមសប្តាហ៍កន្លងទៅ។
មកដល់ពេលនេះភាគីកម្ពុជានិងថៃ ពិតជាបានកំពុងតែកំពុងតែបំពេញទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនោះ គឺរួមមានការអនុវត្តបទឈប់បាញ់នៅពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា។ ហើយបន្ទាប់មកគឺការជួបចរចារក្រៅផ្លូវការរវាងមេបញ្ជាការភូមិភាគកម្ពុជានិងថៃ។
ពីរចំណុចដែលសង្កត់ធ្ងន់នៅក្នុងសេចក្តីប្រកាសរួមនេះគឺបានអនុវត្តបណ្តើរហើយមេបញ្ជាការភូមិភាគទាំងពីរភាគីក៏បានយល់ព្រមបទឈប់បាញ់ មិនធ្វើការចល័តទ័ពហើយក៏មិនបន្ថែមកម្លាំង និង យល់ព្រមបង្កើតក្រុមការងារទំនាក់ទំនងគ្នាឡើងវិញ។ មកដល់ពេលនេះស្ថានការណ៍ជាក់ស្តែងនៅព្រំដែនស្ងប់ស្ងាត់ តែលើការទូតគឺនៅតែមានការចោទប្រកាន់និងច្រានចោលទៅវិញទៅមក ខណៈដែលនៅលើបណ្តាញសង្គមក៏វិលវល់សម្បើមដែរ។
កាលពីម្សិលភាគីកម្ពុជាក៏បានរៀបចំដំណើររបស់ក្រុមអ្នកសង្កេតការណ៍ដែលជាមន្រ្តីសេនានុព័ន្ធយោធាប្រចាំនៅកម្ពុជាមកពី១៣ ប្រទេស ចុះដល់តំបន់ដែលរងគ្រោះដើម្បីឲ្យដឹងអំពីស្ថានភាពពិតដូចអ្វីដែលកម្ពុជាបានលើកឡើង ។
មកដល់ពេលនេះការអនុវត្តកិច្ចព្រមព្រៀងនេះមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយមេបញ្ជាការទាំងពីរភាគីទំនងជាមិនអាចមានសមត្ថកិច្ចទៅសម្រេចអ្វីលើសពីនេះដែរ។ ភាគីថៃនៅបន្តចោទប្រកាន់ភាគីកម្ពុជាដដែលៗអំពីការរំលោភបទឈប់បាញ់ ហើយកម្ពុជាក៏បានខិតខំបំភ្លឺនឹងច្រានចោល ហើយក៏បានអំពាវនាវឲ្យភាគីថៃឈប់បំភ្លៃការពិត។
និយាយឲ្យចំទៅស្ថានភាពវាហាក់ដូចនៅបន្តផុយស្រួយនៅឡើយទេ ស្របពេលដែល មេដឹកនាំបរទេសបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ បន្តខិតខំពង្រឹងការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយមកដល់ពេលនេះ ជនភៀសសឹកកម្ពុជានៅក្នុងខេត្ត៥ គឺឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិសាត់ និង សៀមរាបបានឡើងរហូតដល់ទៅ ជាង ១៦ ម៉ឺននាក់ ។
សរុបទៅក្រោយពេលដែលមានបទឈប់បាញ់ដែលអនុវត្តបាន ៣ថ្ងៃមកនេះ យើងសង្ឃឹមថា ការអនុវត្តនេះនឹងបន្តមានជារៀងរហូត ហើយដល់ថ្ងៃទី ០៤ ខែសីហា ខាងមុខភាគីទាំងពីរនឹងពិភាក្សាដូច្នេះសូមរិះគិតដល់ទុកលំបាកពលរដ្ឋ ដែលកំពុងភៀសខ្លួនទាំងសងខាងអាចមានការធានាត្រឹមត្រូវមួយដើម្បីឲ្យពួកគេឆាប់បានវិលត្រឡប់ទៅលំនៅស្ថានពួកគេវិញ បន្តជីវភាពជាប្រក្រតីឡើងវិញ៕
Daily Program
