គិតម៉េចវិញកម្មវិធីផ្តល់រង្វាន់របស់ក្រុមហ៊ុនស្រាបៀរមួយចំនួន ?
ការឃោសនាពីមុនៗវាសាហាវ ទៅហើយ ប៉ុន្តែការឃោសនានិងធ្វើយុទ្ធនាការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរមួយចំនួននៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅវារិតតែសាហាវទៅទៀត ។
នៅលើបណ្តាញសង្គមប្រមាណជា១សប្តាហ៍ចុងក្រោយនេះ ហាក់ចាប់អារម្មណ៍ច្រើនគួរសម ហើយក៏មានការចែករំលែកជាបន្តបន្ទាប់ដោយខ្លះរិះគន់ ខ្លះចំអក ខ្លះសើចបង្កប់ន័យពិចារណា ពីព្រោះថា អ្វីដែលក្រុម ហ៊ុននោះធ្វើទីផ្សារគឺពិតជាបច្ច័យមួយដែលកំពុងតែជំរុញឲ្យពលរដ្ឋកាន់តែងប់ងល់នឹងគ្រឿងស្រវឹង ខណៈដែលពេលបច្ចុប្បន្ននេះកម្ពុជាត្រូវបានគេដឹងថា ជាប្រជាជាតិមួយ ដែលមានអត្រាពលរដ្ឋទទួលទានគ្រឿង ស្រវឹងច្រើនបំផុត ។
ប្រយោគដែលកំពុងតែចែករំលែកនោះ គឺ “ ជិះម៉ូតូវេសស្បា ពាក់នាឡិការ៉ូឡិច មានប្រាក់ខែ៣០០$ក្នុង១ខែ រយៈពេល៣ឆ្នាំ រកឯណាបាន?” ដែលជាសារផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតស្រាបៀរ មួយ ដោយប្រកាសផ្តល់រង្វាន់ដល់អតិថិជនរបស់ខ្លួន នៅក្នុង១ខែ៣០០ ដុល្លារ នៅក្នុងរយៈពេល ៣ ឆ្នាំ ។
ក្រោយពេលប្រកាសក្រុមហ៊ុននេះក៏បានចែកចាយនូវព័ត៌មានអំពីអ្នកដែលត្រូវរង្វាន់នេះ ហើយបានប្រកាស ឲ្យពលរដ្ឋបន្តប្រើប្រាស់ស្រាបៀរខ្លួនបន្តទៀត ពីព្រោះរង្វាន់នៅមានបន្ត ។
ក្រៅពីនោះក៏មានសារខ្លះបង្ហើបថា ក្រុមហ៊ុនស្រាបៀរផ្សេងមួយទៀត គ្រោងនឹងប្រកាសចេញនូវរង្វាន់ ដល់ទៅ ១០០០ ដុល្លារ នៅក្នុងមួយខែ នៅក្នុងរយៈពេលដល់ទៅ ៥ឆ្នាំឯណោះ ។
ក្រោយពេលដែលមានការផ្សព្វផ្សាយថា ផឹកបានរង្វាន់បានលុយប្រចាំខែនៅក្នុងរយៈពេលយូរបែបនេះ វាបានធ្វើឲ្យពលរដ្ឋមួយចំនួនកាន់តែជ្រើមហើយនាំគ្នាផឹកជាបន្តបន្ទាប់ដោយសង្ឃឹមថា នឹងអាចទទួល បានរង្វាន់ ។
ពីមុននៅពេលដែលល្បីថា បានរង្វាន់ឡាន និង ម៉ូតូ ពលរដ្ឋជាច្រើនបានពិតផឹកស្រាបៀរឡើងផ្អើលភូមិ ដោយសារតែគេល្បីថា ក្រុមហ៊ុនស្រាបៀរទាំងនោះចែកឡាន ចែកម៉ូតូ ដល់ទៅលេងចែកលុយដាក់ខែ រាប់ឆ្នាំទៀតបែបនេះ គឺពិតជាផឹកទាល់តែលិចថ្លើម ។
ពាក់ព័ន្ធនឹងផែនការទីផ្សារដែលលើកកទឹកចិត្តឲ្យពលរដ្ខទទួលទានគ្រឿងស្រវឹងធ្ងន់ៗបែបនេះ ពិតជាយុទ្ធសាស្រ្តដ៏សហាវ ហើយក៏ជាបច្ច័យមួយ ដែលហាក់ផ្ទុយនឹងយុទ្ធនាការដែលរាជរដ្ឋាភិបាលកំពុងតែ ព្យាយាមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ។
ម្យ៉ាងវិញទៀត តាមអ្វីដែលយើងចាំដូចជានៅក្នុងរង្វង់ខែមករាឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មាន បានចេញលិខិតមួយឲ្យ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ត្រូវលុបបំបាត់រាល់ភាពអសកម្មដែលអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។ ចុះការឃោសនា ខាងលើ វាម៉េចទៅវិញ ?
សរុបសេចក្តីទៅ នេះគ្រាន់តែជាចំងល់ទេ ហើយក៏សង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ពីគ្រោះថ្នាក់ចំពោះសុខភាពបណ្តាលមកពីគ្រឿងស្រវឹង ។ គ្រឿងស្រវឹងជាជាប្រភពនៃសារធាតុដែលនាំឲ្យមានភាពក្លៀវក្លារ ប៉ុន្តែវាគឺជាប្រភពនៃអំពើហិង្សា ការបៀតបៀនផ្លូវភេទ និង បញ្ហាសង្គមផ្សេងៗ ហើយប្រកាសសំខាន់ទៅទៀតនោះ គឺគ្រោះថ្នាក់ចរាចរណ៍ និង អំពើអសកម្មនានា៕