ចូលឆ្នាំខាងមុខ កុំប្រហែសរឿងគ្រោះមហន្តរាយដោយអគ្គីភ័យ

ចាប់ពីចុងសប្តាហ៍នេះតទៅពោលគឺថ្ងៃសៅរ៍ទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋទូទាំងប្រទេសនឹងរីករាយសប្បាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែក្រៅពីត្រៀមអារម្មណ៍សប្បាយក៏កុំភ្លេចគ្រោះមហន្តរាយផ្សេងៗជាពិសេសគឺគ្រោះអគ្គីភ័យ។
គ្រោះអគ្គីភ័យវាពិតជាសហាវ ហើយមហន្តរាយរបស់វាក៏ធំដែរ ដូច្នេះនៅពេលដែលអ្នកទៅណាមកណាមិននៅផ្ទះគួរតែយកចិត្តទុកដាក់រក្សាសុវត្ថិភាពឲ្យបានប្រសើរ ។
តាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាំងពីឆ្នាំ២០២៣ មក គ្រោះមហន្តរាយដោយអគ្គីភ័យមានការកើនឡើងរហូត ដូច្នេះ ឆ្នាំនេះក៏គួរតែលើកកំពស់ការប្រុងប្រយ័ត្នផងដែរ ដើម្បីកុំអោយស្ថិតិវាកើនឡើងលើសឆ្នាំមុនៗបន្តទៀត ។
តាមស្ថិតិដែលគេបានកត់ត្រា កាលពីឆ្នាំ២០២៣ នៅក្នុងអំឡុងនៃការរីករាយសប្បាយ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីមានពលរដ្ឋរងគ្រោះនឹងគ្រោះអគ្គីភ័យនេះដល់ទៅ ១៥ករណី ។ ហើយដល់៣ ថ្ងៃនៅក្នុងអំឡុងពេលនៃពិធីបុណ្យដដែលតែនៅក្នុងឆ្នាំ២០២៤គឺកើនឡើងដល់២០ ករណី ។
នាឆ្នាំ២០២៣ គ្រោះអគ្គីភ័យវាបានបំផ្លាញលំនៅស្ថានរបស់ប្រជាពលរដ្ឋសរុប ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង ហើយនៅ ក្នុងឆ្នាំ២០២៤គឺគ្រោះអគ្គិភ័យបានបំផ្លាញផ្ទះ ១៥ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា។
សំណាងដែរនៅក្នុងហេតុការណ៍គ្រោះមហន្តរាយនេះមិនមានមនុស្សស្លាប់ ប៉ុន្តែសម្រាប់ឆ្នាំនេះមិនទាន់ដឹង ដូច្នេះហើយបានជាបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្ន ពីព្រោះមូលហេតុនៃគ្រោះអគ្គីភ័យទាំងនេះ គេបានដឹងហើយថា គឺវាកើតឡើងដោយសារតែឆ្លងចរន្តអគ្គីសនី ហើយបច្ច័យសំខាន់គឺប្រដាប់សាកថ្មទូរស័ព្ទ ឫក៏ឌុយខ្សែរភ្លើងតែម្តង ។
ក្រៅនោះ គឺការធ្វេសប្រហែសរឿងដុតទៀនធូប និង ការគោរពសក្ការៈបូជា ដែលខ្វះការទទួលខុសត្រូវ ខ្វះការប្រុងប្រយ័ត្ន។
ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់បងប្អូនផ្ទាល់ និង អ្នកដ៏ទៃមុនទៅណាមកណាគឺសូមយកចិត្តទុកដាក់ផ្តាច់ចរន្តអគ្គីសនីឲ្យអស់ ដើម្បីជៀសវាងវាឆ្លង ហើយយើងមិននៅផ្ទះ នាំឲ្យគេជួយមិនទាន់ពេលវេលា។
ក្រៅពីនោះការអុជទានធូបសក្ការៈបូជាក៏តែប្រុងប្រយ័ត្ន ហើយត្រូវរង់ចាំវារលត់សព្វគ្រប់ចាំចាកចេញពីផ្ទះ មិនមែនគ្រាន់តែដុតរកតែវារលត់មិនទាន់ឡានឫម៉ូតូវិលកងចេញឡើយ។
សរុបទៅមានតែការប្រុងប្រយ័ត្ននិងលើកកំពស់ការការពារទាំងអស់គ្នាទេ ទើបធ្វើឲ្យអាយុជីវិតនិងទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាគងវង្ស់។ មុននឹងចាកចេញពីផ្ទះសូមពិនិត្យឲ្យសព្វតាំងពីការបិទចរន្តអគ្គីសនី ត្រួតពិនិត្យកន្លែងសក្ការបូជា បិទទ្វារបង្អូតឲ្យបានត្រឹមត្រូវ ហើយសំខាន់គួរតែផ្តាំផ្ញើអ្នកជិតខាង ផងដែរ ។
Daily Program
