ចង់មានលុយចាយចូលឆ្នាំពេញដៃបន្តិច កុំភ្លេចចាប់ផ្តើមសន្សំពីឥឡូវទៅអោយហើយ !

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិខ្មែរយើង គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយ ដែលនឹងមកដល់នៅក្នុងថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។
នៅក្នុងថ្ងៃនោះយើងម្នាក់ៗនឹងត្រូវចំណាយច្រើនលើការជួបជុំក្រុមគ្រួសារ ការលេងល្បែងប្រជាប្រិយ និងពិធីសាសនាផ្សេងៗ។ ដើម្បីឲ្យយើងទាំងអស់គ្នារីករាយក្នុងឱកាសដ៏មហារីករាយនោះយ៉ាងពេញលេញ វាចាំបាច់មានលុយ ដើម្បីមានលុយ យើងក៏ចាំបាច់ត្រូវតែ រៀបចំផែនការហិរញ្ញវត្ថុរបស់យើងម្នាក់ដោយភាពឆ្លាតវៃឲ្យហើយ ។
កុំលេងសើចការចំណាយសម្រាប់ពិធីបុណ្យចូលឆ្នាំនៅខែក្រោយនេះ បើមិនមានលុយចាយពេញដៃទេ សប្បាយក៏សប្បាយមិនអស់ដែរ ដូច្នេះយើងត្រូវតែចេះរៀបចំផែនការឲ្យហើយ។
ដើម្បីឲ្យយើងអាចរីករាយសប្បាយបានដូចគេដូចឯងនៅពេលដែលធនធានយើងហាក់មានកម្រិតបន្តិចនោះ គឺយើងត្រូវចេះ កំណត់ការការៀបចំកញ្ចប់ថវិកាច្បាស់លាស់ដោយប៉ាន់ប្រមាណការចំណាយសម្រាប់បុណ្យចូលឆ្នាំខ្មែរ រួមទាំងការដឹកជញ្ជូន អាហារ អំណាយ និងការកម្សាន្ត។
រាប់ចាប់ពីថ្ងៃទី២៧ ខែមីនាតទៅ ពេលវេលាសន្សំគឺនៅសល់ត្រឹមតែ១៨ ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងអាចសន្សំបានមួយថ្ងៃ១០ ដុល្លារ ទម្រាំដល់ថ្ងៃនោះ យើងអាចនឹងនៅសល់ប្រាក់យ៉ាងហោចណាស់១៨០ដុល្លារដែរ សម្រាប់ទប់ទល់នឹងការចំណាយផ្សេងៗ ប៉ុន្តែចាយយ៉ាងម៉េចអាចសន្សំបាន១ថ្ងៃ១០ដុល្លារវាគឺជារឿងដែលលំបាកមួយដែរ។
ដើម្បីយើងអាចសន្សំបានមួយថ្ងៃ១០ ដុល្លារ នេះ គួរតែសាកល្បងកាត់បន្ថយការចំណាយដែលមិនចាំបាច់ផ្សេងៗហើយ តាមការពិនិត្យមើលការចំណាយប្រចាំថ្ងៃរបស់អ្នក និងកំណត់អ្វីដែលគួរចាយនិងអ្វីដែលមិនគួរចាយ។ មេគ្រួសារ បើអាចកាត់ចំណាយលើថ្លៃកាហ្វេ ថ្លៃកម្មវិធីសង្គម ដូចជាកម្មវិធីជួបជុំផឹកស៊ី នៅខាងក្រៅផ្ទះមួយរយៈសិនបានរឹតតែល្អ ប៉ុន្តែបើអាចបញ្ឈប់តែម្តងក៏វាប្រសើរ។
យើងអាចបន្ថយបាយក្រៅផ្ទះមកបាយជុំគ្នាជាមួយកូនប្រពន្ធ រីឯស្រ្តីអាចលៃលកច្នៃម្ហូបអាហារណា ដែលមិនសូវចំណាយច្រើន តែមានគុណភាពសម្រាប់អាហារូបបត្ថម្ភគ្រប់គ្រាន់សម្រាប់កូននិងគ្រួសារ ដូចជាពពួកបន្លែ ត្រីសាច់ យកមកចំអិនខ្លួនឯង។ មួយរយៈពេលនេះអាចក្រោកដាំបាយព្រឹករៀបចំអាហារនៅក្នុងផ្ទះ ហើយចេះលើកទឹកចិត្តកូនៗកុំនាំគ្នាយកលុយទៅចាយខាងក្រៅនៅចុងសប្តាហ៍។
ក្រៅពីនោះយើងអាចខិតខំបង្កើនចំណូលតាមការបន្ថែមម៉ោងធ្វើការឬច្នៃលៃលកតាមលទ្ធភាព ដើម្បីអាចបានប្រាក់ចំណូលខ្លះៗជួយ ផ្សែផ្សំគ្នា។ រីឯការទិញទំនិញវិញក៏គួរតែវៃឆ្លាត ទំនិញណាត្រូវទិញនិងទុកបានយូរ ឬហូបទៅចំណេញប្រាក់និងសុខភាព។
សរុបមកវិញយើងដឹងថា ការកែប្រែទម្លាប់គឺពិបាក ប៉ុន្តែប្រសិនបើយើងចេះលើកទឹកចិត្តចេះពន្យល់ និង ចេះខិតខំអត់ធ្មត់ និង ចេះច្នៃស្ថានការណ៍ យើងអាចនឹងលៃលក ហើយនឹងអាចនៅសេសសល់ធនធាន ដែលអាចនឹងនាំយើងឲ្យរីករាយបុណ្យចូលឆ្នាំថ្មីដោយអំណរសប្បាយទាំងអស់គ្នា។ ចាប់ផ្តើមសន្សំថ្ងៃនេះ ហើយទន្ទឹងរង់ចាំឆ្នាំថ្មីដ៏រីករាយ និងគ្មានភាពតានតឹង!
Daily Program
