គុណធម៌គិតតាមគុណធម៌ ប៉ុន្តែតាមផ្លូវច្បាប់បើខុសគឺត្រូវតែអនុវត្តតាមច្បាប់ !
គុណធម៌និងច្បាប់ពេលខ្លះវាស្របគ្នាពេលខ្លះវាក៏មិនស្របគ្នាដែរ ប៉ុន្តែរឿងគុណធម៌គឺជារឿងមួយ រីឯច្បាប់វិញតែខុសគឺដឹងតែត្រូវមានពិរុទ្ធភាពហើយ ។
ជាការពិតគុណធម៌គឺជាគោលការណ៍សីលធម៌ដែលកំណត់ថា អ្វីជាល្អ អ្វីជាអាក្រក់ អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ហើយ វារមែងកើតចេញពីមនសិកា វប្បធម៌ សាសនា និងតម្លៃរបស់សង្គមនីមួយៗ ដោយឡែកសម្រាប់ច្បាប់ វិញគឺជាបទប្បញ្ញត្តិដែលរដ្ឋបង្កើតឡើង ដើម្បីគ្រប់គ្រងសង្គមនិងសមាជិកសង្គម ហើយមានអាជ្ញាធរអនុវត្ត និងដាក់ទណ្ឌកម្មចំពោះអ្នកល្មើស។
ករណីនេះកំពុងតែផ្ទុះការវិភាគក្រោយពេលដែលមន្រ្តីនគរបាលយុត្តិធម៌នៃផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់ខ្លួនឈ្មោះ ឃឿន សុឡា ហៅ K០១ ពាក់ព័ន្ធការប្រើប្រាស់ហិង្សាទៅលើយុវជនម្នាក់ ។
តាមការប្រកាសរបស់ស្នងការរាជធានីភ្នំពេញ K០១ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦បានចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន ពាក់ព័ន្ធការប្រើប្រាស់ហិង្សាទៅលើយុវជនម្នាក់ មិនស្តាប់បង្គាប់ខ្លួន ឲ្យលុតជង្គង់សុំទោសម្តាយបង្កើតរបស់យុវជននោះ ដែលរឹងរុសមិនស្តាប់បង្គាប់ម្តាយ ដោយម្តាយចង់ឲ្យយុវជននេះមកស្នាក់នៅធ្វើការងារនៅកន្លែងរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។
ផ្អែកតាមអង្គហេតុនៃករណីនេះ ហាក់មិនមានដើមចោទទេ ប៉ុន្តែអាជ្ញាធរជាអ្នកចោទ ហើយករណីដែល k01 បានប្រពឹត្ត វាអាចជាគុណធម៌ពីព្រោះលោក k01 មើលទៅមានបំណងចង់ឲ្យយុវជនដែលរងហិង្សានោះគោរពម្តាយ ។ តាមគុណធម៌ការអោយកូនសំពះថ្វាយបង្គំ ឫគោរពឪពុកម្តាយគឺជារឿងត្រឹមត្រូវ ហើយគឺជារឿងដែលកូនប្រុសស្រីត្រូវតែធ្វើ ដូចនេះអាចថា k 01 គាត់មានគុណធម៌ចង់ឲ្យកូនដឹងគុណ ឪពុកម្តាយ ប៉ុន្តែអ្វីដែលខុសនឹងចម្រូងចម្រាស់គឺលោកប្រើមធ្យោយខុសដើម្បីឲ្យយុវជននោះទទួលស្គាល់គុណធម៌នេះ ។
ការដែល k01 ប្រើហិង្សា ទះតប់ និង បង្ខំដោយប្រើកម្លាំងទៅលើយុវជននោះឲ្យគោរពម្តាយគឺវារំលោភលើច្បាប់ និង សិទ្ធិមនុស្ស ដូច្នេះហើយករណីនេះមិនស៊ីសងគ្នាបានទេ ។គុណធម៌គឺជារឿងមួយ យើងយើងមិនអាចប្រើប្រាស់ហិង្សាទៅឲ្យគេធ្វើគុណធម៌បានឡើយ ។
ជារួមទៅ ករណីនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គោលបំណងល្អ មិនអាចប្រើជាហេតុផលដើម្បីបង្ហាញភាពត្រឹមត្រូវនៃមធ្យោបាយខុសច្បាប់បានឡើយ។ ការលើកកម្ពស់គុណធម៌ ដូចជាការលើកទឹកចិត្តឱ្យកូនគោរព និងដឹងគុណឪពុកម្តាយ គឺជាតម្លៃដ៏ល្អដែលសង្គមខ្មែរតែងតែប្រកាន់ខ្ជាប់ ប៉ុន្តែ គុណធម៌គួរតែត្រូវបានបណ្តុះបណ្តាលតាមរយៈការអប់រំ ការពន្យល់ និងការបញ្ចុះបញ្ចូល មិនមែនតាមរយៈការប្រើអំពើហិង្សា ការបង្ខិតបង្ខំ ឬការរំលោភសិទ្ធិបុគ្គលនោះទេ។ នៅក្នុងសង្គមនីតិរដ្ឋ គ្មាននរណាម្នាក់មានសិទ្ធិយកច្បាប់មកអនុវត្តដោយខ្លួនឯង ឬប្រើកម្លាំងបង្ខំអ្នកដទៃឱ្យធ្វើអ្វីដែលខ្លួនយល់ថាត្រឹមត្រូវឡើយ។ ទោះបីជាគោលបំណងមានចេតនាល្អក៏ដោយ បើមធ្យោបាយដែលប្រើប្រាស់រំលោភច្បាប់ និងសិទ្ធិរបស់អ្នកដទៃ នោះអ្នកប្រព្រឹត្តនៅតែត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។