ខេត្តសៀមរាប និងអ្នកដែលពាក់ព័ន្ធមានកិច្ចការច្រើនត្រូវធ្វើ
តាមស្មារតីសម្រេចនៅក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ដោយសម្តេចធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាបមានកិច្ចការជាច្រើនដែលត្រូវធ្វើបើសិនជាចង់អោយភ្ញៀវទេសចរបរទេសវិលមកវិញ។
តាមសេចក្តីសម្រេចនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញអោយក្រសួងទេសចរណ៍ និង អ្នកដែលពាក់ព័ន្ធបានផ្តួចផ្តើមដាក់ចេញនូវកម្មវិធីពិសេសមួយ ដែលហៅថា «ទស្សនាសៀមរាបឆ្នាំ២០២៤»។
តាមវិធានការណ៍នេះ សម្តេចធិបតីបានបញ្ជាឲ្យក្រសួងទេសចរណ៍ឲ្យរៀបចំឡើងវិញ និងដាក់ឲ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នរដ្ឋនិងវិស័យឯកជនឲ្យបានឆាប់ ដោយសង្ឃឹមថា ក្រុមប្រឹក្សានេះ នឹងអាចដោះស្រាយបាននូវបញ្ហាប្រឈម ដែលវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ ការរៀបចំ និង ការដាក់ចេញផែនការឫយុទ្ធសាស្រ្ត អភិវឌ្ឍន៍ វិស័យទេសចរណ៍ ។
សម្តេចធិបតីបានដាក់បទបញ្ជាឲ្យក្រសួងទេសចរណ៍ និង ក្រុមប្រឹក្សានេះរៀបចំ និង ដាក់ចេញនូវផែនការសកម្មភាព ជាក់លាក់ដើម្បីអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ឲ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣។
តាមយន្តការនេះ រាជរដ្ឋាភិបាលមានគោលបំណងជំរុញនិងការទាក់ទាញភ្ញៀវទេសចរបរទេសវិលមកកម្ពុជាវិញអោយបានលើសពី ២ លាននាក់ ដូចដែលខេត្តសៀមរាបសម្រេចបាន កាលពីឆ្នាំ២០១៩ ពោលគឺ ក្រោយពេលដែលកម្ពុជានិង ពិភពលោករងគ្រោះនិងការរីក រាលដាលនៃមេរោគកូវីដ ១៩ ។
មកដល់ខែ តុលា ឆ្នាំ២០២៣ នេះ កំណើនទេសចរបរទេសចូលមកកំសាន្តនៅសៀមរាប ត្រូវបានគ្រឹះស្ថានអង្គរអះអាងថា មានចំនួន ៦០២.៥៧០ នាក់ ជាមួយនឹងចំណូល ប្រមាណជា ជិត២៨ លានដុល្លារ។ ចំនួននេះពិតជាមានកំណើន ពោលគឺដល់ទៅ ជាង ៣១២ ភាគរយឯណោះ ធៀបនឹងឆ្នាំ២០០២២ ប៉ុន្តែចំនួន នេះនៅតិចខ្លាំងណាស់ ធៀបនឹងពេលមុនវិបត្តិកូវីដ ១៩ ដោយនៅក្នុងឆ្នាំ២០១៩ កម្ពុជាទាក់ទាញភ្ញៀវទេសចរមកលេងអង្គរដល់ទៅ ជាង ២ លាននាក់ ជាមួយនឹងចំណូលជាង ៩៩ លានដុល្លារ ។
ផ្អែកតាមស្ថិតិនេះ កិច្ចការស្រូបនិងទាក់ទាញភ្ញៀវទេសចរបរទេសអោយវិលត្រឡប់មកខេត្ត សៀមរាបវិញបានគឺវានៅឆ្ងាយពីគោលដៅខ្លាំងដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំនិងប្តេជ្ញាចិត្តធ្វើការរួមគ្នាពីផ្នែកដែលពាក់ព័ន្ធដើម្បីសម្រេចកិច្ចការទាំងអស់នោះ៕