គ្រោះអគ្គីភ័យឧស្សាហ៍កើតមានណាស់ សូមប្រុងប្រយ័ត្នទ្វេរដង

គ្រោះមហន្តរាយដោយអគ្គីភ័យមួយរយៈពេលនេះឧស្សាហ៍កើតមានឡើងណាស់ ដូច្នេះប្រជាពលរដ្ឋយើងទាំងអស់គ្នាសូមប្រុងប្រយ័ត្នឲ្យបានទ្វេរដង។

ការប្រុងប្រយ័ត្ននេះមិនមែនតែនៅតាមកន្លែងស្នាក់ ឬផ្ទះ របស់យើងនោះទេ គឺសូម្បីតែនៅតាមកន្លែងធ្វើការងារនៅតាមក្រសួងមន្ទីរ ស្ថាប័ន ជាពិសេសគឺរោងចក្រឧស្សាហកម្ម និង មជ្ឈមណ្ឌលសេវាកម្មនានា ដែលយើងបម្រើការងារៀងដែរ។

សូមលើកកំពស់ការប្រុងប្រយ័ត្នកុំធ្វេសប្រហែសពោលគឺមុនពេលចេញពីផ្ទះគឺត្រូវតែពិនិត្យមើលចង្រ្កាន ឌុយខ្សែរភ្លើង និង ឧបករណ៍អេឡិចត្រូនិកផ្សេងៗ។ ហើយនៅកន្លែងធ្វើការក៏ចាំបាច់ត្រូវពិនិត្យមើល ឧបករណ៍ដែលយើងប្រើប្រាស់ដើម្បីបំពេញការងារ មានកុំព្យូទ័រ ព្រីងធ័រ ម៉ាស៊ីនឬឧបករណ៍ផ្សេងៗ មានដោះទុកដាក់ ឬបិទត្រឹមត្រូវឬទេ។

កុំលេងសើចគ្រោះអគ្គីភ័យតែកើតឡើងគឺជាមហន្តរាយទាំងអស់។ បើយើងឆេះផ្ទះវានឹងធ្វើឲ្យទ្រព្យសម្បត្តិ លុយកាក់ ដែលយើងខំប្រឹងសន្សែសន្សំរលាយនៅក្នុងមួយតែពព្រិចភ្នែក  ហើយបើកន្លែងធ្វើការយើងវិញទោះបីជាមិនមែណជាទ្រព្យរបស់យើងក៏ពិតមែន ប៉ុន្តែបើកន្លែងធ្វើការឆេះឬជួបគ្រោះមហន្តរាយ យើងនឹងប្រឈមមុខនឹងការគ្មានកន្លែងធ្វើការ។

ដើម្បីបង្ការបញ្ហានេះ តាមស្ថាប័ន តាមរោងចក្រ តាមក្រុមហ៊ុន តាមហាង តាមផ្សារគួរតែត្រៀមឧបករណ៍ ការពារនិងពន្លត់អគ្គីភ័យឲ្យបានគ្រប់គ្រាន់ ដើម្បីការពារពេលមានហេតុការណ៍អាក្រក់តូចតាចយើងដឹងមុន យើងអាចបង្ការនិងពន្លត់វាបានមុន ។ សូមកុំស្តាយលុយស្តាយកាក់បន្តិចបន្តួចនេះធ្វើឲ្យុខាតការងារ ឬ ទ្រព្យសម្បត្តិជាធំបាន។​

គ្រោះអគ្គីភ័យនៅចុងឆ្នាំនេះឃើញឆេះញឹកញាប់ណាស់ តាំងពីផ្ទះ រហូតដល់រោងចក្រឧស្សាកម្ម និង​ទីផ្សារជាដើម។

ក្រៅពីនោះនៅតាមអគារខ្ពស់ៗគឺគួរតែរិតបន្តឹងវិធានាការប្រុងប្រយ័ត្នឲ្យរិតតែខ្លាំងពីព្រោះថា មកដល់ពេលនេះកម្ពុជាយើងអាចមិនទាន់មានសំភារៈនិងឧបករណ៍សម្រាប់កិច្ចការនេះតាមស្តង់ដានៅឡើយទេ ដូច្នេះមានតែការបង្ការនិងការពារទេ ដែលជាប្រភពដែលយើងអាចការពារនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះបាន។

សរុបទៅគ្មាននរណាអាចដឹងមុនថា ទីណាពេលណានឹងមានគ្រោះអគ្គីភ័យកើតឡើងទេ ប៉ុន្តែនៅក្នុងករណីដែលយើងមានការប្រុងប្រយ័ត្នខ្ពស់ មានការត្រៀមខ្លួនរួចជាស្រេចទុកជាមុន យើងអាចនឹង កាត់​បន្ថយហានិភ័យកាន់តែប្រសើរ​។ សូមកុំមើលស្រាលនិងគ្រោះអគ្គីភ័យ សូមប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ទាំងអស់គ្នានៅក្នុងការការពារគ្រោះអគ្គីភ័យនេះ៕

 

Daily Program

Livesteam thumbnail