ឃើញគេផ្ញើសារមក រឿងចុះឈ្មោះបានលុយអី កុំជឿឲ្យសោះ!
បងប្អូនពេលទទួលបានសារនៅលើទូរស័ព្ទដៃក្តី ឬតាមបណ្តាញសង្គម ផ្សេងៗក្តីរឿងចុះឈ្មោះបានលុយសូមកុំសាកល្បងប្រយ័ត្នទឹកភ្នែក។
សារនោះចុះឈ្មោះបានលុយនេះ ត្រូវបានផ្ញើចេញដោយក្រុមជនអនាមិក ដែលយើងមិនដឹងប្រភព ឬក៏ការផ្ញើតៗគ្នាពីអ្នកស្គាល់ ដែលចេញតែផ្ញើតៗគ្នា ដោយសារតែមិនបានយកចិត្តទុកដាក់ ឬ ក៏ដឹងតែមានបំណងលេងសើច។
ឃើញសារបែបនេះ បងប្អូនសូមប្រុងប្រយ័ត្ន ពីព្រោះមកដល់ពេលនេះគ្មាននរណាម្នាក់ចិត្តល្អនៅសុខៗផ្ញើសារមកអោយយើងចុះឈ្មោះហើយ គេយកលុយមកអោយយើងស្រួលៗបែបនេះនោះទេ។ លុយឥឡូវនេះ កុំថាឡើយច្រើន គឺត្រឹមតែ១០ ឬ ២០ ដុល្លារក៏ច្រើនដែរ ហើយចាយវិញស្រួល ដូច្នេះវាពិតជាមិនអាចកើតមានបានឡើយដែលគេផ្ញើលុយមកឲ្យយើងស្រួលៗបែបនេះ។
ចរិតនៃសារទាំងនេះអាចជាការអន្ទងបងប្អូនឲ្យចូលធ្នាក់របស់ពួកគេ។ នៅពេលដែលបងប្អូនចូលធ្នាក់គេ ទីមួយពូកគេអាចនឹងហែកចូលទៅប្រមូលព័ត៌មាននៅក្នុងទូរស័ព្ទដៃរបស់យើងទាំងអស់។ ពួកគេក៏អាចនឹងយកទិន្នន័យសូម្បីតែគណនីធនាគារ ឬលេងសម្ងាត់របស់យើងក៏អាចបានផងដែរ។
ក្រៅពីលួចព័ត៌មានផ្ទាល់ខ្លួន យើងហើយ ពួកគេអាចប្រើប្រាស់ព័ត៌មាននេះទៅធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ ដែលជានិភ័យមកដល់យើងដោយមិនដឹងខ្លួន។ ម្យ៉ាងវិញទៀត ពួកគេក៏អាចនឹងអន្ទងយើង ឲ្យលង់និងសកម្មភាពផ្សេងៗ ដូចជាសេវាកម្មល្បែងស៊ីសងអនឡាញ ឬ ក៏អូសទាញយើងឲ្យធ្វើសកម្មភាពផ្សេងៗដែលខុសច្បាប់ ដែលអាចនឹងនាំមកនូវពិរុទ្ធភាពចំពោះយើងបាន។
ក្រៅពីនោះពួកគេក៏អាចជាក្រុមកម្ចីអនឡាញដែលធ្វើសកម្មភាពបែបនេះ នៅក្នុងគោលបំណងអូសទាញយើងឲ្យធ្លាក់នៅក្នុងអន្លងឥណទានអនឡាញដោយខុសច្បាប់ទាំងនេះ។
សូមប្រុងប្រយ័ត្ន! ពួកអ្នកផ្ញើសារទាំងនោះមិនមែនចិត្តល្អផ្ញើលុយអោយយើងចាយដោយគ្មានគោលបំណងនៅពីក្រោយឡើយ។ យើងសព្វថ្ងៃនេះដើម្បីបានលុយមួយកាក់មួយសេន គឺត្រូវធ្វើការយ៉ាងហោចណាស់៨ម៉ោងនៅក្នុងមួយថ្ងៃ ហើយអ្នករកស៊ីវិញ គឺហត់នឿយណាស់ ដោយអ្នកខ្លះត្រូវខិតខំរកស៊ី លក់ដូតាំងពីព្រលឹមទល់ប្រលប់ ហើយផលដែលបានគឺតិចតួច ចុះហេតុអ្វីក៏នៅសុខៗមានគេផ្ញើលុយឲ្យយើងចាយស្រួលបែបនេះ។
បងប្អូនសូមកុំលោភលន់។ នៅក្នុងករណីគេផ្ញើមក យើងមិនរវីរវល់ ក្រុមជនទាំងនេះក៏មិនអាចធ្វើអ្វីលើយើងបានដែរ ប៉ុន្តែប្រសិនបើគេគ្រាន់តែដាក់ធ្នាក់យើង ត្រឹមបួនដប់ដុល្លារសោះយើងជាប់នុយគេទៅហើយនោះ តើជីវិតយើងអាចសល់អ្វីបាន។
សូមកុំផ្តេសផ្តាស ហើយចង់បានអ្វីដែលមិនបានមកពីកម្លាំងដែលយើងខំ។ លុយដែលបានមកស្រួល វារមែងមានហេតុមានផលនៅពីក្រោយជានិច្ច ដូច្នេះសូមប្រុងប្រយ័ត្ន៕