ចូលឆ្នាំប្រសិនបើធ្វើដំណើរឆ្ងាយនិយាយដដែលគឺកុំភ្លេចបីចំណុច !
នៅពេលដែលសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសប្តាហ៍ក្រោយប្រសិនបើអាចមានលទ្ធភាពទៅណាមកណាឆ្ងាយពីផ្ទះ សូមកុំភ្លេចបីចំណុចសំខាន់ៗ គឺគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពលំនៅស្ថាន និង បញ្ហាគ្រោះអគ្គីភ័យ។
បីចំណុចនេះគឺជាចំណុចដែលនៅតែជាក្តីបារម្ភ ប្រសិនបើបងប្អូនដែលមានលទ្ធភាពអាចធ្វើដំណើរទៅឆ្ងាយពីផ្ទះនៅពេលដែលសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពលំនៅស្ថាន និង បញ្ហាអគ្គីភ័យគឺជាចំណុចដែលយើងគួរតែយកចិត្តទុកដាក់បំផុត ពីព្រោះតែវាកើតឡើង គ្រោះមហន្តរាយនៅក្នុងគ្រួសារបងប្អូននឹងកើតមានឡើងមិនខាន។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ទោះបីជាតម្លៃប្រេងឥន្ធនៈឡើងថ្លៃយ៉ាងណាក៏ដោយ ក៏អ្នកដែលមានគម្រោង នឹងធ្វើដំណើរទៅខេត្ត ទៅស្រុកកំណើត ទៅកំសាន្ត ទៅរមណីដ្ឋាននានានៅតែមាន ដូច្នេះនៅពេលដែលបងប្អូនធ្វើដំណើរគឺចាំបាច់ត្រូវតែបើកបរដោយការទទួលខុសត្រូវ និង គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានហ្មត់ចត់ ពីព្រោះរាល់ឆ្នាំ គ្រោះថ្នាក់ចរាចរណ៍ច្រើនកើតមានច្រើន។
ដោយឡែកលើបញ្ហាសុវត្ថិភាពលំនៅស្ថានកជាបញ្ហាដែលយើងគួរតែមិនអាចមើលរំលងបានដែរ ពីព្រោះ មកដល់ពេលនេះវានៅតែកើតមានបញ្ហាអសកម្មនានាកើតមានឡើងជាបន្តបន្ទាប់។ ដូច្នេះទៅណាមកណាបងប្អូនគួរផ្តែផ្តាំអ្នកជិតខាង ឬបងប្អូនឲ្យជួយគ្នាលើករណីនេះ។ ក្រៅពីនេះនៅមុនពេល ធ្វើដំណើរទៅណាមកណា សូមពិនិត្យមើលសុវត្ថិភាពលំនៅស្ថានឲ្យបានច្បាស់លាស់ ពីព្រោះថា ក្រុមដែលឆ្លៀតឱកាសក៏មានច្រើនដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់។
ក្រៅពីនោះកត្តាគ្រោះអគ្គីភ័យដែលកើតឡើងពីការឆ្លងចរន្តអគ្គិសនី សំណល់ភ្លើងនៅចង្រ្កាន្ត និង បញ្ហាចៃដន្យផ្សេងៗរមែងកើតមានឡើងជាប្រចាំ។ ក្រៅពីនោះមុនទៅណាមកណាបងប្អូនគួរតែបិទភ្លើង ហើយបិទបារ៉ែត ឲ្យបានត្រឹមត្រូវ ដើម្បីជាការបង្ការនិងការពារ ។
សរុបទៅគ្រោះថ្នាក់ចរាចរណ៍ក្តី សុវត្ថិភាពលំនៅស្ថាន និង បញ្ហាគ្រោះអគ្គីភ័យគឺវាមិនចេះតែកើតមានឡើងនោះឡើយ។ បញ្ហានេះវាទាមទារនូវលក្ខខណ្ឌផ្សេងៗជាច្រើន ហើយដើម្បីចូលរួមបង្ការនិងការពារ គ្រោះមហន្តរាយនេះដែលកើតមានឡើងដោយសារតែកត្តាទាំងនេះ ការប្រុងប្រយ័ត្នគឺជារឿងដែលយើងគួរតែប្រកាន់យក៕