គ្រឿងញៀន! សង្ឃឹមថាវាកើនតែការចាប់ប៉ុណ្ណោះ ប៉ុន្តែការប្រើប្រាស់សូមឲ្យថយចុះ
បរិមាណនៃការបង្រ្កាបគ្រឿងញៀនដែលសារព័ត៌មាននានានៅក្នុងប្រទេសបានចេញផ្សាយថ្មីៗនេះឃើញថា កំណើនទាំងបរិមាណគ្រឿងញៀនដែលរឹបអូសនិងកំណើនទាំងជនសង្ស័យ ប៉ុន្តែដោយឡែកការប្រើប្រាស់មិនបានដឹងអំពីការថយឫឡើងទេ តែយើងខ្ញុំសូមបន់ស្រន់ឲ្យអ្នកប្រើថយចុះទៅចុះ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន សារព័ត៌មាននានាបានរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួនដល់ទៅ ១៧.៥៧៤ នាក់ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ២០២៤ដោយ កើនឡើង ៤២ ភាគរយខណៈដែលរយៈពេលដដែលកាលពីឆ្នាំ២០២៣ គឺមានត្រឹមតែ ១២.៣៥៦ នាក់។
សេចក្តីរាយការណ៍ក៏បានបន្តទៀតថា នៅក្នុងចំណោមជនសង្ស័យទាំងអស់មានជនសង្ស័យចំនួន ៥៥០នាក់ ជាជនបរទេសមាន១៥ សញ្ជាតិផ្សេងៗគ្នា។
នៅក្នុងរយៈពេលដដែលសេចក្តីរាយការណ៍បានបន្តថា គ្រឿងញៀនខុសច្បាប់ដែលរឹបអូសមានបរិមាណសរុបមានចំនួន ៥,៧៥ តោន កើនឡើង ដល់ទៅ១១៩ ភាគរយខណៈដែលកាលពីរយៈពេលដដែលនៅឆ្នាំទៅ គឺមាន ត្រឹមតែ ២,៦២ តោន ។ ថ្នាំញៀនដែលរឹបអូសបានភាគច្រើនមាន ខេតាមីន មេតំហ្វេតាមីនគ្រីស្តាល់ គ្រាប់មេតំហ្វេតាមីន ហេរ៉ូអ៊ីន អេស៊ីស្តាស៊ី និងកូកាអ៊ីន។
ឃើញតួរលេខនៃកំណើនទាំងជនសង្ស័យនិងបរិមាណវាអាចដោយសារតែនៅក្នុងរយៈពេលប្រមាណជា ១ឆ្នាំនៃរដ្ឋាភិបាលថ្មី គ្រឿងញៀនជាអតិភាពដែលរដ្ឋាភិបាលយកចិត្តទុកដាក់ហើយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់។
នេះគឺជាទស្សនៈសុទិដ្ឋិនិយមចំពោះចំណាត់ការសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលយើងខ្ញុំព្រួយបារម្ភគឺនៅជ្រុងនៃទិដ្ឋភាពបញ្ហាមួយជ្រុងទៀត ។
មកដល់ពេលនេះកម្ពុជាហាក់មិនមានតួរលេខនៃអ្នកដែលញៀនគ្រឿងញៀនទេ ហើយអ្នកដែលប្រើប្រាស់គ្រឿងញៀនក៏ព្យាយាមមិនបង្ហាញអត្តសញ្ញាណដែរ លុះត្រាតែបែកថ្នាំខ្លាំងគ្រប់គ្រងខ្លួនឯងលែងបានបានចេញអត្តសញ្ញាណ ដូច្នេះហើយទើបយើងខ្ញុំព្រួយបារម្ភថា ដោយសារតម្រូវការអ្នកប្រើប្រាស់ច្រើនទើបមានការនាំចូលច្រើន ហើយចាប់ក៏ច្រើនបែបនេះ ។
នៅក្នុងចំណុចនេះយើងខ្ញុំសូមអធិដ្ឋានសូមកុំអោយការព្រួយបារម្ភនេះក្លាយជាការពិតអី ពីព្រោះគ្រឿងញៀននេះគឺគ្រោះថ្នាក់ខ្លាំងណាស់ទាំងបុគ្គលអ្នកប្រើប្រាស់ គ្រួសាររបស់អ្នកប្រើប្រាស់ សហគមន៍អ្នកប្រើប្រាស់ និង សង្គមអ្នកប្រើប្រាស់ ។
សរុបទៅ យើងទាំងអស់គ្នាសូមនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយសូមកុំចង់សាក ហើយសូមកុំចង់ដឹង កុំចង់អនុវត្តពីព្រោះវាជាសារធាតុគ្រោះថ្នាក់សុខភាពខ្លាំងបំផុត ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែនិយាយថា ទេ ហើយការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគឺយើងទាំងអស់គ្នាគួរតែចូលរួម ។ គ្រឿងញៀនមិនមែនជាបញ្ហារបស់នរណាម្នាក់ទេ គឺជាបញ្ហាទាំងអស់គ្នា ។
កម្ពុជាគ្មានទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀនទេ។ តាមច្បាប់របស់ខ្លួន ជនណាម្នាក់ដែលរកឃើញពិរុទ្ធពីការជួញដូរថ្នាំញៀនលើសពី ៨០ ក្រាម អាចត្រូវជាប់គុកមួយជីវិត។