ជម្លោះព្រំដែននៅតែងំ ​

ការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនហាក់ស្ងប់ស្ងាត់ ប៉ុន្តែសំពាធការទូតនិងសមភូមិព័ត៌មាននៅតែក្តៅគគុក ដែលយើងត្រូវតែបន្តស្វាហាប់និងម្ចាស់ការបន្តនិងបន្ថែមកិច្ចប្រឹងប្រែងទៀត។

ជាការពិតគិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦៤ម៉ឺន​នាក់ មានប្រមា​ណ​ជាង៥២ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨០ភាគរយ បានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ប៉ុន្តែកុំភ្លេចថា កម្ពុជានៅសល់ជាង ១២ ម៉ឺននាក់ទៀតដែលនៅជម្រកសុវត្ថិភាពនៅឡើយ ជាពិសេសគឺបងប្អូនដែលមិនដឹងទៅណា ដោយសារតែលំនៅស្ថានរបស់ពួកគេត្រូវបានកងទ័ពថៃចូលមកគ្រប់គ្រងនិងធ្វើសកម្មភាពបំផ្លាញដោយខុសច្បាប់ចាប់តាំងពីពេលអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកនោះ។

ជាក់ស្តែងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជាបានអះអាងថា បាតុភាពដែលបង្កឡើងដោយយោធាថៃនេះ គឺកំពុងតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចជា ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ និង ការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យជាដើម។

នៅក្នុងស្ថានភាពបែបនេះយើងទាំងអស់គ្នាដាច់ខាតកុំនៅស្ងៀម គឺយើងត្រូវតែខិតខំធ្វើកិច្ចការផ្សព្វផ្សាយហើយចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដែលបានកំពុងតែខិតខំដោះស្រាយ ដោយប្រើប្រាស់គ្រប់យន្តការជាពិសេសគឺការទូតនិងច្បាប់អន្តរជាតិ។

កិច្ចការនេះមិនងាយស្រួលទេ វាចាំបាច់សម្រាប់យើងទាំងអស់គ្នាត្រូវតែចាំបាច់រួបរួមគ្នាបន្តរក្សាជំហរតែមួយជាមួយនឹងរាជរដ្ឋាភិបាល​ និង​ស្ថាប័នផ្លូវការរបស់ជាតិដើម្បីធ្វើយ៉ាងណាវាយបកតាមយន្តការនិងជំហានដែលរដ្ឋាភិបាលដាក់ចេញ សំដៅរក្សាបានទាំងសន្តិភាព និង ដោះស្រាយជម្លោះដោយសន្តិវិធី ហើយសំខាន់គឺរក្សាបាននូវដែនអធិបតេយ្យភាព​និងបូរណភាពទឹកដីកម្ពុជា​ដ៏ពិតប្រាកដ ផ្អែកតាមឯកសារនិងយន្តការដែលមានការទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ យើងទាំងអស់គ្នាគឺចាំបាច់ចូលរួមផ្សព្វផ្សាយ រក្សាជំហរឲ្យរឹងមាំ កុំជឿលើការឃោសនាអកុសល ពោលគឺត្រូវធ្វើការជាមួយនឹងអាជ្ញាធរ ខិតខំពង្រឹងជំហរ អភិវឌ្ឈន៍ចំណេះជំនាញ លើកកំពស់កម្រិតជីវភាព កាត់បន្ថយបញ្ហានៅក្នុងសង្គម៕

 

Daily Program

Livesteam thumbnail