ឃើញឈ្មោះថ្នាក់ដឹកនាំទាក់ទងតាមបណ្តាញសង្គមទៅប្រុងប្រយ័ត្នផង! ក្រុមអ្នកក្លែងបន្លំមានច្រើនណាស់
មួយរយៈពេលនះ រូបភាពនិងឈ្មោះថ្នាក់ដឹកនាំជាច្រើនរូបបានត្រូវក្រុមជលខិលខូចលួចយកទៅបង្កើតបណ្តាញសង្គម ផ្ញើនេះផ្ញើនោះច្រើន ដោយរួមទាំងផ្ញើសារសុំឲ្យពលរដ្ឋចុះឈ្មោះ ឬលុយបង្កើតមូលនិធិនេះមូលនិធិនោះរួមទាំងគម្រោងវិនិយោគផ្សេងៗផងដែរ ។
ថ្នាក់ដឹកនាំតាំងពីកំពូលរហូតដល់ជួរមន្រ្តីសំខាន់ៗដោយកាលពីពេលថ្មីៗនេះ សូម្បីតែលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយរួមទាំងលោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ត្រូវជនខិលខូចក្លែងបន្លំដែរ ។
ជាក់ស្តែងនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២៤ នេះ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍មួយថា មានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះរបស់លោករដ្ឋមន្ត្រីទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងលោកផ្ទាល់។
ពួកគេបានប្រើប្រាស់ឈ្មោះនិងរូបថតទៅក្លែងបន្លំ និងការបង្ហោះព័ត៌មានក្លែងក្លាយនៅក្នុងគណនីចំនួន៣ ដែលរួមមាន ADMINISTRATOR PHEAKTRA NETH (https://t.me/houthPeng_1)., ADMINISTRATOR NETH PHEAKTRA (https://t.me/SENGHENG REALTOR66), និង M. KHIEV PHEARAVUTH (https://t.me/Khievphearavuthfx)។
ក្រៅពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរក៏មានថ្នាក់ដឹកនាំនិងបុគ្គលល្បីៗមួយចំនួនក៏ត្រូវបានគេក្លែងអត្តសញ្ញាណផងដែរ ។ កន្លងមក សម្រាប់ក្រុមជនខិលខូចដែលប្រើប្រាស់ឈ្មោះអ្នកធំ និង ល្បីៗគឺពួកគេច្រើនតែ លើកទឹកចិត្តឲ្យចូលរួមគម្រោងវិនិយោគនេះឫវិនិយោគនោះ ហើយក៏មានដល់ឲ្យចូលរួមមូលនិធិនេះមូលនិធិនោះ ទាំងបុគ្គលជាអ្នកដឹកនាំផ្ទាល់មិនបានដឹងខ្លួនទាល់តែសោះ ។
ហើយសម្រាប់អ្នកតូចតាច ក៏មានក្រុមខិលខូចលូចប្រើអត្តសញ្ញាណគេទៅខ្ចីលុយ ឬកុហកនេះកុហកនោះបោកប្រាស់ដើម្បីផលប្រយោជន៍។
សូមលើកកំពស់ការប្រុងប្រយ័ត្ន សម័យនេះបច្ចេកវិទ្យាទំនើបណាស់។ ក្រៅពីរូបថតចេញ សូម្បីតែសម្លេងក៏មានកម្មវិធីបញ្ញាសិប្បនិម្មិតគេអាចបង្កើតស្រដៀងគ្នានឹងសម្លេងដូចគ្នាផងដែរ។ ដូច្នេះសម័យនេះសូមប្រុងប្រយ័ត្ន ហើយផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ ពីព្រោះពេលខ្លះ ក្រុមជនខិលខូចគឺពួកគេលួចប្រើប្រាស់ឈ្មោះនិងរូបថតថ្នាក់ដឹកនាំទៅធ្វើនេះធ្វើនោះ ហើយអូសយើងឲ្យក្លាយជាជនរងគ្រោះ ខណៈដែលការពិតថ្នាក់ដឹកនាំរវល់ណាស់និងការងារជាតិធំៗនានា ។
សរុបទៅនៅពេលដែលទទួលសារនានា គឺមុននឹងជឿជាក់មុននឹងសម្រេចចិត្តក៏ត្រូវតែផ្ទៀតផ្ទាត់អោយបានច្បាស់លាស់ ពីព្រោះនៅពេលនេះបច្ចេកវិទ្យាទំនើបគេអាចធ្វើអ្វីៗគ្រប់យ៉ាង ដោយពេលខ្លះគេអាច លូចជ្រាតចូលទៅគណនីរបស់ថ្នាក់ដឹកនាំបញ្ជូនសារឫបទបញ្ជាផ្តេសផ្តាស់ក៏មាន ។ ពេលឃើញសារ ខ្លះដែលមិនសមរម្យ ហើយគិតថា គ្រោះថ្នាក់គឺត្រូវផ្ទៀតផ្ទាត់ឲ្យច្បាស់លាស់៕