ជីវិតជោគជ័យ ឬបរាជ័យ មិន កំណត់ដោយ ជាប់ឬ ធ្លាក់ បាក់ឌុបឡើយ !
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬក៏បាក់ឌុបគឺជាការវាស់ស្អង់សមត្ថភាពរបស់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាចំណេះទូទៅប៉ុណ្ណោះ ប៉ុន្តែត្រង់ថា វាគឺជាការប្រឡងបញ្ជាក់ពីភាពជោគជ័យនិងបរាជ័យគឺមិនមែនជាដាច់ខាត។
ជីវិតមនុស្សមានផ្លូវដែលទៅកាន់វិថីជោគជ័យនៃជីវិតផ្សេងៗគ្នា អ្នកខ្លះជោគជ័យដោយការរៀន ដោយការសិក្សារៀនសូត្រ ដោយការធ្វើការងារ ដោយការរកស៊ីខិតខំប្រកបរបរ ចិញ្ចឹមជីវិត អ្នកខ្លះទៀតអាចជោគជ័យ ដោយសារតែ ការចេះកែច្នៃ ឬកែខៃ ច្នៃប្រឌិត ដូច្នេះ យើងមិនអាចនិយាយបានថា ការប្រឡងកាលពីថ្ងៃទី ៦ និង ទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ជាកត្តាកំណត់ជោគជ័យឫបរាជ័យនៃជីវិតបានឡើយ ។
វិធីសាស្រ្តនៅក្នុងការទទួលបានជោគជ័យនេះ ខ្លះគឺអាចលឿន ខ្លះអាចយឺត គឺទៅតាមលទ្ធភាព ការខិតខំ តាមមធ្យោបាយរាងៗខ្លួន ហើយជោគជ័យរបស់មនុស្សក៏មានផ្សេងៗគ្នា អាស្រ័យនៅលើថា តើយើងចង់បានជោគជ័យយ៉ាងណា ពោលគឺវាអាស្រ័យនៅលើគោលដៅ ដែលយើងកំណត់។
ផ្អែកតាមកត្តានេះ អ្នកដែលប្រឡងចេញលទ្ធផលមកថា ជាប់សូមចូលរួមអបអរ និងសប្បាយរីករាយជាមួយហើយក៏សូមជូនពរអោយប្អូនៗនិងបេក្ខជនដែលជាប់ទាំងអស់បន្តខំប្រឹងបន្តទៀតដើម្បីអោយជីវិតកាន់តែប្រសើរ ហើយក៏សូមកុំភ្លេចកំណត់គោលដៅរបស់ខ្លួនអោយបាន ច្បាស់លាស់ថា ចង់ធ្វើអីនៅពេលអនាគត ហើយរៀបចំផែនការដែលត្រូវតែដើរដើម្បីសម្រេច គោលដៅនោះ ។
ដោយឡែកប្អូនៗ និងបេក្ខជនដែលបរាជ័យ នៅក្នុងការប្រឡងមានន័យថា ប្រឡងធ្លាក់ក៏កុំតូចចិត្ត ហើយចាត់ទុកថា នេះគឺជាការបរាជ័យនៅក្នុងជីវិតអោយសោះ។ ជីវិតមនុស្សវែងឆ្ងាយណាស់ ហើយគោលដៅក៏ខុសៗគ្នា។ ជាក់ស្តែងយើងកំណត់គោលដៅមួយ វាមិនប្រាកដថា យើងត្រូវដើរតែមួយផ្លូវនោះទេ ។ ពេលខ្លះយើងដើរផ្លូវត្រង់មិនដល់គោលដៅនោះ យើងត្រូវតែដើរវាង ដែលអាចឆ្ងាយបន្តិច យឺតជាងគេបន្តិច ប៉ុន្តែយើងនៅតែទៅដល់គោលដៅនោះដដែលនោះទេ។
សរុបមកវិញ សម្រាប់អ្នកប្រឡងកន្លងមក អ្នកដែលជាប់យើងខ្ញុំសូមចូលរួមអបអរសំដែងនូវ ក្តីរំភើបជាមួយនឹងសមិទ្ធផលថ្ងៃនេះ តែកុំភ្លេចកុំសប្បាយហើយប្រហែស តែប្រហែស វាអាចអោយវិថីជីវិតយើងភ្លាត់បានហើយ អ្នកដែលធ្លាក់ក៏កុំអស់សង្ឃឹម សូមព្យាយាមរិះរកនិងកែខៃវិថីជីវិតយើងតាមវិធីផ្សេង ហើយអាណាព្យាបាល ដល់ប្អូនៗដែលធ្លាក់ក៏សូមកុំស្តីបន្ទោស ពោលគឺសូមលើកទឹកចិត្តផ្តល់ភាពកក់ក្តៅ ដើម្បីធ្វើយ៉ាងណាអោយពួកគបន្តក្តីសង្ឃឹម សម្រាប់អនាគត៕