គ្រោះអគ្គីភ័យកើតមានច្រើនហើយមហន្តរាយគឺធំៗច្រើន
ចុងឆ្នាំនេះហេតុការណ៍គ្រោះអគ្គីភ័យគឺឃើញកើតមានច្រើនគួរសម ហើយទំហំនៃគ្រោះមហន្តរាយនៃគ្រោះអគ្គីភ័យនេះគឺធំៗមានច្រើន ដែលចាំបាច់ត្រូវតែលើកកំពស់ការប្រុងប្រយ័ត្ន។
កាលពីខែតុលាកន្លងទៅថ្មីៗនេះ គ្រោះអគ្គីភ័យឆេះផ្សារទំនើបហេង ឆៃលី ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គឺជាឧទាហណ៍ជាក់ស្តែង មួយខណៈដែលគ្រោះនេះបានបន្សល់ទុកនូវការខូចខាតមានតម្លៃដ៏ច្រើនហើយរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតៗនោះថែមទៀត។
តាមសមត្ថកិច្ចជំនាញដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើងនៅកម្ពុជាយើងភាគច្រើនគឺ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីដោយភាគរយគឺមានរហូតដល់ទៅជាង ៤០ភាគរយ ការប្រើប្រាស់ភ្លើងចំនួនមានចំនួនជាង៣៨ភាគរយ ហើយចំហេះដែលមិនបានដឹងច្បាស់នោះគឺមានប្រមាណជាជាង ២០ ភាគរយ។
នៅក្នុងស្ថានភាពបែបនេះយើងទាំងអស់គ្នាចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការវិនិយោគនិងបំពាក់សំភារៈបច្ចេកទេសក៏ដូចជារកជំនាញអគ្គីសនីច្បាស់លាស់មករៀបចំតាមសំណង់និងការដ្ឋាននានា មិនមែនរកជាងដែលគ្មានការទទួលស្គាល់ឡើយ។
នៅក្នុងករណីដែលយើងរិះថាំ ហើយប្រើប្រាស់អ្នកដែលមិនមានការទទួលស្គាល់ ឫ ក៏សំភារៈជាខ្សែរភ្លើងនិងឧបករណ៍មិនត្រូវស្តង់ដា មិនមានគុណភាព វាពិតជាអាចបង្កគ្រោះមហន្តរាយធំដុំកើតមានឡើង។
ការប្រើប្រាស់ជាង និង សំភារៈគឺជារឿងមួយហើយ ប៉ុន្តែរឿងសំខាន់មួយទៀតគឺការប្រុងប្រយ័ត្នខ្លួនយើងក៏វាចាំបាច់ផងដែរ។ នៅតាមលំនៅស្ថាន សំណង់ ផ្សារ គួរតែរៀបចំប្រព័ន្ធសុវត្ថិភាពបង្ការនិងការពារអគ្គីភ័យឲ្យបានគ្រប់គ្រាន់និងត្រួតពិនិត្យជាប្រចាំ។ កុំស្តាយលុយ កុំរិះថាំនិងការចំណាយលើបញ្ហាសុវត្ថិភាពនេះ ពីព្រោះប្រសិនបើវាកើតមាន យើងនឹងរងគ្រោះធ្ងន់ធ្ងរណាស់។
គ្រោះអគ្គីភ័យគឺជាគ្រោះមហន្តរាយដែលធ្ងន់ធ្ងរបំផុតមួយដែលយើងមិនអាចមើលស្រាលបានទេ គ្រប់គ្នាមានតួនាទីចាំបាច់ចូលរួមយកចិត្តទុកដាក់។ សម្រាប់លំនៅស្ថាន គឺសមាជិកគ្រួសារទាំងអស់ត្រូវតែស្វ័យប្រយ័ត្នខ្ពស់ នៅតាមកន្លែងធ្វើការបុគ្គលិកនានា ក៏មិនគួរប្រហែសដែរ។ អ្នកដែលចេញក្រោយគេគួរតែពិនិត្យពិច័យរឿងបិទភ្លើង និង ដកឌុយភ្លើងឲ្យច្បាសលាស់ ពីព្រោះឧបករណ៍ដែលដោតជាប់ឌុយភ្លើងយូរវាក្តៅអាចផ្ទុះសេបង្កចរន្តឆាបឆេះបាន ហើយតាមផ្សារវិញគឺអាជីវករ និង អ្នកដែលពាក់ព័ន្ធគួរតែស្វ័យប្រុងប្រយ័ត្ន មានអ្នកការពារជាប្រចាំដើម្បីសុវត្ថិភាព។
សរុបទៅគ្រោះអគ្គីភ័យគ្រោះថ្នាក់ណាស់ ហើយគ្រោះមហន្តរាយរបស់វាក៏ធំដែរ ដូច្នេះយើងទាំងអស់គ្នាគឺចាំបាច់ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។ នៅក្នុងករណីយើងប្រហែសតែម្នាក់ តែគ្រោះមហន្តរាយវាអាចកើតមានឡើងមិនត្រឹមតែយើងនោះទេ គឺអ្នកដ៏ទៃដែរ តែបើយើងប្រយ័ត្នទាំងអស់គ្នានោះសុវត្ថិភាពនិងសេចក្តីសុខក៏មានទាំងអស់គ្នាដែរ៕