ចួលឆ្នាំថ្មីបើអាកាសធាតុក្តៅ ត្រូវថែរក្សាសុខភាពផង !
អាកាសធាតុមកដល់ដើមខែមេសានេះឃើញថាមានសភាពក្តៅខ្លាំងហើយស្ងួតចំពេលចូលឆ្នាំ ថ្មីថែមទៀត ដូច្នេះពេលឈប់សម្រាកដើរលេង ឬធ្វើដំណើរទៅណាមកណាសូមយកចិត្តទុកដាក់ថែរក្សាសុខភាពផង។
នៅដើមខែមេសានេះកំដៅបានឡើងរហូតដល់ទៅ ៣៧អង្សាសេ ហើយអាចនឹងបន្តឡើងថែម ទៀតប្រសិនបើមិនមានបាតុភូតនៃភ្លៀងកកខែទេនោះ។ ស្ថានភាពបែបនេះអាចនឹងបណ្តាល ឲ្យអ្នកដែលមានបញ្ហាខ្សោយផ្លូវដង្ហើមនិងមានជំងឺរ៉ាំរ៉ៃមួយចំនួនអាចប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ ជាពិសេសគឺមនុស្សចាស់ និងកុមារ។
នៅក្នុងករណីក្តៅខ្លាំងមិនគួរដើរលេងនៅកន្លែងណាដែលមិនសូវមានម្លប់ឡើយ ។ ហើយប្រសិនជាទៅសូមប្រើមួក ឆ័ត្រ ឬសម្លៀកបំពាក់ដែលជួយការពារកំដៅខ្លះ ដើម្បីកាត់បន្ថយហានិភ័យ។ ក្រៅពីនេះដើម្បីការពារកុំអោយរាងកាយហត់ខ្សោះជាតិទឹកពីក្នុងខ្លួនគួរតែបំពេញ ជាតិទឹកអោយបានគ្រប់គ្រាន់ ហើយគួរជៀសវាងប្រភេទអាហារនិងភេសជ្ជផ្អែម ដែលអាចអោយរាងកាយងាយរងនឹងបញ្ហារលាកបំពង់ក ឬបំពង់រំលាយអាហារ។
មិនមែនជារឿងលេងសើចទេ នៅពេលដែលអាកាសធាតុក្តៅខ្លាំងពេកនៅពេលដែលសីតុណ្ហ ភាពរាងកាយមិនអាចទប់ទល់ និងសំពាធកំដៅពីខាងក្រៅទេនោះ សុខភាពមនុស្សនឹងទ្រុឌទ្រោមចុះខ្សោយ ហើយក៏អាចនឹងប្រឈមមុខនឹងបញ្ហាតាំងពីរមួលក្រពើរហូតដល់ជំងឺឡើង សំពាធឈាម ហើយប្រសិនបើកាន់តែធ្ងន់ធ្ងរថែមទៀតនោះ គឺអាការៈដាច់សរសៃឈាម ដែល ជាជំងឺគ្រោះថ្នាក់បំផុត ។
សូមប្រុងប្រយ័ត្នពិសេសគឺជំងឺស្ត្រូកដែលហៅថា ដាច់សរសៃឈាមនេះដោយសារវាអាច គ្រោះថ្នាក់ដល់ជីវិតហើយក៏អាចនឹងពិការដោយប្រការណាមួយនៅក្នុងករណីវាដាច់ចំសរសៃធំ ហើយសំខាន់។
នៅពេលដែលអាកាសធាតុក្តៅខ្លាំងបែបនេះកន្លែងដែលប្រសើរសម្រាប់ដំណើរកំសាន្តគឺគួរតែកន្លែងណាដែលមានទឹកលេង ហើយមានម្លប់ឈើត្រឈឹងត្រាឈៃ ។ នៅក្នុងករណីទៅសមុទ្រគួរតែលេងទឹកសមុទ្រនៅពេលព្រលឹមបន្តិច និងនៅពេលដែលព្រះអាទិត្យបន្ថយកំដៅ ពេលគឺអាចចាប់ពីម៉ោង៤កន្លះល្ងាច បើមិនដូច្នេះទេ ស្បែកលោកអ្នកនឹងត្រូវរោលកំឡោចដោយកំដៅនិងសារធាតុអំបិលពីទឹកសមុទ្រ មិនខាន។
សរុបទៅដើម្បីដើរលេងចូលឆ្នាំសូមត្រៀមទឹកឲ្យបានច្រើនជាងភេសជ្ជនានា រួមទាំងគ្រឿងស្រវឹង និងភេសជ្ជៈដែលមានរសជាតិផ្អែម។ អាកាសធាតុក្តៅបែបនេះទទួលទានគ្រឿងស្រវឹងក៏ងាយរងនឹងបញ្ហាសុខភាពដែរ ខណៈដែលភេសជ្ជផ្អែមងាយបង្កហានិភ័យតាំងពីសរសៃ រហូតដល់តម្រង់នោម៕