គេសងផ្តាច់ហើយ ទុកប្លង់កម្មសិទ្ធិគេធ្វើអ្វីទៀត ?

ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យប្រញាប់ប្រញាល់រៀបចំប្លង់កម្មសិទ្ធិ ដែលភាសាផ្លូវការគេហៅថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ក្នុងគោលបំណងរួមចំណែក ដល់ការរក្សាទំនុកចិត្តរបស់អតិថិជន ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា ធនាគារជាតិសូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ៧ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។

ការជូនដំណឹងរបស់ស្ថាប័នអាណាព្យាបាលវិស័យហិរញ្ញវត្ថុនៅកម្ពុជានេះ បានចេញបែបនេះវាអាចមានស្ថាប័នណាមួយធ្វើឲ្យថ្នាំងថ្នាក់និងអតិថិជនហើយមើលទៅ អំពីបញ្ហានេះ​បានជានៅស្ងាត់ៗធនាគារជាតិនៃកម្ពុជាចេញសារាចរណ៍ណែនាំបែបនេះឡើង ។​

ប្រសិនបើមានករណីបែបនេះមែន តើស្ថាប័នទាំងនោះចង់រក្សាទុកប្លង់ឫ​វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់គេធ្វើអ្វី ឫក៏ចង់អូសក្រឡា ។ កន្លងមក មានករណីខ្លះដោយសារតែចង់ទាក់ទាញអតិថិជនជាកូនបំណុលបន្តប្រើប្រាស់សេវាកម្មឥណទានរបស់ខ្លួនទៀត ស្ថាប័នមួយចំនួនអាចអូសក្រឡាទុកឯកសារទាំងនេះ ដើម្បីឲ្យអតិថិជនខ្ចីសេវាកម្មឥណទានរបស់ខ្លួនបន្ថែមទៀត ។

នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើបងប្អូនជួបប្រទះហើយឃើញថា ការប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុយឺតយ៉ាវជាងអ្វីដែលធនាគារជាតិបានជូនដំណឹង យើងអាចមានសិទ្ធិប្តឹងបាន ។

ប្រសិនបើមានស្ថាប័នបែបនោះគួរតែត្រូវពិន័យ តាមថ្ងៃតាមខែតាមពេលវេលាដែលយឺតផងដែរ ពីព្រោះពេលយើងសង់យឺតស្ថាប័នទាំងនោះមិនដែលលើកលែងទេ គឺមានតែពិន័យ ជាការប្រាក់  ។

សរុបមកវិញយើងទាំងអស់គ្នាត្រូវតែដឹងចំណុចនេះ ហើយសូមចាំថា ស្ថាប័នដែលជាម្ចាស់ឥណទានដែលយើងប្រើប្រាស់កាលណាដែលយើងបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ យើងដាច់ខាតត្រូវតែទទួល​វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនិងលិខិតបញ្ជាក់ពីការរួចបំណុល យ៉ាងយូរបំផុត​៧ថ្ងៃប៉ុណ្ណោះ ។ ស្ថាប័នទាំងនោះមិនមានសិទ្ធិរក្សាទុក ឯកសារទាំងនោះយូរជាងនេះបានឡើយ ។​

 

Daily Program

Livesteam thumbnail