ជីកត្រង់សេ និងរៀបចំលេនដ្ឋាននៅតាមផ្ទះ ក៏ជាជម្រើសដែលពលរដ្ឋត្រូវគិតគូ

មកដល់ពេលនេះស្ថានការណ៍ព្រំដែននៅកម្ពុជានិងថៃកាន់តែតានតឹងឡើងរហូតដល់ ភាគីថៃបានសម្រេចបិទព្រំដែនជាឯកតោភាគីជាមួយនឹងកម្ពុជា ហើយតាមការវិភាគ ស្ថានការណ៍នេះប្រហែលជាកាន់តែវិវត្តន៍ទៅមុខដ៏ស្មុគស្មាញ ។
កាលពីថ្ងៃទី ២៦ ខែមិថុនា មេដឹកនាំកម្ពុជានិងថៃគឺសុទ្ធតែបានចុះទៅព្រំដែនដូចគ្នា គ្រាន់តែទីតាំងផ្សេងគ្នា ប៉ុន្តែការចុះរបស់មេដឹកនាំនៃប្រទេសទំាងពីរហាក់មិនបង្ហាញនូវ ដំណោះស្រាយនោះទេ គឺមានតែការដាក់សំពាធគ្នាទៅវិញទៅមក។
នៅពេលនេះថៃបានយកលេសលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអនឡាញ បិទបាំងសកម្មភាពបិទព្រំដែនខុសច្បាប់ដោយឯកតោភាគី លើបញ្ហាតានតឹងពាក់ព័ន្ធ នឹងបញ្ហាទឹកដី ដែលសម្រេចចិត្តដោយយោធា។
លើបញ្ហាព្រំដែននេះ ថៃនៅតែប្រើប្រាស់ផែនទីឯកតោភាគីជាមូលដ្ឋាន ដែលនោះហើយ ជាចំណុចប្រទាំងប្រទើសដែលនាំឲ្យកម្ពុជាយកបញ្ហានៅតំបន់រសើបបួនកន្លែងគឺតំបន់ មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ។
ស្ថានការណ៍នេះគឺពិតជាមានហានិភ័យ ហើយនៅក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន បានចុះទៅបំពេញទស្សនៈកិច្ចនៅតំបន់ក្បែរៗនោះ បានណែនាំនិងលើកទឹកចិត្តឲ្យពលរដ្ឋ ប្រុងប្រយ័ត្ន ហើយគួរតែជីកត្រង់សេ ជាកន្លែងសុវត្ថិភាពទុកជាមុន ដើម្បីបង្ការក្រែងមាន សង្រ្គាមកើតមានឡើង។
មន្រ្តីយោធាថៃជាន់ខ្ពស់នៅក្នងតំបន់នោះ ធ្លាប់បានលើកឡើងថា ពួកគេត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការធ្វើសង្រ្គាម ហើយនៅតែបន្តទាមទារតំបន់រសើបថា ជាផ្នែកមួយនៃទឹកដីរបស់ពួកគេ ដោយសំអាងតែលើឯកសារផែនទីដែលពួកគេគូសជាឯកតោភាគីប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាតានតឹងនេះអាចនឹងអូសបន្លាយយូរ ហើយស្មុគស្មាញជាងអ្វីដែលធ្លាប់កើតមានពីមុនមក ហើយក៏បានប្រឡូយនិងបង្ហើប អ្វីដែលជាព័ត៌មានរសើប និង សម្ងាតជាច្រើន ពាក់ព័ន្ធនឹងមេដឹកនាំថៃនាពេលបច្ចុប្បន្ននេះ។
សរុបទៅសូមប្រុងប្រយ័ត្ន ហើយប្រសិនបើយើងរៀបចំត្រង់សេ និង លេនដ្ឋានទុកជាមុន ក៏មិនមានការខាតបង់ច្រើនដែរ ប៉ុន្តែផ្ទុយទៅវិញនៅក្នុងករណីភាពតានតឹងវាទុំជោរខ្លាំងពេក ហើយផ្ទុះនៅពេលនោះយើង មានកន្លែងសុវត្ថិភាពស្រាប់ ដើម្បីការពារខ្លួន៕
Daily Program
