ខ្មែរកំពុងតែអាចធ្វើបាន! សូមបន្តគាំទ្រផលិតផលនៅក្នុងស្រុកបន្ថែមទៀត

ក្រោយពេលដែលច្រកព្រំដែនត្រូវបានបិទ ហើយកម្ពុជាបន្តរងការប្រមាថពីអ្នកជាតិនិយមជ្រុលនិងរើសអើងពីសំណាក់ពលរដ្ឋនិងអ្នកនយោបាយរួមទាំងអ្នកដឹកនាំខ្លះមកដល់ពេលនេះពលរដ្ឋខ្មែរមួយចំនួនបានកំពុងតែឈានទៅរកភាពជាម្ចាស់ការលើ ផលិតផលនៅក្នុងស្រុកជាច្រើន។
ជាការពិតចាប់តាំងពីបញ្ហាអរិភាពព្រំដែនជាមួយនឹងប្រទេសថៃបានផ្ទុះចេញរហូតដល់មានការប៉ះទង្គិចនៅព្រំដែន៥ថ្ងៃមកនោះ ផលិតផលថៃមួយចំនួនត្រូវបានជំនួសដោយផលិតផលមកពីប្រទេសផ្សេងមានចិន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ីជាដើម ប៉ុន្តែទន្ទឹមនឹងនោះក៏មានលេចរូបរាងឡើងនូវផលិតផលខ្មែរ ដែលផលិតនិងកៃច្នៃឡើងដោយប្រជាពលរដ្ឋខ្មែរផ្ទាល់ជាច្រើនផងដែរ។
មកដល់ពេលនេះផលិតផលខ្មែរទាំងនោះបានកំពុងតែហក់ចូលទីផ្សារ ជាច្រើន ហើយផលិតផលទាំងនោះគឺមានទាំងពពួកអាហារកែច្នៃ ទឹកជ្រលក់ រសជាតិផ្សេងៗ រហូតដល់ពពួកអាហាររហ័សមួយចំនួនធំផងដែរ។ ក្រៅពីនោះលើផ្នែកផលិតកម្មសាប៊ូអីនោះ ក៏កម្ពុជាមានក្រុមហ៊ុនផលិតនៅក្នុងស្រុក ដែលអាចមានក្លិននិងគុណភាពមិនអន់ឡើយ។
នៅពេលពេលនេះ ទោះបីជាបរិមាណផលិតកម្មវានៅដំណាក់កាលចាប់ផ្តើម ប៉ុន្តែប្រសិនបើយើងជាពលរដ្ឋទាំងអស់គ្នាបន្តគាំទ្រនិងលើកទឹកចិត្តផលិតផលនៅក្នុងស្រុក យើងរំពឹងថា យើងអាចនឹងធានាភាពជាម្ចាស់ការនៅក្នុងការទ្រទ្រង់នៅក្នុងស្រុក ហើយបើគុណភាពយើងកាន់តែពង្រឹងបន្ថែមទៀតនោះ យើងក៏អាច នឹងនាំចេញដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិនិងតំបន់ផងដែរ។
អ្វីៗគឺចេញមកពីយើងទាំងអស់គ្នា ដូច្នេះចាប់ពីពេលនេះតទៅយើងទាំងអស់គ្នាគួរតែនាំគ្នាគាំទ្រផលិតផលដែលយើងផលិតបាននៅក្នុងស្រុក។ កាលណាផលិតផលយើងផលិតបានអ្នកផលិតទទួលបានការគាំទ្រពួកគេក៏មានទុនមានកម្លាំងចិត្ត និងមានឆន្ទះចេះតែបន្តពង្រីកផលិតកម្មនិងឈានទៅពង្រឹងគុណភាពជាបន្តបន្ទាប់។
សូមលើកកំពស់និងគាំទ្រផលិតផលដែលយើងផលិតបានឲ្យបានគ្រប់ៗគ្នា ហើយនៅក្នុងផ្នត់គំនិតរបស់យើងគួរតែគាំទ្រផលិតផលនៅក្នុងស្រុករបស់យើងឲ្យបានកាន់តែច្រើន។ ឥឡូវនេះយើងនៅក្នុងដំណាក់ការចាប់ផ្តើម ប៉ុន្តែប្រសិនបើគ្មានចំណុចចាប់ផ្តើមវាក៏គ្មានចំណុចផ្សេងទៀតដែរ។ ដូច្នេះដើម្បីកុំអោយផលិតផលនៅក្នុងស្រុកយើងអាចមានត្រឹមតែចំណុចចាប់ផ្តើមគឺត្រូវពឹងលើយើងទាំងអស់គ្នាជាពលរដ្ឋគឺត្រូវតែគាំទ្រ ត្រូវតែចូលរួមផ្សព្វផ្សាយនិងលើកកំពស់ផលិតផលនៅក្នុងស្រុករបស់យើង។
ដោយឡែកផលិតករទៀតសោតត្រូវមានសីលធម៌ ស្មោះត្រង់ កុំកិបកុំកេងកុំបន្លំគុណភាព ហើយជាពិសេសគឺកុំបន្លែបន្លំនាំយកផលិតផលពីគេមកច្រកមកជ្រៀតហើយថា ជារបស់ផលិតនៅក្នុងស្រុកនាំឲ្យគេបន្តមើលស្រាលយើងបន្តទៅមុខទៀត។ ផលិតករយើងត្រូវហ៊ានទទួលស្គាល់ការពារ និង តស៊ូជំនះការលំបាកជាមួយគ្នា ដើម្បីជាតិ ប្រជាពលរដ្ឋ និង យើងទាំងអស់គ្នា។
សរុបមកវិញយើងទាំងអស់គ្នាត្រូវតែប្រកាន់ខ្ជាប់ខ្ជួននូវទស្សនៈដែលថា “ ខ្មែរធ្វើបាន “។ កាលណាយើងធ្វើបាន “ខ្មែរក៏គួរតែគាំទ្រផលិតផលរបស់ខ្មែរ “ ខ្មែរត្រូវជ្រោមជ្រែងផលិតផលដែលផលិតនិងកែច្នៃដោយស្នាដៃកូនខ្មែរ៕
Daily Program
