គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាសង្គមដ៏សំខាន់មួយ ដែលត្រូវដោះស្រាយដោយយកច្បាប់ជាមូលដ្ឋាន

នៅលើផ្លូវសាធារណៈ យានយន្តគ្រប់ប្រភេទ មិនថាជាម៉ូតូ ឬរថយន្ត មិនថាជារថយន្តទំនើប ឬមិនទំនើប មិនថាមានតម្លៃថ្លៃ ឬថោកឡើយ គ្រប់មធ្យោបាយធ្វើដំណើរទាំងអស់សុទ្ធតែមានសិទ្ធិស្មើគ្នា លើកលែងតែយានយន្តអាទិភាព ដែលត្រូវបានកំណត់ច្បាស់លាស់ក្នុងច្បាប់។ ដូច្នេះ នៅពេលមានការប៉ះទង្គិច ឬគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង អ្វីដែលសំខាន់បំផុត គឺការយកច្បាប់ជាមូលដ្ឋានក្នុងការដោះស្រាយ មិនគួរយកអំពើហិង្សា អំណាច បក្សពួក ទ្រព្យសម្បត្តិ ឬឋានៈតួនាទីជាអ្នកសំអាងឡើយ។

ថ្មីៗនេះ បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម អំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងមួយ ដែលបានកើតឡើងនៅវេលាម៉ោង ២២ និង ៣០ នាទី ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងករណីនោះ ភាគីទាំងសងខាងបានប្រកាន់ត្រូវរៀងខ្លួន មិនព្រមដោះស្រាយគ្នាដោយសន្តិវិធី មានការតវ៉ា និងជជែកគ្នាយ៉ាងតានតឹង រហូតឈានដល់ការប្រើអំពើហិង្សា។ តាមរូបភាពដែលត្រូវបានផ្សព្វផ្សាយ បង្ហាញថាបុរសម្នាក់បានប្រើអាកប្បកិរិយាខឹងសម្បា ដោយលោតធាក់រថយន្តភាគីម្ខាងទៀត ហើយបង្ហាញអាកប្បកិរិយាមិនសមរម្យ មុននឹងបើករថយន្តចាកចេញពីកន្លែងកើតហេតុ។

រូបភាព និងព័ត៌មានអំពីហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ហើយនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ក៏មានព័ត៌មានផ្សព្វផ្សាយជាថ្មីថា ភាគីទាំងពីរបានចូលមកសម្រុះសម្រួលគ្នា និងបានសុំទោសគ្នាទៅវិញទៅមក។ ការភ្ញាក់រលឹក និងការវិលមកដោះស្រាយដោយសន្តិវិធីនេះ គួរឱ្យកោតសរសើរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជៀសវាងមិនឱ្យរូបភាពបែបនេះកើតមានឡើងម្តងទៀតលើផ្លូវសាធារណៈ យើងខ្ញុំសូមអំពាវនាវថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតមាន សូមកុំយកអំពើហិង្សា ឬមោហៈមកធ្វើជាមូលដ្ឋានក្នុងការដោះស្រាយ ប៉ុន្តែគួរប្រើប្រាស់ច្បាប់ជាគោលការណ៍សំខាន់។

អំពើហិង្សា មិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវឡើយ។ អ្នកបើកបរគ្រប់រូបគួរតែមានស្មារតីយោគយល់ អធ្យាស្រ័យ គោរពច្បាប់ និងគោរពភ្លើងសញ្ញាចរាចរណ៍។ នៅពេលមានហេតុការណ៍ ឬគ្រោះថ្នាក់កើតឡើងដោយចៃដន្យ គួរសម្របសម្រួលគ្នាដោយសន្តិវិធី សុំទោស និងពិភាក្សាដោយផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោក។

យើងត្រូវចងចាំថា យានយន្តតូច មិនមែនមានន័យថាមិនអាចខុសបាននោះទេ ហើយយានយន្តធំ ឬរថយន្តទំនើប ក៏មិនគួរអាងអំណាច ឬឋានៈឡើយ ព្រោះក្នុងសម័យបច្ចុប្បន្ន បណ្តាញសង្គមមានល្បឿនលឿន និងអាចប៉ះពាល់ដល់បុគ្គល និងសង្គមយ៉ាងទូលំទូលាយ។ នៅពេលមានហេតុការណ៍កើតមាន សូមព្យាយាមដោះស្រាយដោយសន្តិវិធី ដោយយកច្បាប់ជាមូលដ្ឋាន និងមានអាជ្ញាធរជាអ្នកសម្របសម្រួល ហើយអាជ្ញាធរគួរតែអនុវត្តតួនាទីដោយឈរលើគោលការណ៍ច្បាប់ ដោយគ្មានការលំអៀង។

សរុបសេចក្តីមក នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង សូមប្រើប្រាស់ច្បាប់ជាគោលការណ៍មូលដ្ឋាន និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ប្រសិនបើយើងទាំងអស់គ្នាគោរព និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ សង្គមរបស់យើងនឹងកាន់តែមានស្ថិរភាព សណ្តាប់ធ្នាប់ និងបង្ហាញពីភាពស៊ីវិល័យនៃរដ្ឋ និងប្រទេសជាតិយើង៕

Daily Program

Livesteam thumbnail