គ្រឿងញៀនរំពឹងថា ថយចុះនៅក្នុងឆ្នាំ២០២៤
ជាមួយនឹងវិធានការណ៍ដ៏ក្តៅដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកាលពីចុងឆ្នាំ២០២៣ កន្លងទៅសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤នេះ ករណីគ្រឿងញៀននៅកម្ពុជានឹងធ្លាក់ចុះឆ្លើយតប នឹងវិធានការណ៍ដែលដាក់ចេញ ។
នៅក្នុងខែធ្នូឆ្នាំ២០២៣ ជិតដាច់កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានប្រកាសថា មន្រ្តីសមត្ថកិច្ចនិងកងកម្លាំងទោះជាថ្នាក់ណា ក៏ដោយអោយតែរកឃើញថា ពាក់ព័ន្ធនឹងគ្រឿងញៀន ឬខ្លួនឯងជាអ្នកអនុវត្តច្បាប់ជាអ្នក ប្រើប្រាស់គ្រឿងញៀនដែរនោះ នឹងត្រូវបណ្តេញចេញពីក្រមខណ្ឌទាំងអស់។
ក្រោយពេលដែលបានដាក់ចេញនូវវិធានការនេះ ឃើញថា ស្នងការដ្ឋាននគរបាលមួយចំនួន បានអនុវត្តកិច្ចការនេះជាបន្តបន្ទាប់ហើយ ដូច្នេះសង្ឃឹមថា នឹងបន្តធ្វើជាបន្តទៀតនៅក្នុងឆ្នាំ២០២៤នេះ និងបន្តធ្វើជាបន្តបន្ទាប់ មិនមែនធ្វើតែមួយឆាវហើយក៏ស្ងាត់ទៅវិញនោះឡើយ។
គ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរណាស់នៅក្នុងសង្គមពីព្រោះកាលណាដែលសង្គមមួយដែលមានមន្រ្តីកងកម្លាំងដែលជាអ្នកមានអាវុធនៅក្នុងដៃតែប្រើប្រាស់គ្រឿងញៀន តើសង្គមមានសេចក្តីសុខយ៉ាងម៉េចពីព្រោះគ្រឿងញៀននេះ នឹងធ្វើអោយមនុស្សខូចសរសែប្រសាទគ្រប់គ្រង់ខ្លួនឯងមិនបានផង ។
កុំលេងសើចនឹងគ្រឿងញៀន! គ្រឿងញៀនពិតជាគ្រោះថ្នាក់ណាស់ វាមិនមែនអាចជ្រៀតចូលតែនៅក្នុងស្រទាប់មហាជនគ្រប់ទីកន្លែងទេ សូម្បីតែនៅក្នុងជួរមន្រ្តីមានសមត្ថកិច្ច និងកងកម្លាំងវាទន្រ្ទានទៅហើយនោះ។
ម្យ៉ាងវិញទៀតរឿងមួយដែលយើងត្រូវដឹងអំពីគ្រោះថ្នាក់របស់វាគឺពួកឧក្រិដ្ឋជនគ្រឿងញៀនគឺជាអ្នកដែលមានលុយនិងមានអំណាចដូច្នេះ រឿងនេះគឺជារឿងដែលត្រូវតែយកចិត្តទុកដាក់ ផងដែរប្រសិនបើចង់អោយយុទ្ធនាការប្រឆាំង និងបង្រ្កាបករណីគ្រឿងញៀននៅកម្ពុជារីកចំរើន និងអាចកាត់បន្ថយបានបន្ថែមទៀត។
ក្រៅពីការងារបោសសំអាតអ្នកញៀន និងអ្នកពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាលើកកំពស់ប្រត្តិបត្តិការបោសសំអាតអស់អ្នកដែលមានឥទ្ធិពលនិងមានអំណាចដែលជាមេខ្លោងនៃការរត់ពន្ធនឹងចែកចាយគ្រឿងញៀន យើងជាប្រជាពលរដ្ឋគ្រប់រូប ក៏មានតួនាទីនិងភារកិច្ចលើកកំពស់ និងចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយវត្ថុអមិត្តចំពោះសង្គមនេះផងដែរ។
សរុបមកវិញនៅក្នុងឆ្នាំ២០២៤ យើងខ្ញុំសង្ឃឹមថា យើងជាប្រជាពលរដ្ឋនឹងសហការជាមួយនឹងអាជ្ញាធរ និងមន្រ្តីជំនាញ គ្រប់គ្នាដើម្បីលើកកំពស់ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលជា ពិភពដ៏គ្រោះថ្នាក់សម្រាប់ជាតិនិងមាតុភូមិយើង៕