គ្រាន់តែល្មើសល្បឿនចរាចរណ៍បន្តិចបន្តួចសោះ ម៉េចចាំថតរូប!
ពលរដ្ឋកំពុងតែដាក់សំនួរខណៈដែលសមត្ថកិច្ចចរាចរណ៍ដែលបានធ្វើការផាកពិន័យពួកគេពីករណីបើកបរហួសល្បឿន មានករណីថតរូបពួកគេទុក។
ចង្ងល់នេះមានលើកឡើងនៅលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានលើកឡើងថា ករណីល្មើសល្បឿនមានថតរូបនេះបានកើតមានឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥។
តាមការចែករំលែកនោះបានឲ្យដឹងថា អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ល្បឿននោះគឺបានបញ្ជាក់ថា លោកស្ម័គ្រចិត្ត និងអនុវត្តតាមការចាត់ចែងរបស់សមត្ថកិច្ចពីព្រោះជាសមត្ថកិច្ច ដែលអនុវត្តច្បាប់ចរាចរណ៍ ខណៈដែលល្បឿនដែលលោកបានលើសនោះគឺលើសតិចតួចទេ ហើយលោកក៏បានបងប្រាក់ពិន័យតាមច្បាប់កំណត់ ហើយក៏ត្រូវបានសមត្ថកិច្ចដកពិន្ទុរពីប័ណ្ណបើកបរលោកថែមទៀត ។
ទាំងការផាកពិន័យ និងទាំងការដកពិន្ទុរគឺលោកមិនបានជំទាស់អ្វីទាំងអស់ គឺស្ម័គ្រចិត្តអនុវត្តតាម ហើយនេះគឺជាកំហុសពិតៗ ប៉ុន្តែលោកឆ្ងល់មួយ នៅត្រង់ថា ផាកក៏ផាកហើយ ពិន្ទុក៏ដក ហើយដែរ ខណៈដែលល្បឿនដែលលើសនោះក៏មិនជាល្មើសធ្ងន់ធ្ងរដែរ គឺលើសបន្តិចបន្តួច ប៉ុន្តែលោកឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចថតរូបលោកទៅវិញ ។
លោកបានដាក់ជាសំនួរដោយចម្ងន់ថា តើច្បាប់ពិតជាតម្រូវឲ្យថតរូបជនដែលល្មើសល្បឿនកំណត់ដែរឬទេ។ លោកមិនបានប្រពឹត្តបទល្មើសព្រហ្មទណ្ឌ ហើយក៏មិនប្រឆាំងនឹងចំណាត់ការរបស់សមត្ថកិច្ចអ្វីទាំងអស់ ហើយម៉េចបានជាមានការថតរូបលោក។
លោកក៏បានដាក់សំនួរនៅលើបណ្តាញសង្គម និងសុំអោយមានការពន្យល់លើករណីនេះ ដូច្នេះយើងខ្ញុំគិតថា សមត្ថកិច្ចគួរតែមានសេចក្តីពន្យល់ លើករណីនេះហើយ ពីព្រោះដូចជាប្លែកដែរ ព្រោះកន្លងមក ដូចជាមិនមានការថតរូបអ្នកល្មើសចរាចរណ៍ឡើយ ហើយបើថត គឺលុះត្រាតែករណីគ្រោះថ្នាក់ចរាចរណ៍នោះ វាមានករណីធ្ងន់ធ្ងរ ប៉ុន្តែករណីត្រឹមតែល្មើសល្បឿន ដូចជាកម្រណាស់។
សរុបមកវិញនៅលើករណីនេះ ប្រសិនបើច្បាប់កំណត់បែបនេះការដែលសមត្ថកិច្ចថតក៏ថតទៅចុះ ប៉ុន្តែសុំការពន្យល់ផងពីព្រោះកន្លងមកបទល្មើសថតដូចជាបានរៀបរាប់ខាងលើគឺអនុវត្តតែទោសព្រហ្មទណ្ឌធំៗទេ ហើយនៅក្នុងករណីរដ្ឋប្បវេណី ដូចជាមិនគួរមានករណីថតបែបនេះឡើយ។
ករណីនេះប្លែកដែរ ប៉ុន្តែប្រសិនបើករណីនេះជាករណីអនុវត្តលើសគួរតែ បញ្ឈប់អនុវត្តទៅពីព្រោះវាជាការអនុវត្តលើសច្បាប់កំណត់ ហើយអាចនឹងបំពានដល់សិទ្ធិ និងប៉ះពាល់ដល់សិទ្ធិបុគ្គលផងដែរ៕